en     km
en     km

ម្ចាស់អាជីវកម្មមួយចំនួនបង្ហាញគំរូល្អដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសហគ្រាស

Share

 

បញ្ហាប្រឈមនៃការបំពុលបរិស្ថានដោយសារសំណល់ប្លាស្ទិក នៅតែជាក្តីកង្វល់សម្រាប់សាធារណជន ដែលក្នុងនោះអ្នកពាក់ព័ន្ធព្យាយាមរកយន្តការទប់ស្កាត់ កាត់បន្ថយ និងដោះស្រាយបញ្ហាទាក់ទិននឹងការប្រើប្រាស់ប្លាស្ទិក។ ថ្វីបើសំណល់​ប្លាស្ទិកមិនអាចបញ្ឈប់បានក្នុងពេលដ៏ខ្លីក៏ពិតមែន តែម្ចាស់អាជីវកម្មមួយចំនួនបានរួមចំណែកតាមលទ្ធភាព និងតាមគំនិតច្នៃប្រឌិតរៀងៗខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសហគ្រាស និងនៅតាមភោជនីយដ្ឋាននានា។

(កញ្ញា កែវ សុជាតា​​ រាយការណ៍)

 

អ្នកស្រី លាន ច័ន្ទលាមី ម្ចាស់ហាងបាយស្ទឹកចេក បានលើកឡើងនៅក្នុងកិច្ចពិភាក្សារវាងអ្នកពាក់ព័ន្ធដែលធ្វើការលើបញ្ហាបរិស្ថានកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ការចូលរួមការពារបរិស្ថាន គឺផ្តើមចេញពីយើងម្នាក់ៗ។ អ្នកស្រីថា បើទោះបីអាជីវកម្មទាក់ទងនឹងចំណីអាហាររបស់អ្នកស្រីមានទំហំតូចក្តី​ តែអ្នកស្រីតែងតែគិតគូរពីបញ្ហាបរិស្ថានជាចម្បង។ ក្នុងនោះ អ្នកស្រីបានងាកមកប្រើប្រាស់ប្រអប់ក្រដាសសម្រាប់ដាក់ម្ហូបអាហារជំនួសឱ្យការដាក់ម្ហូបនៅក្នុងប្រអប់ជ័រ ឬប្រអប់ប្លាស្ទិក ខណៈពេលដែលអាជីវករដទៃពុំទាន់ចាប់អារម្មណ៍ទៅលើការលក់ម្ហូបដោយប្រើការវេចខ្ចប់ផលិតពីវត្ថុធាតុដើមដែលមិនប៉ះពាល់សុខភាពនៅឡើយ។

រូបភាព​៖ បាយស្លឹកចេក

 

ម្ចាស់ហាងបាយស្លឹកចេករូ​បនេះ បញ្ជាក់ទៀតថា អ្នកស្រីបន្តកែច្នៃសម្ភារៈវេចខ្ចប់ពីការប្រើប្រាស់ស្លាបព្រាជ័រដែលផលិតឡើងដោយសារធាតុ​ប្លាស្ទិក ទៅជាការប្រើប្រាស់ស្លាបព្រាកែច្នៃពីម្សៅពោតវិញ ពិសេសអាជីវកម្មរបស់អ្នកស្រីក៏ចូលរួមប្រើប្រាស់ថង់ eco-friendly ឬថង់មិនប៉ះពាល់បរិស្ថានផងដែរ។

