ប្រទេសកម្ពុជា ជាប្រទេសដែលអំណោយផលដល់វិស័យកសិកម្ម ដូច្នេះប្រជាពលរដ្ឋប្រមាណជាង ៨០% ពឹងផ្អែកលើវិស័យនេះ។ កសិករខ្មែរប្រកបកសិកម្មជាច្រើនប្រភេទរួមមានដំណាំស្រូវ ពោត សណ្តែក ល្ងោរ និងមានដំណាំជាច្រើនទៀត ដែលប្រជាកសិករបានដាំដុះ។
ថ្មីៗនេះកសិករដែលរស់នៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល មួយភាគធំបានសម្ដែងក្តីព្រួយបារម្មណ៍របស់ខ្លួនជាខ្លាំង ជុំវិញបញ្ហាតម្លៃពោតចុះថ្លៃទាប នៅដើមដៃ នៃការប្រមូលផលពោតនៅដើមឆ្នាំ ២០១៦ នេះ។
ដើម្បីជ្រាបច្បាស់ពីក្តីព្រួយរបស់ពលរដ្ឋនៅស្រុកលើកដែក ខេត្តកណ្តាលយ៉ាងណានោះ សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ ដែលរៀបរៀងដោយ កញ្ញា ប៉ូ សាគុន ដូចតទៅ៖
ជាទូទៅជារៀងរាល់ឆ្នាំ គេសង្កេតឃើញថា តម្លៃពោតនៅដើមដៃនៃការប្រមូលផល គឺមានតម្លៃខ្ពស់ជាង ការប្រមូលផលពោតនៅពាក់កណ្តាល និងចុងដៃ។ ដោយឡែកនៅឆ្នាំ២០១៦ នេះ តម្លៃពោតដើមដៃមានតម្លៃទាប នេះជាហេតុផលដែលធ្វើឱ្យកសិករព្រួយបារម្មណ៍ខ្លាច ពេលដែលការប្រមូលផលនៅពាក់កណ្តាលដៃ និងចុងដៃកាន់តែមានតម្លៃទាបជាងនេះទៅទៀត។
ពលរដ្ឋមួយរូបដែលរស់នៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល លោក យោន រឹន បានឱ្យដឹងថា តម្លៃពោតដើមដៃ នៅដើមឆ្នាំនេះមានតម្លៃ ៦៤០ រៀលក្នុងមួយគីឡូក្រាមពោតសើម។ តម្លៃនេះទាបជាងតម្លៃពោតកាលពីឆ្នាំមុន បើគិតពីយៈពេលដូចគ្នា៖ «ដឹងហើយ វាប្រាំមួយរយសែ ដើមដៃហើយ ឆ្នាំហើយទៅហ្នឹង វាប្រាំពីររយ ទៅប្រាំបីរយ»។
កសិកររូបនេះបន្តថា លោកមានការព្រួយបារម្មណ៍នៅពេលដែល ទិន្នផលពោតបានហើយបែរជាមានតម្លៃទាប ចំណែកផលិតផលនាំចូលមានតម្លៃថ្លៃ។ លោកបន្ថែមទៀតថា បញ្ហាតម្លៃពោតធ្លាក់ថ្លៃទាបនេះ គឺបណ្តាលមកពីឈ្មួញទម្លាក់តម្លៃតាមតែចិត្ត។ ទាក់ទងបញ្ហានេះដែរ លោកបានសំណូមពរដល់រដ្ឋាភិបាល សូមជួយរកទីផ្សារឱ្យកសិករ ដើម្បីឱ្យកសិផលដែលកសិករប្រមូលបាន អាចលក់បានក្នុងតម្លៃខ្ពស់។
«ខ្ញុំធ្វើរាល់ថ្ងៃហ្នឹង ដីតិចទេ ពីរហិចតាជាងទេ ទម្រាំយើងបានប្រមូលផលហ្នឹង អស់ប្រហែលជា ពីរពាន់ [ដុល្លារ] ដែរ។ អារម្មណ៍ខ្ញុំភ័យដែរ ដឹងតែរបស់គេថ្លៃ ពូជក៏ថ្លៃ បានតែមួយមុខទេ ប្រេងរាងបានថោកបន្តិច…»។
