en     km
en     km

ករណីប្រធានមន្ទីរសង្គមកិច្ចសៀមរាបកិបកេងថវិកាជាតិ៖ ACU នៅតែបន្តប្រមូលព័ត៌មាន ដោយមិនបង្ហាញការស្រាវជ្រាវ

Share

 

លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាប បានថ្លែងក្នុងវេទិកាចែកអំណោយឲ្យសិស្សក្រីក្រ (រូបភាពពីហ្វេសប៊ុកក្រសួងសង្គមកិច្ច)។

មកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅតែបន្តតាមដានលើករណីប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាបកិបកេងលុយអំណោយពលរដ្ឋក្រីក្រខ្ទង់ពាន់លានរៀល ខណៈដែលលទ្ធផលយ៉ាងណានោះ គឺអង្គភាព បដិសេធមិនបញ្ចេញការងារប្រមូលព័ត៌មានរបស់ខ្លួនបានឡើយ ក្រោមហេតុផលជានីតិវិធីផ្ទៃក្នុងរបស់អង្គភាព។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ការបន្តប្រមូលព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយលើករណីនេះ គឺដោយសារតែកាលពីពេលថ្មីៗនេះ គេហទំព័របណ្ដាញដែនដីថ្មី (PDT-News) បានផ្សព្វផ្សាយថាប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាប លោក គង់ សំអឿន បានកិបកេងលុយអំណោយសម្រាប់ចែកជូនពលរដ្ឋក្រីក្រខ្ទង់លានរៀល។ គេហទំព័រដដែលទម្លាយទៀតថា ចាប់តាំងពីលោក គង់ សំអឿន ចូលកាន់តំណែងជាង ២ឆ្នាំកន្លងមកនេះ លោកបានកិបកេងថវិកាជាតិតាមរយៈការគប់គិតស៊ីដាច់លុយទិញសម្ភារៈអំណោយសម្រាប់ចែកជូនពលរដ្ឋក្រីក្រ និងជនចាស់ជរា។ បើទោះបីជាកន្លងមកមន្ទីរសង្គមកិច្ចខេត្តសៀមរាប បានចេញលិខិតបដិសេធក្ដី ប៉ុន្តែករណីនេះនៅតែជាចម្ងល់សម្រាប់មហាជន ថាតើប្រធានមន្ទីរលោក គង់ សំអឿន ពិតជាបានកិបកេងលុយជាតិ ដែលត្រូវផ្ដល់ឱ្យពលរដ្ឋក្រីក្រនេះឬយ៉ាងណា?

លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់វិទ្យុស្ដ្រីតាមរយៈប្រព័ន្ធទំនាក់ទំនងតេលេក្រាមនៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ថា មកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ នៅតែបន្តប្រមូលព័ត៌មាន និងតាមដានលើករណីលោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាបកិបកេងលុយអំណោយពលរដ្ឋក្រីក្រ​​ តាមតម្រុយនៃការចុះផ្សាយរបស់សារព័ត៌មានអនឡាញមួយចំនួនកន្លងមក។ ទោះជាយ៉ាងណា លោកថា អង្គភាពប្រឆាំងអំពើពុករលួយ ក៏នៅតែមិនបង្ហាញលទ្ធផលនៃដំណើរការស្រាវជ្រាវប្រមូលព័ត៌មានរបស់ខ្លួនលើករណីនេះ ដោយលើកហេតុផលថាវាជានីតិវិធីផ្ទៃក្នុងរបស់អង្គភាព មិនអាចបញ្ចេញព័ត៌មានជូនបានឡើយ។

លោក សយ ចាន់វិចិត្រ បានសរសេរថា៖ «ខ្ញុំបានបញ្ជាក់កាលពីពេលមុនរួចម្តងហើយ យើងមានព័ត៌មាន យើងចាំបាច់ត្រូវប្រមូលព័ត៌មានបន្ថែម យើងមានតម្រុយ ឬភស្តុតាងយើងនឹងបើកការស្រាវជ្រាវ។ ដោយឡែក នីតិវិធីផ្ទៃក្នុងរបស់អង្គភាព ចំពោះករណីដែលកំពុងដំណើរការ ខ្ញុំសុំការយោគយល់ដោយមិនអាចផ្តល់ព័ត៌មានជូនបាន ដោយចាំបាច់ក្នុងការរក្សាការសំងាត់»។