អ្នកស្រី លាន ច័ន្ទលាមី៖«ខ្ញុំចាប់ផ្តើមពីការលក់ប្រអប់ក្រដាស ហើយជំនាន់នោះប្រអប់ក្រដាសអត់ងាយស្រួលទិញទេ ដោយសារអត់សូវសម្បូរដូចឥឡូវទេ។ ខ្ញុំទៅទិញនៅផ្សារ ទិញម្តងបានមួយដុំ ព្រោះដោយសារអត់លុយ។ មួយដុំដូចជា ៥ ទៅ ៧ដុល្លារ ខ្ញុំអត់ចាំ។ ទិញម្តងមួយដុំយកមកលក់បាន១០ថ្ងៃអីហ្នឹងទម្រាំតែលក់អស់។ កាលនោះយើងចាប់ផ្តើមពីលក់​ប្រអប់ក្រដាស  សួរថាហេតុអីបានខ្ញុំលក់ប្រអប់ក្រដាសទាំងខ្លួនឯងអត់លុយផង ហើយជំនាន់នោះក៏អត់មាននរណាគេលក់ដែរ។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំចង់ធ្វើអាជីវកម្មមួយទោះបីតូចកម្រិតណាក៏ដោយ គឺខ្ញុំចង់ចាប់ផ្តើមពីខ្លួនឯង។ អ៊‌ីចឹងខ្ញុំចាប់ផ្តើមលក់ប្រអប់ក្រដាសពីជំនាន់នោះ​ម​ក ហើយយូរណាស់ល្មមតែអស់មួយដុំហ្នឹង។ ហើយទៅរកទិញបានមួយដុំទៀត ជួនផ្សារទំនើបមួយទាំងមូល​ហា៎បងប្អូន ជំនាន់នោះទៅទិញជួនដាច់ស្តុក អត់មានទេ ពីព្រោះតម្រូវការអត់មានអ្នកប្រើប្រាស់ច្រើន អ៊‌ីចឹងយើងពិបាកមែនទែនក្នុងការទិញចុះទិញឡើង។»។

រូបភាព៖ YRDP

 

នៅក្នុងកិច្ចពិភាក្សាដែលធ្វើឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)នេះ អ្នកស្រី លាន ច័ន្ទលាមី អះអាងថា បច្ចុប្បន្នអ្នកស្រីកំពុងជួបឧបសគ្គមួយចំនួនផងដែរ ដោយផលិតផលប្លាស្ទិកខ្លះពិបាករកផលិតផលដែលមិនប៉ះពាល់សុខភាពមកជំនួសណាស់។ តែយ៉ាងណា អ្នកស្រីបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ពិសេសសហគ្រាសដែលគិតគូរទៅដល់បរិស្ថាន បន្តស្វែងរកវត្ថុធាតុដើមនិងធ្វើយ៉ាងណាកែច្នៃរបស់របរប្រើប្រាស់ចេញពីផលិតដែលមិនប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់។ ទន្ទឹមគ្នានេះដែរ ម្ចាស់ហាងបាយស្លឹកចេករូ​បនេះ ជឿជាក់ថា​ ម្ចាស់អាជីវករនិងរោងចក្រនានាបន្តចូលរួមសហការគ្នាអភិវឌ្ឍប្រទេសជាតិ ដើម្បីនាំគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងស្រុក។

រូបភាព​៖ បាយស្លឹកចេក

 

មិនខុសពីអ្នកស្រី លាន ច័ន្ទលាមី និងលោក តាំង សុជាតិ ប្រធានក្រុមហ៊ុន MG Pacific Company Limited បានផ្តួចផ្តើមបង្កើតគម្រោងមួយដែលជួយកាត់បន្ថយការផលិត ក៏ដូចជាការប្រើប្រាស់សំណល់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសរបស់ខ្លួន។ លោកថា គម្រោងនេះមានឈ្មោះថា «ផ្តើមចេញពីអ្នក» ធ្វើឡើងដើម្បីកែច្នៃការវេចខ្ចប់ក្រដាសអនាម័យ ដែលប្តូរពីការវេចខ្ចប់ថង់ប្លាស្ទិក​មកប្រើប្រអប់ជ័រទុកដាក់ក្រដាសជំនួសវិញ។ ការកែប្រែការវេចខ្ចប់នេះ មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះទេ ថែមទាំងបញ្ជ្រៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញផងដែរ។

រូបភាព៖ WMC/Socheata

 

 លោក តាំង សុជាតិ៖«ធុងបរិស្ថាននេះគឺវាជួយទាំងអស់គ្នា ស្របពេលដែលសេដ្ឋកិច្ចយើងមិនសូវជាល្អ ពេលដែលគាត់ងាកមកប្រើធុងសេដ្ឋកិច្ចនេះ យើងបញ្ចុះតម្លៃជូនគាត់ប្តូរពីការប្រើកេសនិងខ្ចប់ អ៊‌ីចឹងយើងចំណេញទាំងអស់គ្នា ទាំងអ្នកប្រើ ទាំងក្រុមហ៊ុន ហើយទាំងសង្គមជាតិទាំងមូលដែរ​ ដែលជួយការពារបរិស្ថាននេះ។ ហើយព្រោះអីយើងឃើញហើយប្រជាជនពិភពលោកយើងបច្ចុប្បន្ន គឺប្រើធនធានដែលផែនដីបង្កើតឱ្យបានមកលើស ដោយសារការប្រើមួយដងហើយបោះចោល។»។