កសិករមួយរូបទៀត អ្នកស្រី សិត រៀម បានឱ្យដឹងដែរថា ពោតនៅក្នុងភូមិអ្នកស្រី មានតម្លៃ ៨២០ រៀល ក្នុងមួយគីឡូក្រាម ពោតស្ងួត។ ជុំវិញតម្លៃពោតធ្លាក់ចុះនេះ អ្នកស្រី សិត រាម ក៏បានសម្ដែងក្តីព្រួយបារម្មណ៍ខ្លាំងផងដែរ។
«មួយគីឡូ ប្រាំបីរយម្ភៃ ពោតស្ងួតណាស់ ពោតវាថោកពេកចឹង វាធ្វើទៅខាតណាស់ មិនបានអីមួយគីឡូមួយពាន់ជាងដូចមុនទៅ ដល់ពេលថោកចឹងខាតគ្រប់កន្លែង…»។
ដូចគ្នានេះដែរ ទាក់ទងនឹងការធ្លាក់ថ្លៃពោតនេះ កសិករមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងយ៉ាងដូច្នេះថា៖ «ពោតហ្នឹងមួយកេះ ជាងសែសិបម៉ឺន ហើយដល់បានលទ្ធផលវាថោកចឹង ហើយឥឡូវធ្វើចេះតែខាតចឹង ធ្វើ មានកម្លាំងណាធ្វើទៀត…»។
ចំណែក លោក សុវណ្ណារិទ្ធ ជាកសិករមួយរូបរស់នៅក្នុងស្រុកលើកដែក ក៏មិនខុសពីប្រជាលរដ្ឋដទៃទៀតដែរ។ លោក សុវណ្ណារិទ្ធ លើកឡើងថា តម្លៃពោតថោកនៅដើមដៃនេះ មិនសមាមាត្រទៅនឹងការចំណាយលើពូជ ជី ឬប្រេងសាំងនោះឡើយ៖ «ពេលដែលពោតហ្នឹង! មានការធ្លាក់ថ្លៃ ធ្វើឱ្យខ្ញុំហ្នឹងវា អស់ទឹកចិត្តធ្វើការ…»។
លោក សុវណ្ណារិទ្ធ បន្តថា ពូជពោតដែលដាំគឺនាំចូលមកពីប្រទេសថៃ និងវៀតណាម ហើយពូជទាំងនោះ មានតម្លៃខ្ពស់ទៀតផង។ លើសពីនេះទៀតលោកថា បើតម្លៃពោតដែលកសិករផលិតបាននៅតែមានតម្លៃទាបបែបនេះ លោកអាចនឹងប្រឈមលក់ដី និងចំណាកស្រុកមិនខានឡើយ។ លោកថា តម្លៃពោតនេះ អាចនឹងបន្តធ្លាក់ទាបជាងនេះទៀត បើពុំមានការអន្តរាគមន៍ពីរដ្ឋាភិបាលទេនោះ៖ «ពោតដែលទិញពូជមកដាំហ្នឹង នាំមកពីប្រទេស វៀតណាម ឬក៏ថៃ…»។
អាជីវករទិញពោតនៅស្រុកលើកដែក លោក សូ ឡង បានឱ្យដឹងថា តម្លៃ ពោតដែលធ្លាក់ចុះនេះ គឺមកពីក្រុមហ៊ុនធំដែលប្រមូលទិញពោតមានតែមួយ គឺក្រុមហ៊ុន CP។ លោកថាបច្ចុប្បន្ននេះ ប្រទេសវៀតណាម បានយកពោតមកលក់ឱ្យក្រុមហ៊ុន CPនេះដែរ ដូច្នេះហើយទើបពោតនៅស្រុកខ្មែរ មានតម្លៃថោកនៅដើមដៃខុសពីឆ្នាំមុនៗ៖ «វាពាក់ព័ន្ធជាមួយទីផ្សារ ទីផ្សារវានៅមានកម្រិតចង្អៀត វា មានតែមួយច្រក ក្រុមហ៊ុន CP មួយ ដូចនៅវៀតណាមឥឡូវនាំពោតយកមកលក់នៅស្រុកខ្មែរវិញ…»។
ជុំវិញបញ្ហានេះ មេឃុំព្រែកដាច់ លោក ខ្មៅ រ៉ន បានឱ្យដឹងថា ពលរដ្ឋនៅក្នុងឃុំនេះមានចំនួន ៤ភូមិ សរុប ១៧៩៦ គ្រួសារ ។ ពលរដ្ឋដែលជាកសិករមានចំនួន ៨៥% នៃចំនួនប្រជាពលរដ្ឋសរុបនៅក្នុងឃុំ។ លោកថា បញ្ហាដែលកសិករជួបប្រទះនៅក្នុងឆ្នាំនេះមានច្រើន ហើយទិន្នផលដែលកសិករប្រមូលបានយកទៅលក់ក៏មានតម្លៃទាបដែរ។
លោកបញ្ជាក់ថា ពលរដ្ឋដែលនៅក្នុងឃុំនេះ កំពុងប្រឈមនឹងការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសច្រើន៖ «ការងារបង្ករបង្កើនផលផ្នែកកសិកម្មហ្នឹង មាន៨៥% កសិករហ្នឹង ហើយចំនួនប្រជាពលរដ្ឋនៅក្នុងឃុំនេះមាន ១៧៩៦ គ្រួសារ…»។
លោក ខ្មៅ រ៉ន បន្ថែមថា បើកសិករនៅតែបន្តជួបបញ្ហាច្រើនដូចនេះ ពួកគេអាចប្រឈមនឹងការបោះបង់ចោលរបរកសិកម្ម។ កន្លងមកក្រុមប្រឹក្សាឃុំ បានព្យាយាមរកដំណោះស្រាយជូនពលរដ្ឋ ដោយផ្តល់ជាគំនិតឱ្យពួកគាត់ផ្លាស់ប្តូរដំណាំផងដែរ។
«អញ្ចឹង ប្រមូលផលដែលយើងធ្វើបានហើយ យើងទៅទូទាត់នឹងតម្លៃប្រេង និងតម្លៃជី និងតម្លៃថ្នាំ ជួនកាលប្រជាពលរដ្ឋខាតក៏មាន ជួនកាលបានត្រឹមតែម៉ារួចខ្លួនក៏មាន…»។
កសិផល ដែលកសិករប្រមូលបានមានតម្លៃទាប ដោយសារកត្តា ៣យ៉ាងធំៗ រួមមាន៖ ទី១ កសិករមិនមានកម្លាំងសម្ងួតពោតគ្រប់គ្រាន់ ជាហេតុធ្វើឱ្យពោតជនច្រើន, ទី២ មានការទម្លាក់តម្លៃពីឈ្មួញកណ្តាលជិតខាងក្រៅស្រុក និងទី៣ ការឆ្លៀតឱកាសទម្លាក់ថ្លៃពីឈ្មួញកណ្តាលក្នុងស្រុក។
នេះជាការលើកឡើងរបស់ប្រធានសមាគមស្រាវជ្រាវដើម្បីការអភិវឌ្ឍ និងជាអ្នកវិភាគសេដ្ឋកិច្ច លោក កង ច័ន្ទតារារ័ត្ន ៖ «ពោតចាត់ទុកថាជាដំណាំកសិឧស្សាហកម្ម ដែលយើងអាចយកទៅកែច្នៃបានទៀត ដោយសារកម្លាំងនៃការសម្ងួតរបស់យើងហ្នឹង វាមានកម្រិត ធ្វើឱ្យផលិតផលហ្នឹងវាជន…»។
លោកបន្តថា ដំណោះស្រាយសម្រាប់កសិករ ស្ទើរតែគ្មានសោះ។ កន្លងមកកសិករបានចងក្រងជាសហគមន៍ ឬសមាគមលក់រួមគ្នា តែនេះគ្រាន់តែជាដំណោះស្រាយមួយគ្រាតែប៉ុណ្ណោះ។ លោកថា ដើម្បីឱ្យកសិផលរបស់កសិករដែលប្រមូលបាន អាចលក់បានក្នុងតម្លៃខ្ពស់ ទាល់តែមានការជ្រោមជ្រែងថ្នាក់ជាតិពីរដ្ឋាភិបាល ក្នុងការបោះទុនសម្ងួតឱ្យដល់កសិករ៖ «អ្វីដែលសំខាន់ហ្នឹង គឺឱ្យមានការជ្រោមជ្រែង លក្ខណៈថ្នាក់ជាតិលើកទឹកចិត្តនៅក្នុងការបោះទុន សម្រាប់សម្ងួត…»។
ប្រជាពលរដ្ឋរស់នៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ជំរុញឱ្យរដ្ឋាភិបាលជួយធ្វើយ៉ាងណារកទីផ្សារសម្រាប់កសិផលពោតពួកគាត់ឱ្យលក់ចេញបានតម្លៃខ្ពស់បន្តិច ដើម្បីពង្រឹងជីវភាពគ្រួសារ ចៀសវាងការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស៕