ភ្នំពេញ៖ ស្របពេល គណៈកម្មាធិការរៀបចំបោះឆ្នោត បើកឱ្យចុះឈ្មោះបោះឆ្នោត នៅមុនមួយថ្ងៃនៃថ្ងៃបុណ្យភ្ជុំចូលមកដល់ ត្រួវថ្ងៃទី៣០កញ្ញា កម្មករ កម្មការិនីនៅតាមបណ្ដាខេត្តមួយចំនួន ដែលកំពុងបម្រើការងារផ្សេងៗគ្នានៅទីក្រុងភ្នំពេញ បានអះអាងថា ពួកគេនឹងទៅចុះឈ្មោះបោះឆ្នោតនៅពេលពួកគេ ទៅដល់ស្រុកកំណើត។
ពួកគាត់ថាការបោះឆ្នោតគឺជារឿងសំខាន់ដែលមិនអាចអាចខកខានបានឡើយ។ អ្នករាយការណ៍ព័ត៌មាន នៃវិទ្យុស្ត្រីFM102 បាន ចុះ ជួបកម្មករជាច្រើននាក់ នៅរោងចក្រមួយចំនួន នៅរាជធានីភ្នំពេញ ដើម្បី សាកសួរពួកគាត់ ពីទឹកចិត្ត ទៅចុះឈ្មោះបោះឆ្នោត នៅពេលទៅលេង ស្រុកកំណើត ជួបជុំ ម៉ែឪ នៅថ្ងៃភ្ជុំបិណ្ឌ។
ដើម្បីជ្រាប សូម ស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖
នៅម៉ោង ៤ រសៀលគឺម៉ោងឈប់ សម្រាកពីការងាររបស់កម្មករកម្មការិនី ធ្វើការរោងចក្រនានានៅរាជធានីភ្នំពេញ។ ក្នុងនោះ រោងចក្រ SL ក្នុងសង្កាត់ បឹងទំពុន ក៏បើកទ្វារចំហឱ្យកម្មកររោងចក្របានឈប់សម្រាកពីការងារដែរ។
ខណៈនេះ កម្មករកម្មការិនី បានដើរចេញពីរោងចក្រ។ ក្នុងចំណោម ពួកគេ គឺកញ្ញា ស្រឿន ស្រីទូច ដែលបានផ្ដល់បទសម្ភាសន៍។
នាងនិយាយថា ថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ នាងនឹងទៅចូលរួមចុះឈ្មោះបោះឆ្នោត ស្របពេលដែលរោងចក្រអោយឈប់សំរាក។
កញ្ញា ស្រឿន ស្រីទូច៖«ពេលដែលគេអោយឈប់ហ្នឹង ពួកខ្ញុំទៅមើលឈ្មោះ នៅស្រុកកំណើត ខេត្តព្រៃវែង …»។
បើតាមឱ្យដឹងពីកម្មការិនីមកពីខេត្តព្រៃវែង កញ្ញា ស្រីទូច ដដែល គឺ នាងបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ដ្រអាណត្តិទី៥ពីមុនមកដែរ។ កញ្ញាស្រីទូចថា ពលរដ្ឋ មានតួនាទីសំខាន់ក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត។
កញ្ញា ស្រឿន ស្រីទូច ៖ «ព្រោះមនុស្ស ម្នាក់ៗតែងតែមានអ្នកដឹកនាំ» ។
ទន្ទឹមនឹងនេះដែរ កម្មការិនីមួយរូបទៀត មានស្រុកកំណើតនៅទន្លេបាទី ខេត្តតាកែវ ដែលឡើងមកធ្វើការនៅរោងចក្រ ស៊ិនចៀន នៅក្រុងភ្នំពេញ និយាយថា ថា ការចុះឈ្មោះបោះឆ្នោតជារឿងសំខាន់ ហើយបើសិនជាគាត់អត់បានទៅចុះឈ្មោះបោះឆ្នោត គឺគាត់មានការសោកស្ដាយ ។
