en     km
en     km

កម្មការិនីរោងចក្រ៖ ទោះដំឡើងប្រាក់ឈ្នួល តែមិនអាចឆ្លើយតបនឹងចំណាយក្នុងជីវភាពរស់នៅ

Share

បើទោះបីជាការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ចំនួន២០៨ដុល្លារ សម្រាប់និយោជិតកម្មកររោងចក្រកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ឆ្នាំ២០២៥នេះ  តែកម្មការិនីរោងចក្រកាត់ដេរ ថា មិនទាន់បានឆ្លើយតបនឹងការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេឡើយ ព្រោះពួកគេត្រូវចំណាយខ្ពស់ទៅលើថ្លៃផ្ទះជួល ទំនិញ និងរបស់របរប្រើប្រាស់ផ្សេងៗ។ អ្នកស្រី វ៉ាយ វត្តី ជូន សេចក្តីរាយការណ៍

«បើធៀបពីមុន ប្រាក់ខែរៀងទាបជាងហ្នឹង ការចំណាយវាតិចជាងហ្នឹង អ៊ីចឹងពីមុនមកវាប្រសើរជាងឥឡូវ  ដោយសារឥឡូវបើប្រៀបធៀបប្រាក់ខែវាឡើងជាងពីមុន តែការចំណាយវាខ្ពស់ជាងមុនខ្លាំង»។

នេះជាការលើកឡើងរបស់កម្មការិនីរោងចក្រកាត់ដេរ មួយកន្លែងនៅរាជធានីភ្នំពេញ អ្នកស្រី នយ សារ៉ាន់ បន្ទាប់ពីបានចំណាយប្រាក់ខែដំបូងសម្រាប់ឆ្នាំ២០២៥ របស់អ្នកស្រី។

រយៈពេល១០ឆ្នាំក្នុង អាជីពជាកម្មការិនីរោងចក្រកាត់ដេរ អ្នកស្រី នយ សារ៉ាន់ បានប្រាប់វិទ្យុស្រ្តីថា អ្នកស្រីមិនបានសល់លុយកាក់អ្វីទេ តែអ្នកស្រីបានជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារ និងជួយដល់ក្មួយៗបានរៀនសូត្រ។ អ្នកស្រីថា ទោះបីមិនមានសល់អ្វីក៏ពិតមែន តែអ្នកស្រីសប្បាយចិត្តដោយមិនមានជំពាក់ធនាគារ បើធៀបនឹងមិត្តភក្តិដែលបម្រើការងារដូចគ្នា គឺមិនត្រឹមតែមិនសល់លុយកាក់ទេ ថែមទាំងជំពាក់ធនាគារទៀតផង។

រូបភាព៖អ្នកស្រី នយ សារ៉ាន់

អ្នកស្រី នយ សារ៉ាន់៖« បើនិយាយថាគ្រប់វាមិនគ្រប់ទេ ​ព្រោះប្រាក់ខែក៏ឡើងតិចពួកខ្ញុំអត់មានអីពឹងផ្អែកក្រៅពីប្រាក់ចំណូលប្រាក់ខែប្រចំាថ្ងៃ ហើយការងារក៏មិនសូវសំបូរ ចេញត្រឹមម៉ោង៤​ បើសម្រាប់ខ្ញុំ វាអត់សល់ទេ តែកន្លងមកបានជួយដោះស្រាយគ្រួសារ ជួយបន្ទុកក្មួយរៀន សម្រាប់ខ្ញុំអត់សល់តែអត់ជំពាក់ធនាគារ តែបើអ្នកនៅជុំវិញខ្លួនខ្ញុំវិញ មិនត្រឹមតែមិនសល់ទេ គាត់ជាប់ធនាគារទៀត»

 ពាក់ព័ន្ធនឹងតម្លៃផ្ទះជួលសម្រាប់កម្មករនិយោជិត​ អ្នកស្រី នយ សារ៉ាន់ បានឱ្យដឹង​ថាម្ចាស់ផ្ទះរបស់អ្នកស្រីមិនបានឡើងថ្លៃទេ តែតម្លៃទឹក និងភ្លើងថ្លៃ ដូចជាភ្លើងមួយគីឡូវ៉ាត់តម្លៃ២០០០រៀល​ និងទឹកក្នុងមួយពាង២ពាន់រៀល បើទោះបីជារាជរដ្ឋាភិបាលធ្លាប់ប្រកាសឱ្យផ្ដល់ការលក់ទឹក និងភ្លើងជូនកម្មការិនី-កម្មករក្នុងតម្លៃទាបក្ដី។ ជាមួយគ្នានេះ អ្នកស្រី នយ សារ៉ាន់ បានសំណូមពរដល់ភាគីពាក់ព័ន្ធដូចជារដ្ឋាភិបាល អ្នកបញ្ជាទិញ ជួយឱ្យកម្មករមានការងារធ្វើ និងថ្លៃផ្ទះជួល ទឹក ភ្លើង ទំនិញ របស់ប្រើប្រាស់ផ្សេងៗកុំឱ្យឡើងថ្លៃខ្ពស់ពេក។