លោក តាំង សុជាតិ ប្រធានក្រុមហ៊ុន MG Pacific Company Limited។ រូបភាព៖ WMC/Socheata

 

ដោយឡែក លោក ខឹម ណូរ៉ា ប្រធានការិយាល័យគ្រប់គ្រងសំណល់រឹងនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ឱ្យដឹងថា កត្តាកំណើននៃសំណល់សំរាម គឺកើតចេញពីកំណើនមនុស្ស និងកត្តាកំណើនសេដ្ឋកិច្ច។ ដើម្បីបំពេញតម្រូវការរបស់មនុស្សទើបធ្វើឱ្យវត្តមានរបស់សំរាមកើនឡើងឥតឈប់ឈរ ក៏​ប៉ុន្តែនេះមិនមែនជាហេតុផលដើម្បីគេចវេសនោះឡើយ។ លោកផ្តល់អនុសាសន៍ឱ្យពលរដ្ឋទាំងអស់គប្បីយល់ដឹងពីការបែកចែកសំរាមទៅតាមប្រភេទនីមួយៗ។

 

លោក ខឹម ណូរ៉ា៖«អ៊‌ីចឹងធ្វើម៉េចចំពោះសំរាមដែលយើងបង្កើតកុំឱ្យចោលទៅក្នុងបរិស្ថាន អត់មាននិន្ទាការណាដែលទប់ស្កាត់កុំបង្កើតសំរាម គឺអត់មានទេ។ មនុស្សត្រូវការការហូបចុកប្រចាំថ្ងៃ មនុស្សត្រូវការប្រើប្រាស់របស់របរសម្ភារៈ។ អ៊‌ីចឹងក្រោយពីបំពេញនូវតម្រូវការរបស់មនុស្ស ម​នុស្សបោះចោលសំរាមនោះហើយដែលធ្វើឱ្យបង្កើតសំរាម។ ប៉ុន្តែត្រូវធ្វើម៉េច? អ៊‌ីចឹងយើងងាកមកមើលថា អ្វីដែលយើងអាចញែកបាន និយាយឱ្យសាមញ្ញចុះ សួរថា «លោហៈធាតុ»អេតចាយទិញអត់? ទិញ! «ក្រដាស» អេតចាយទិញទេ? ទិញ! ចុះ «ប្លាស្ទិក» អេតចាយទិញទេ? ទិញ! ចុះអ្វីដែលអេតចាយអត់ទិញ? គឺជាសំណល់សរីរាង្គ ជាកាកបាយ ជាបន្លែ ជាត្រីសាច់។»។

លោក ខឹម ណូរ៉ា ប្រធានការិយាល័យគ្រប់គ្រងសំណល់រឹងនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅខាងស្តាំដៃ។ រូបភាព​៖ YRDP

 

សូមជម្រាបថា ប្លាស្ទិកដែលប្រើតែម្តងរួចបោះចោលមានច្រើនប្រភេទ ដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។ ការប្រើប្រាស់យ៉ាងទំលំទូលាយបែបនេះ គឺដោយ​សារ​តែភាពងាយស្រួយរកបាន មានតម្លៃថោក និងភាពជាប់បានយូររបស់វា ក៏ប៉ុន្តែប្លាស្ទិកទំាងនេះបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ២០១៩។ ជាមធ្យមមនុស្សម្នាក់ផលិតកាកសំណល់ចន្លោះពី ០.៨ ទៅ ១.៥គីឡូក្រាមក្នុងមួយថ្ងៃ។ សម្រាប់រាជធានីភ្នំពេញនៅក្នុងទីប្រជុំជនក្រុង-ស្រុក មានចន្លោះពី០.៦ ទៅ០.៨គីឡូក្រាមក្នុងមួយថ្ងៃ និងក្នុងទីប្រជុំជនផ្សេងទៀតពី ០.៣ ទៅ០.៥គីឡូក្រាមក្នុ្ងងមួយថ្ងៃ៕

Share

ព័ត៌មានទាក់ទង