ភ្នំពេញ៖ កម្មវិធីជួយមើលសាលារៀន ឬជាភាសាអង់គ្លេងហៅកាត់ថា៖ «Check My School » ជាគម្រោងថ្នាក់តំបន់អនុវត្តនៅកម្ពុជា គ្រោងធ្វើយុទ្ធនាការចំនួន ៣ ដើម្បីជំរុញឲ្យមាតាបិតាឲ្យនាំកូនដែលគ្រប់អាយុ ០៦ ឆ្នាំចុះឈ្មោះចូលរៀន និង ជំរុញការបន្តការសិក្សារបស់សិស្សគ្រប់កម្រិត ចៀសវាងការបោះបង់ការសិក្សា។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយព្រឹកនេះថា កម្មវិធីជួយមើលសាលារៀន ឬ «Check My School» នឹងរៀបចំយុទ្ធនាការចុះឈ្មោះចូលរៀនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៥ ក្នុងគោលបំណងរំលឹកដល់មាតាបិតា អាណាព្យាបាល ក្នុងការនាំកុមារគ្រប់អាយុ ០៦ ឆ្នាំទៅចុះឈ្មោះចូលរៀន និងជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យបន្តការសិក្សា។
យុទ្ធនាការទាំងបីនោះ រួមមាន៖ ទី១ ធ្វើការផ្សព្វផ្សាយដោយការចងបដា នៅតាមទីសាធារណៈនៅតំបន់គោលដៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ទី២ ផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក និងទី៣ មានការរៀបចំកម្មវិធីតាមវិទ្យុនានាផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គម្រោងជួយមើលសាលារៀន ឬ « Check My School » បានអំពាវនាវដល់មហាជនទាំងអស់ចូលរួមចំណែកគាំទ្រយុទ្ធនាការនេះ ជាប្រយោជន៍បង្កើនចំនួនកុមារដែលគ្រប់អាយុឲ្យបានចូលរៀន និងសិស្សានុសិស្សឲ្យបានបន្តការសិក្សាបន្ថែមទៀត។ ដោយមើលឃើញពីភាពចាំបាច់ និងសារៈសំខាន់នៃការចុះឈ្មោះចូលរៀនសម្រាប់កុមារដែលគ្រប់អាយុ ០៦ ឆ្នាំ និងជំរុញឱ្យសិស្សគ្រប់កម្រិតបន្តការសិក្សា ព្រមទាំងជៀសវាងការបោះបង់ការសិក្សា៕