loader

កម្មការិនី​ ០៣​នាក់​ត្រូវ​មន្ដ្រី​ការងារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​ពិនិត្យ​ឃើញ​ថា​ សម្ពាធ​ឈាម​ចុះ​ខ្សោយ​

​ភ្នំពេញ​ ៖​ កម្មការិនី​ចំនួន​ ០៣​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ក្រោយ​ពី​មន្ដ្រី​ការងារ​ពិនិត្យ​ឃើញ​ថា​ សម្ពាធ​ឈាម​ពួក​គាត់​ចុះ​ខ្សោយ​។​ ប្រធាន​មន្ទីរ​ការងារ​ខេត្ដកំពង់ស្ពឺ​ អះអាង​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​មាន​អាការ​ដូច្នេះ​ គឺ​បណ្ដាល​មក​ពី​ការ​ភិតភ័យ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​កម្មការិនី​ ចំនួន​ ០៣​នាក់​ ដែល​ធ្វើ​ការងារ​នៅ​រោងចក្រ​ វេន​ធូ​រ៉ា​ ផលិត​កាបូប​ ស្ថិត​នៅ​ភូមិ​វាលវង់​ ឃុំ​សែន​ដី​ ស្រុក​សំរោង​ទង​ខេត្ដកំពង់ស្ពឺ​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​ពី​មន្ដ្រី​ការងារ​ពិនិត្យ​ឃើញ​ថា​ ពួក​គាត់​មាន​សម្ពាធ​ឈាម​ចុះ​ខ្សោយ​។​

​ប្រធាន​មន្ទីរ​ការងារ​ខេត្ដកំពង់ស្ពឺ​ លោក​ ចឹក​ បូ​រិ​ន​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​នេះ​ថា​ មន្ដ្រី​ការងារ​របស់​លោក​ បាន​បញ្ជូន​កម្មការិនី​ ០៣​នាក់​ ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល​ ខណៈ​ដែល​ពិនិត្យ​ឃើញ​ថា​ ទាំង​ចង្វាក់បេះដូង​ និង​សម្ពាធ​ឈាម​របស់​ពួក​គាត់​ខ្សោយ​។​ លោក​បន្ដ​ថា​ ពួក​គាត់​ទាំង​បី​នាក់​ គ្រាន់តែ​មាន​សភាព​ធេងធោង​ តែ​មិន​ទាន់​សន្លប់​នោះ​ទេ​។​

​តាម​ប្រធាន​មន្ទីរ​ការងារ​ខេត្ដកំពង់ស្ពឺ​ បាន​បញ្ជាក់​ថា​ បញ្ហា​ទាក់ទិន​និង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​កម្មករ​ កម្មការិនី​ដួល​សន្លប់​នេះ​ គឺ​កើតឡើង​តាំងពី​ថ្ងៃ​សុក្រ​ ទី​២១​ ខែធ្នូ​ មក​ម្លេះ​។​ កាលពី​ថ្ងៃ​សុក្រ​នោះ​ មានកម្ម​ការិនី​ពីរ​នាក់​បាន​ដួល​សន្លប់​ ហើយ​កម្មករ​ក្នុង​រោងចក្រ​បាន​នាំ​ពួក​គាត់​ ចេញ​មក​ខាងក្រៅ​ ហើយ​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ បណ្ដាល​ឲ្យ​អ្នក​ឯទៀត​ប្រមាណ​ ១០៧​នាក់​ មាន​ប្រុស​ម្នាក់​ ភិតភ័យ​ ហើយ​ក៏​ដួល​សន្លប់​តាមតែ​ម្ដង​ ៖«​និយាយ​រួម​ទៅ​កម្មករ​ហ្នឹង​គាត់​ មុន​ដំបូង​អត់​មានរឿង​អី​ទេ​ គឺ​មាន​សន្លប់​ពីរ​នាក់​។​ អ​ញ្ចឹ​ង​គាត់​មាន​អារម្មណ៍​មួយ​ភ័យ​ពេល​លើក​កាត់​អី​អ​ញ្ចឹ​ង​ ហើយ​អ្នក​លើក​ហ្នឹង​ស្រែក​ ដល់​អ​ញ្ចឹ​ង​ទៅ​ឃើញ​សភាពការណ៍​ហ្នឹង​គាត់​ភ័យ​គាត់​ដួល​តែ​ម្ដង​។​ អត់​មានអី​ទេ​ គណៈកម្មការ​ពិនិត្យ​មើល​អត់​មានអី​ទេ​»​។​

​កាលពី​ថ្ងៃ​សុក្រ​ ក្រោយ​ពី​មាន​ហេតុការណ៍​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ មន្ទីរ​ការងារ​ខេត្ដ​បាន​ប្រាប់​ឲ្យ​រោងចក្រ​ រៀបចំ​ឲ្យ​អ្នក​សន្លប់​សម្រាក​នៅ​ថ្ងៃ​សៅរ៍​មួយ​ថ្ងៃ​ទៀត​ ហើយ​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ចន្ទ​ ទី​២៤​ ខែធ្នូ​។​ ក៏​ប៉ុន្ដែ​នៅ​ថ្ងៃ​ទី​ចន្ទ​ ទី​២៤​ ខែធ្នូ​ នោះ​ ស្រាប់តែ​មានកម្ម​ការិនី​ ចំនួន​ ១៦៦​នាក់​ មាន​អាការ​ធេងធោង​ ហើយ​មន្ដ្រី​ការងារ​បាន​ពិនិត្យ​ឃើញ​ថា​ សម្ពាធ​ឈាម​របស់​ពួក​គេ​សុទ្ធតែ​ចុះ​ខ្សោយ​ មន្ដ្រី​ការងារ​ក៏​បាន​បញ្ជូន​ពួក​គេ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ដើម្បី​ព្យាបាល​។​ ក៏​ប៉ុន្ដែ​ពួក​គេ​មិន​ទាន់​ឈាន​ដល់​សន្លប់​នៅឡើយ​ទ​។​

​ប្រធាន​មន្ទីរ​ការងារ​បញ្ជាក់​ថា​ កម្មការិនី​ទាំង​ ១៦៦​នាក់​ដែល​មាន​អាការ​ធេងធោង​ សម្ពាធ​ឈាម​ចុះ​ខ្សោយ​នោះ​ គឺ​ភាគច្រើន​ជា​កម្មការិនី​ដែល​ដួល​សន្លប់​កាលពី​ថ្ងៃ​សុក្រ​។​ លោក​បាន​បដិសេធ​នូវ​ការ​លើក​ឡើង​មួយ​ចំនួន​ថា​ កម្មការិនី​ ដួល​សន្លប់​ និង​មាន​អាការ​ធេងធោង​ ពីព្រោះ​តែ​មាន​ខ្មោច​ចូល​ និង​ក្លិន​ថ្នាំ​ជ្រលក់​ក្រណាត់​នោះ​ គឺ​មិនមែន​ជា​ការ​ពិត​ទេ​។​ រហូត​មក​ដល់​ថ្ងៃនេះ​មន្ទីរ​ការងារ​ខេត្ដ​ បាន​ដាក់​មន្ដ្រី​ការងារ​ និង​ពេទ្យ​ ប្រចាំ​នៅ​ទីនោះ​ ដើម្បី​ចាំ​ជួយ​ដល់​កម្មករ​ ក្នុង​ករណី​ដែល​ពួក​គាត់​មាន​អាការ​មិន​ស្រួលខ្លួន​ ៖«​និយាយ​រួម​ទៅ​គាត់​ត្រូវ​មក​ធ្វើការ​ធម្មតា​អ​ញ្ចឹ​ង​ កាលណា​គាត់​មិន​ស្រួល​យើង​មាន​ឧបករណ៍​សម្រាប់​វាស់​គាត់​។​ វាស់​បេះដូង​ វាស់​ជីពចរ​ វាស់​ឈាម​អី​អ​ញ្ចឹ​ង​ យើង​មាន​ឧបករណ៍​យើង​មើល​ យើង​វាស់​ បើ​គាត់​អត់​ស្រួលខ្លួន​យើង​បញ្ជូន​គាត់​ទៅ​ពេទ្យ​ភ្លាម​»​។​

​សូម​ជម្រាប​ថា​ យោង​តាម​ប្រសាសន៍​ ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ ប៉ុក​ វណ្ណ​ថា​ត​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ គិត​ពី​ខែមករា​ រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែធ្នូ​នេះ​ មាន​កម្មករ​ កម្មការិនី​ សន្លប់​រហូត​ដល់​ ២០៥៥​នាក់​ នៅ​រោងចក្រ​ចំនួន​ ១៦​។​ យោង​តាម​តួលេខ​នេះ​ ឃើញ​ថា​ ចំនួន​កម្មករ​ កម្មការិនី​ ដួល​សន្លប់​នៅ​ឆ្នាំ​២០១៨​នេះ​ មានការ​កើន​ឡើងជា​កាលពី​ឆ្នាំ​២០១៧​។​ ឆ្នាំ​ ២០១៧​ មាន​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ចំនួន​ ១៦០៣​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១៥៩៩​នាក់​។​

​លោក​ ប៉ុក​ វណ្ណ​ថា​ត​ អំពាវនាវ​ឲ្យ​កម្មករ​ កម្មការិនី​ ទាំងអស់​ត្រូវ​តែ​រក្សា​សុខភាព​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ គឺ​ត្រូវ​តែ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ហើយ​ក្នុង​ករណី​ដែល​មាន​អាការ​មិន​ស្រួលខ្លួន​ គឺ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ធ្លាក់​ដល់​សន្លប់​នោះ​ទេ​ គឺ​ត្រូវធ្វើ​យ៉ាងណា​រូស​រាន់​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​ និង​ព្យាបាល​។​ ជាង​នេះ​លោក​ស្នើ​ដល់​ថៅកែ​ និយោជក​ ទាំងអស់​ត្រូវ​តែ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ ស្រប​តាម​សេចក្ដី​ប្រកាស​ និង​បទបញ្ញត្ដិ​នានា​ របស់​ក្រសួង​ការងារ​ស្ដី​ពី​ការ​រក្សា​សុវត្ថិភាព​ជូន​កម្មករ​ កម្មការិនី​៕

ព័ត៌មានទាក់ទង

សមត្ថកិច្ចបង្ក្រាបការលួចនាំចូលសំរាមចំនួន១៦០០តោននៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ សមត្ថកិច្ចពាក់ព័ន្ធបានបង្រ្កាបទាន់[...]

អ្នកនាំពាក្យសោកស្ដាយ ហើយសុំឱ្យអាមេរិកពិចារណាវិញអំពីច្បាប់ដាក់ទណ្ឌកម្មលើកម្ពុជា ដើម្បីបន្តទំនាក់ទំនងល្អ

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ [...]

ក្រសួងសាធារណការគ្រោងដាក់កាមេរ៉ាតាមផ្លូវចាប់អ្នកបើកបរល្មើសល្បឿនផាកពិន័យដល់ផ្ទះ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត