loader

កាណាដាតែងតាំងស្ត្រីជនជាតិដើមម្នាក់ជាលើកដំបូងឱ្យធ្វើអគ្គទេសាភិបាល

វាជាជំហាន«ប្រវត្តិសាស្ត្រ»មួយ ដែលលោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា តែងតាំងស្ត្រីជនជាតិដើមម្នាក់ ឱ្យធ្វើអគ្គទេសាភិបាល។ នេះជាសេចក្ដីរាយការណ៍ពីទីក្រុង តូរ៉ុនតូ នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ដោយសារព័ត៌មាន ឌិ ហ្គាឌៀន។

តាមប្រភពនេះ លោកស្រី ម៉ារី ស៊ីម៉ន (Mary Simon) ទទួលយកតំណែងជាព្រះរាជតំណាងព្រះមហាក្សត្រិយានី អេលីហ្សាប៊េត ក្នុងប្រទេសកាណាដា ចំពេលដែលមានទំនាក់ទំនងតានតឹងរវាងរដ្ឋាភិបាលកាណាណានិងបណ្ដាសហគមន៍ប្រជាជាតិម្ចាស់ស្រុក បន្ទាប់ពីការរកឃើញផ្នូរអនាមិកជាច្រើន។

ឌិ ហ្គាឌៀន បានបន្តថា លោក ទ្រូដូ បានប្រកាសតែងតាំងលោកស្រី ស៊ីម៉ន នៅថ្ងៃអង្គារ ដោយហៅព្រឹត្តិការណ៍នោះថាជំហាន«ប្រវត្តិសាស្ត្រ» បន្ទាប់ពីអគ្គទេសាភិបាលមុនបានសុំលាលែងពីតំណែងដោយសារមានការចោទប្រកាន់ពីរឿងចូលចិត្តប្រើអំណាចកៀបសង្កត់។

«កាណាដាគឺជាទឹកដីកំណត់ដោយប្រជាជន។ ប្រជាជនដែលបម្រើអ្នកនៅជុំវិញពួកគេ ដែលជម្នះឧបសគ្គធំៗ ដោយក្ដីសង្ឃឹមនិងការតាំងចិត្ត និងដែល លើសពីអ្វីៗទាំងអស់ ធ្វើការឥតឈប់ឈរដើម្បីកសាងអនាគតកាន់តែភ្លឺស្វាង។» ឌិ ហ្គាឌៀន បានស្រង់សម្ដីនាយករដ្ឋមន្ត្រីមកផ្សាយដូច្នេះ ហើយបានស្រង់ផ្សាយបន្តថា«បើនិយាយម្យ៉ាងទៀត ប្រជាជនចូលចិត្ត ម៉ារី ស៊ីម៉ន»។

លោកស្រី ស៊ីម៉ន ដែលកើតក្នុងភូមិមួយនៅតំបន់ នូវ៉ាវីក នៃខេត្តកេបិក គឺជាអ្នកលើកស្ទួយសិទ្ធិជនជាតិ អ៊ីន្នីត តាំងពីយូរមកហើយ។ ឌិ ហ្គាឌៀន រាយការណ៍លម្អិតឱ្យដឹងដូច្នេះ ដោយបន្ថែមថា លោកស្រីជាអតីតប្រធានអង្គការលើកស្ទួយជនជាតិអ៊ីន្នីតក្នុងប្រទេសកាណាដា។ លោកស្រីក៏ធ្លាប់ជាអតីតឯកអគ្គរដ្ឋទូតកាណាដាដំបូងគេ ដែលមានដើមកំណើតជាជនជាតិដើម ប្រចាំនៅប្រទេសដាណឺម៉ាក។

«ខ្ញុំមានកិត្តិយស សុខចិត្តបម្រើ និងត្រៀមខ្លួនធ្វើជាអគ្គទេសាភិបាលជនជាតិដើមទី ១ នៃប្រទេសកាណាដា។» នេះជាប្រសាសន៍របស់លោកស្រី ស៊ីម៉ន ស្រង់ផ្សាយដោយ ឌិ ហ្គាឌៀន។

ប្រភពដដែលបន្តប្រសាន៍លោកស្រីទៀតថា «ខ្ញុំអាចនិយាយដោយទំនុកចិត្តថា ការតែងតាំងរូបនាងខ្ញុំ គឺជាប្រវត្តិសាស្ត្រនិងជាខណៈមួយប្រកបដោយការលើកទឹកចិត្តសម្រាប់ប្រទេសកាណាដា ព្រមទាំងជាការបោះជំហាននៅលើផ្លូវដ៏វែងឆ្ពោះទៅកាន់ការផ្សះផ្សា»៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បុគ្គលិកនារីនៅសាលាក្រុងកាប៊ុលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ

បុគ្គលិកនារីក្នុងរដ្ឋបាលសាលារដ្ឋធានីកាប៊ុលនៃប[...]

អគ្គលេខាធិការ អសប ព្រមានចិន និង សរអ ឱ្យបញ្ចៀសសង្គ្រាមត្រជាក់ថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទ[...]

លោកស្រីរដ្ឋមន្ត្រីការបរទេសហូឡង់លាតំណែងព្រោះរឿងអាហ្វហ្គានីស្ថាន

លោកស្រីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ ឈ្មោះ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x