អ្នកស្រី ឆាង ស្រីចិន ៖ «បើសិនជាអត់បានទៅចុះឈ្មោះបោះឆ្នោត ខ្ញុំមានអារម្មណ៍ថាស្ដាយ អត់បានចុះឈ្មោះបោះឆ្នោត ខាតសន្លឹកឆ្នោតមួយសន្លឹក»។
អ្នកស្រី ឆាង ស្រីចិន បន្តថា ថ្ងៃខាងមុខនេះ អ្នកស្រីនឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅខេត្តរបស់គាត់ ដើម្បីបំពេញតួនាទីជាពលរដ្ឋ។
អ្នកស្រី ឆាង ស្រីចិន ៖ «ពេលភ្ជុំខ្ញុំទៅចុះឈ្មោះបោះឆ្នោត រោងចក្រគេអោយឈប់មួយអាទិត្យ ពីថ្ងៃទី២៨ …»។
ដោយឡែកកម្មការិនី រោងចក្រមួយរូបទៀត ដែលធ្វើការនៅរោងចក្រថៃសាន បានប្រាប់ដែរថា ការចុះឈ្មោះបោះឆ្នោតបោះឆ្នោតលើកនេះ គឺជាទំនុកខ្លាំងមួយ សម្រាប់ការចុះឈ្មោះបោះឆ្នោត ដោយប្រព័ន្ធកុំព្យូទ័រ ហើយ ម្យ៉ាងទៀតជារឿងដែលសំខាន់ ដែលចាំបាច់ទៅចុះឈ្មោះបោះឆ្នោត។
កញ្ញា ដាលីស ៖ « ខ្ញុំអ្នកខេត្តបាត់ដំបង ថ្ងៃឈប់សំរាកខាងមុខខ្ញុំនឹងទៅចូលរួមចុះឈ្មោះបោះឆ្នោត…»។
កញ្ញា ដាលីស ដែលជាអ្នកខេត្តបាត់ដំបង បានប្រាប់បន្ដទៀតថា ការបោះឆ្នោត គឺ មានសារៈសំខាន់ ព្រោះបួនទៅប្រាំឆ្នាំ ទើបអាចបោះឆ្នោតបានម្ដង។
កញ្ញា ដាលីស ៖ «កន្លងមកខ្ញុំបានចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ ហើយខ្ញុំគិតថា ការបោះឆ្នោត គឺ មានសារៈសំខាន់ ព្រោះបួនប្រាំឆ្នាំទើបបោះឆ្នោតបានម្ដង»។
ពេលនេះយើងបានជួប កម្មការិនីរោងចក្រមួយរូបទៀត ដែលមើលទៅនាងរង់ចាំ ដល់ថ្ងៃដើម្បីទៅលេងស្រុកកំណើត ហើយឆ្លៀត ចុះឈ្មោះបោះឆ្នោត ។ នាងមកពីខេត្តស្វាយរៀង។ នាងនិយាយថា រឿងទៅចុះឈ្មោះបោះឆ្នោត គឺ ជាការអាក់ខានមិនបានសំរាប់នាង ហើយបើសិនជាពលរដ្ឋមិនបានទៅចូលរួមបោះឆ្នោត គឺ គួរឱ្យមានការសោកស្ដាយ។
«និយាយចំទៅ ខ្ញុំក៏ថាយើងបំពេញកាតព្វកិច្ចជាពលរដ្ឋម្នាក់ យើងមានសិទ្ធិជាពលរដ្ឋម្នាក់ដើម្បីជ្រើសរើសតំណាងរាស្ដ្រ ហើយបោះឆ្នោតទៅតាមអ្វីដែលខ្ញុំពេញចិត្ត មើលទៅគាត់ថា អាចជួយអ្វីដល់រាស្ដ្រ…»។
ជាកម្មការិនី រោងចក្រមួយនៅរាជធានីភ្នំពេញផងដែរ នាងបានសំណូមពរ ដល់ពលរដ្ឋគ្រប់រូប ឱ្យចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រោះនេះជារឿងដែលមានសារៈប្រយោជន៍។