អ្នកស្រី នយ សារ៉ាន់៖«សម្រាប់កន្លែងខ្ញុំថ្លៃផ្ទះមិនទាន់ឡើងទេ​​​ តែផ្ទះផ្សេងក្រៅពីហ្នឹងកន្លែងដែលគេជួយច្រើនៗលឺសូរថាឡើង៥ដុល្លារ កន្លែងខ្ញុំមិនប្រើទឹក ភ្លើងរដ្ឋទេ គឺភ្លើងមួយគីឡូ២០០០រៀ​ល​និងទឹកមួយពាង២០០០រៀល សុំសំណូមពរដល់អ្នកពាក់ព័ន្ធ ដូចជារដ្ឋាភិបាល អ្នកបញ្ជាទិញ​សុំទី១ឱ្យមានការងារធ្វើ តំឡើងប្រាក់ខែសមរម្យជាងហ្នឹងបន្តិច ទី២សុំកុំឱ្យរបស់របរ​ ថ្លៃទឹក ថ្លៃភ្លើង ឡើងជាលំដាប់ជារៀងរាល់ឆ្នាំ ឡើងខ្ពស់ ខ្ពស់ជាងអាត្រាប្រាក់ខែ ព្រោះរាល់ថ្ងៃការងាបើមានថែមម៉ោងវាមានចំណូលបន្ថែមគ្រាន់ដោះសា្រយជីវភាពរួចមួយពេលៗ បើសិនធ្វើការ៨ម៉ោងមានស៊ី៥០ភាគរយ ហ្នឹងរឹតតែយ៉ាប»។

ងាកមកកម្មការិនីរោងចក្រកាត់ដេរ​មួយកន្លែងទៀតនៅរាជធានីភ្នំពេញដែរ អ្នកស្រី ពៅ ទូច បានប្រាប់ថា ម្ចាស់ផ្ទះដែលអ្នកស្រីស្នាក់នៅបានតម្លើងថ្លៃបន្ទប់ជួលចំនួន៥ដុល្លារ រហូតដល់ក្នុងមួយខែ៥០ដុល្លារ ធ្វើឱ្យអ្នកស្រីមិនអាចរត់នឹងចំណាយរួច ក៏បានសម្រេចចិត្តផ្លាស់ប្តូរបន្ទប់ជួលថ្មីក្នុងតម្លៃ៣៥ដុល្លារក្នុងមួយខែ ថ្លៃទឹក៣០០០រៀលក្នុងមួយម៉ែត្រគូប និងភ្លើងជាង៦០០រៀល។

អ្នកស្រី ពៅ ទូច៖« បន្ទប់ជួលដោយសារតែក្នុងឆ្នាំថ្មីម្ចាស់គេឡើងថ្លៃ៥(ដុល្លារ)អ៊ីចឹងខ្ញុំរត់អត់រួចទេឥឡូវខ្ញុំដូរទីតាំងទៅនៅ ភូមិឬស្សីស្ពានដែក តម្លៃផ្ទះ៣៥ដុល្លារ ទឹក៣០០០រៀល និងភ្លើងរដ្ឋ ៦០០ ចុចដប់រៀល»។

រូបភាព៖អ្នកស្រី ពៅ ទូច

អ្នកស្រី ពៅ ទូច បានឱ្យដឹងទៀតថា​តាមប្រាក់ខែរាល់ថ្ងៃនេះគឺមិនគ្រប់គ្រាន់នឹងការចំណាយ ជាពិសេសទំនិញ និងរបស់របរប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃដេលមានតម្លៃថ្លៃ។

អ្នកស្រី ពៅ ទូច៖«បើតាមជីវភាពបានប្រាក់ខែហ្នឹងអត់គ្រប់គ្រាន់ទេ ទាំងអស់វាត្រូវចំណាយច្រើន ឥឡូវអ៊ីវ៉ាន់វាថ្លៃទាំងអស់ហ្មង! ដោយសារពីមុនខ្ញុំចំណាយទាំងម្ហូប ទាំងចាយវាយ ភេសជ្ជៈអីមួយថ្ងៃ២ម៉ឺនរៀល គឺគ្រាន់ហើយ តែឥឡូវ អត់គ្រាន់ទេ»។

ជុំវិញប្រាក់ឈ្មួលរបស់កម្មករ កម្មការិនី ផ្នែកវាយនភណ្ឌ នៅក្នុងឆ្នាំ២០២៥នេះ  លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជា បានយល់ឃើញថា ទោះបីជាការដំឡើងប្រាក់ឈ្នួលមិនអាចឆ្លើយតប តម្រូវការចាយវាយសម្រាប់កម្មករនិយោជិត ក៏ដោយ តែបើធៀបទៅនឹង៧ -៨ឆ្នាំមុន លោកមើល ឃើញថាស្ថានភាពបច្ចុប្បន្នមានភាពល្អប្រសើរជាង។

រូបភាពពី៖លោក ប៉ាវ សីណា

លោក ប៉ាវ ស៊ីណា ៖«តែអ្វីដែលសំខាន់នៅកម្ពុជា យើងឃើញមានគោលការណ៍ល្អត្រង់ថាយើងមានការចរចារជារៀងរាល់ឆ្នាំសម្រាប់ការដំឡើងបន្ថែមទៅលើប្រាក់ឈ្នួលគោល។ដូច្នេះបើទោះបីមានការកើនឡើងមិនអាចឆ្លើយតប តម្រូវការចាយវាយក៏ដោយ តែយើងមានភាពល្អប្រសើរបើយើងធៀបទៅនឹង៧ -៨ឆ្នាំមុន»។

កម្ពុជាបានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ចំនួន២០៨ដុល្លារ ក្នុងមួយខែ ដោយអនុវត្តន៍ចាប់ពីខែទី១ដើមឆ្នាំ២០២៥នេះ៕

 

Share

ព័ត៌មានទាក់ទង