ភ្នំពេញ៖ ក្រុមព្រះសុរិយា(ក្រុមយុវជនស្រាវជ្រាវចម្រៀងនិងភាពយន្តខ្មែរអតីតកាល) ប្រកាសរៀបចំព្រឹត្តិការណ៍មួយគឺ កម្មវិធីពិពណ៌ពិសេសមួយ ដែលមានឈ្មោះថា «មួយម៉ឺនអាល័យ» ចំនួនពីរថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ នៅឯសាលសន្និសីទចតុមុខក្នុងគោលបំណង ដើម្បីរំលឹកនូវអនុស្សាវរីយ៍សិល្បៈខ្មែរមុនសម័យខ្មែរក្រហម។
តាមរយៈសេចក្ដីប្រកាស គឺក្រុមព្រះសុរិយារៀបចំកម្មវិធីនេះ ដើម្បីរំលឹកនូវអនុស្សាវរីយ៍សិល្បៈខ្មែរមុនសម័យខ្មែរក្រហម និងបង្ហាញការស្រាវជ្រាវដែលមានរយៈពេលជាង៥ឆ្នាំ ចែកជូនដល់យុវជនខ្មែរជំនាន់ក្រោយឲ្យបានស្គាល់ ក៏ដូចជាទុករក្សាជាមេរៀន និងជាមរតកសម្រាប់សិល្បៈភាពយន្ដជាតិ។
ក្នុងគម្រោងពិពណ៌នេះ ក្រុមព្រះសុរិយា ក៏បានអំពាវនាវ ទៅដល់សាធារណៈជន ជួយចូលរួមចំណែក ឧបត្ដម្ភថវិការ ទៅដល់កម្មវិធីពិពរណ៍មួយនេះ ផងដែរ។
ខ្លឹមសារនៃសេចក្ដីអំពាវនាវនោះបានបញ្ជាក់បន្ថែមថា « ក្រុមយើងខ្ញុំត្រូវការចំណាយលើសម្ភារៈមួយចំនួនដូចជា ការព្រីនរូបភាព និងអត្ដបទចំនួន១២០ផ្ទាំង ផ្ទាំងគំនូរទំហំកន្លះម៉ែត្រ និង១ម៉ែត្រ ចំនួន៥ផ្ទាំង ,សៀវភៅមួយម៉ឺនអាល័យចំនួន១ពាន់៥រយក្បាល, សម្ភារៈតុបតែងក្នុងសាលពិពរណ៍ និងក្ដារពិពរណ៍សរុបគម្រោងចំណាយចំនួន៣ពាន់ដុល្លារអាមេរិក››។
ក្រុមព្រះសុរិយា សង្ឃឹមយ៉ាងមុតមាំថា សម្បុរសជននឹងជួយក្នុងការគាំទ្រ ជាសំភារៈ និងថវិកា ចំពោះកម្មវិធីពិពណ៌ មួយម៉ឺនអាល័យនេះ ដើម្បីរួមគ្នាលើកស្ទួយវិស័យសិល្បៈទី៧ អោយមានភាពល្បីថ្កុំថ្កើនដូចសម័យសង្គមរាស្ដ្រនិយម៕