កញ្ញា ដានី ៖« ចា៎ មាន មានអត្ថប្រយោជន៍ ព្រោះអីនៅពេលដែលយើងទៅចូលរួមចុះឈ្មោះបោះឆ្នោត គឺ យើងក្នុងម្នាក់ៗ គាត់អាចជ្រើសរើសតំណាងរាស្ដ្រ ឬតំណាងជាមេឃុំ មេភូមិ ដែលអាចជួយដល់ឃុំសង្កាត់ »។
រឿងបោះឆ្នោតជារឿងសំខាន់សំរាប់ពលរដ្ឋ ពិសេសពលរដ្ឋដែលចង់បញ្ចេញនូវអ្វីដែលខ្លួនជ្រើសរើសតំណាងរបស់ខ្លួន។
កាលពីសប្ដាហ៍មុន សហជិពមួយចំនួន នៅរាជធានីភ្នំពេញ បានចេញសេចក្ដី ថ្លែងការណ៍ ដោយ ទទូចឱ្យរោងចក្រ កុំ ឃាឃាំងកម្មករ ចេញទៅខេត្ត ដើម្បី ចុះឈ្មោះបោះឆ្នោត។ សហជិពទាំងនោះ បានចាត់ទុកកម្មករជា ផ្នែកមួយដែលត្រូវបញ្ចេញ សិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើសតំណាង។
លោក អាត់ ធន ប្រធានសហសម្ព័ន្ធសហជិពប្រជាធិបតេយ្យកម្មករកាត់ដេរ ស៊ីខាវឌូ បាន ផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រី នៅថ្ងៃនេះថា កម្មករ គឺជាផ្នែកមួយ នៃការធ្វើសេចក្ដីសម្រេចចិត្ត មួយនៃសង្គម ហើយ កម្មករទៅចុះឈ្មោះបោះឆ្នោត និង បោះឆ្នោត ពិតជាសំឡេងមួយមានឥទ្ធិពល ដែលលោកអះអាងថា កម្មករ នៅកម្ពុជា សរុបជាង ៨០ម៉ឺននាក់។
លោក អាត់ ធន បានផ្ដល់បទសម្ភាសន៍ជាមួយនាងខ្ញុំដូចនេះថា៖
ប្រទេសកម្ពុជា នឹងមានការបោះឆ្នោតសំខាន់ចំនួនពីរ ធ្វើឡើងនាពេលខាងមុខនេះគឺការបោះឆ្នោតថ្នាក់ឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោត សភាអណត្ដិទី ៦ ក្នុងឆ្នាំ២០១៨ ដែលការបោះឆ្នោតទាំងពីរដំណាក់កាលនេះ ត្រូវគេរំពឹងថា នឹងមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតបានច្រើនជាងមុខ ព្រោះ ការចុះឈ្មោះបោះឆ្នោត លើកនេះ ធ្វើឡើង តាមប្រព័ន្ធកុំព្យូទ័រ ដោយមានធានា ថា អ្នកលួច បោះឆ្នោត ២ដង មិនអាច ធ្វើបាន ហើយ ឈ្មោះស្ទួន ឬ ឈ្មោះខ្មោច ក៏គ្មានដែរ ។
ក្រុមអ្នកសង្កេតការណ៍ ចាត់ទុកថា ជាប្រព័ន្ធ មួយទំនើប ហើយមានទំនុកចិត្តច្រើន ដោយសារ អ្នកជំនាញការជប៉ុន និងសហភាព អឺរ៉ុប ជាអ្នកជួយបច្ចេកទេស ការរៀបចំទិន្នន័យ ដាក់ ចូលក្នុង ប្រព័ន្ធកុំព្យូទ័រ នេះដែរ៕