ថ្វីត្បិតតែករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់អាចផ្ដល់ព័ត៌មានពីដំណើរការនៃការងារស្រាវជ្រាវរបស់ខ្លួន ប៉ុន្តែលោកថា ប្រសិនជាអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវ ហើយរកឃើញភស្តុតាងពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ មិនថាករណីលោក គង់ សំអឿន ឬករណីផ្សេងនោះទេ អង្គភាពប្រាកដជាកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ តែផ្ទុយទៅវិញលោក ចាន់វិចិត្រថា អង្គភាពមិនអាចកសាងសំណុំរឿងករណីណាមួយដោយផ្អែកត្រឹមព័ត៌មានដែលបានចុះផ្សាយនោះទេ ពីព្រោះករណីបែបនេះបើផ្អែកតាមតែប្រភពព័ត៌មាន ដោយមិនមានភស្ដុតាងយោងគ្រប់គ្រាន់ ច្បាស់ណាស់ករណីនេះនឹងត្រូវបានស្ថាប័នអយ្យការទម្លាក់ចោលជាក់ជាមិនខាន។

រូបភាពពីហ្វេសប៊ុកអង្គភាពប្រឆាំងអំពើពុករលួយ។

ស្របពេលដែលអង្គភាពប្រឆាំងអំពើពុករលួយ នៅតែបន្តប្រមូលព័ត៌មាន ដោយមិនទាន់បានបើកការស្រាវជ្រាវលើករណីនេះនៅឡើយ លោក យង់ គិមអេង ប្រធាន​​មជ្ឈ​មណ្ឌល​​ប្រជាពលរដ្ឋ ដើម្បី​​អភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់វិទ្យុស្ដ្រីដែរថា ប្រសិនជាករណីនេះ ជាការពិតដូចការចុះផ្សាយរបស់សារព័ត៌មានទាំងនោះ គឺមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើអ្នកក្រីក្រហើយ ជាពិសេសថែមទាំងធ្វើឱ្យប្រជាពលរដ្ឋបាត់ជំនឿទុកចិត្តលើសេវាដែលផ្ដល់ជូនដោយរដ្ឋ។ ម្យ៉ាងវិញទៀត លោកថា អង្គភាពប្រឆាំងអំពើពុករលួយត្រូវបង្កើនការស្រាវជ្រាវលើករណីនេះឱ្យឆាប់ ដើម្បីស្ដារនូវទំនុកចិត្តប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលឡើងវិញ។

លោក យង់ គិមអេង ៖ «អង្គភាពប្រឆាំងអំពើពុករលួយ គួរតែចាត់វិធានការចំពោះបញ្ហានេះឱ្យបានតឹងតែង ​និងម៉ត់ចត់ ហើយនិងយកជនល្មើសទៅផ្ដន្ទាទោសតាមច្បាប់ជារឿងមួយសំខាន់ ហើយបើសិនជារកឃើញការពិតមែន គឺត្រូវតែដាក់ទោសឱ្យបានធ្ងន់ធ្ងរកុំឱ្យករណីហ្នឹងកើតមានឡើងជាបន្តទៅទៀត។ ជាមួយគ្នានោះដែរ យើងអត់ឃើញថា ការអនុវត្តច្បាប់ហ្នឹង មានការលើកលែង ឬក៏មានការយោគយល់ណាមួយនោះទេបាទ គឺយើងចង់ឃើញការអនុវត្តច្បាប់ហ្នឹងត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹង ​ហើយនិងស្មើភាពចំពោះពលរដ្ឋដែលបានប្រព្រឹត្តកំហុសដូចៗគ្នា»។

ចំពោះការបែកធ្លាយព័ត៌មាននេះដែរ កាលពីថ្ងៃទី២៩ ខែមិថុនាកន្លងមក មន្ទីរសង្គមកិច្ចខេត្តសៀមរាប បានចេញលិខិតបំភ្លឺមួយច្រានចោល ដោយអះអាងថា រាល់ថវិកាទាំងអស់ គឺមន្ទីរសង្គមកិច្ចយកទៅចាត់ចែងការងារចែកអំណោយជូនពលរដ្ឋក្រីក្របានចំនួន ១០ស្រុក និងចំណាយលើការងារផ្នែកសំណង់ ហើយនិងការចំណាយផ្នែករដ្ឋបាលផ្សេងៗមិនដូចការចោទប្រកាន់នោះឡើយ។

លោក គង់ សំអឿន ត្រូវបានលោក វង សូត អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសឱ្យលោកចូលកាន់ដំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាបជំនួសលោក អោ ម៉ៅ កាលពីឆ្នាំ២០២២៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

Image Not Found
Image

ព័ត៌មានទាក់ទង