ដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ (Home-Grown School Feeding Programme) នៅសាលាបឋមសិក្សា វេស្សវ័ណ និងសាលាបឋមសិក្សាព្រះដាក់ ខេត្តសៀមរាប ជាការអនុវត្តគោលនយោបាយអភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកកម្ពស់ការទទួលបានអាហារចម្រុះរបស់កុមារគ្រប់អាយុចូលរៀននៅតាមសហគមន៍គ្រួសារក្រីក្រ និងងាយរងគ្រោះ។ តាមរយៈកម្មវិធីនេះ ក៏បានរួមចំណែកក្នុងការបង្កើនផលិតភាពស្បៀង ក៏ដូចជាឱកាសរកប្រាក់ចំណូលសម្រាប់កសិករ។ កញ្ញា ងិន ស៊ាងលីម រាយការណ៍
សៀមរាប៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សា វេស្សវ័ណ និងសាលាបឋមសិក្សាព្រះដាក់ ខេត្តសៀមរាប ដែលជាសាលារៀនពីរក្នុងចំណោមសាលារៀនទាំង១១១៤ នៅកម្ពុជា ដែលកំពុងអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍។ នេះបើយោងតាមក្រសួងអប់រំយុវជន និងកីឡា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូទាំងអស់ មានឱកាសសិក្សាស្វែងយល់ពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងតែខិតខំប្រឹងប្រែងអនុវត្ត។
ក្នុងនោះផងដែរ ក៏ការពិនិត្យមើលទិដ្ឋភាពទូទៅនៃសាលារៀន ថ្នាក់រៀន រួមទាំងការអនុវត្តនូវស្តង់ដាចម្អិនអាហារ ស្តង់ដាអនាម័យ និងស្តង់ដាអាហារូបត្ថម្ភ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។ មិនខុសពីសាលារៀននានាដែលកំពុងអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ដែលកំពុងតែអនុវត្តកម្មវិធីនេះ ដោយផ្គត់ផ្គង់អាហារពេលព្រឹកមុនពេលចូលរៀន ដល់សិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦។ ដោយក្នុងនោះ របបអាហារសម្រាប់សិស្សម្នាក់ៗត្រូវបានកំណត់ ដោយផ្អែកលើលទ្ធភាពទទួលយកបាន និងស្របតាមតម្រូវការអាហារសម្រាប់កុមារ និងកម្រិតអាហារូបត្ថម្ភ រួមមាន៖ អង្ករ ត្រី សាច់ ស៊ុត និងបន្លែ ដែលជាអាហារចម្បងនៅកម្ពុជា និងផ្គត់ផ្គង់ដោយប្រជាកសិករក្នុងសហគមន៍ជារៀងរាល់ថ្ងៃ។
រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា។
គួរបញ្ជាក់ថា កម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ជាផ្នែកមួយនៃការពង្រឹងគុណភាពអប់រំ ក្នុងគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ។ កម្មវិធីនេះ ចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចក្នុងសហគមន៍។ បន្ថែមពីនេះ ការផ្តល់អាហារដល់សាលារៀន មិនត្រឹមតែជួយដល់ការសិក្សារបស់សិស្សានុសិស្ស តាមរយៈការលើកទឹកចិត្តឱ្យពួកគេមករៀនទៀងទាត់នោះទេ កម្មវិធីនេះថែមទាំងគាំទ្រដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ពួកគេផងដែរ។
គោលបំណងដ៏សំខាន់ បន្ថែមលើការអនុវត្តគោលនយោបាយអភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកកម្ពស់ការទទួលបានអាហារចម្រុះរបស់កុមារគ្រប់អាយុចូលរៀននៅតាមសហគមន៍គ្រួសារក្រីក្រ និងងាយរងគ្រោះ កម្មវិធីក៏បានរួមចំណែកក្នុងការបង្កើនផលិតភាពស្បៀង ក៏ដូចជាឱកាសរកប្រាក់ចំណូលសម្រាប់កសិករ និងអ្នកផ្គត់ផ្គង់ស្បៀងខ្នាតតូចតាមមូលដ្ឋានផងដែរ៕
អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម