កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានកំណត់ជាផ្លូវការនូវប្រាក់ឈ្នួលអប្បរមា ដែលបានដំឡើងប្រាក់ខែជួនកម្មករ កម្មការនី រោងចក្រចាប់ពី ១២៨ ដុល្លារ រហូតដល់ ១៤០ ដុល្លារក្នុងមួយខែ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនេះ នឹងធ្វើឡើងចាប់ពីដើមខែមករា ឆ្នាំ២០១៦ ខាងមុខនេះតទៅ។ ថ្វីបើមានការដំឡើងប្រាក់ខែបែបនេះក៏ដោយ ក៏មានកម្មករ កម្មការិនីរោងចក្រមួយចំនួន បានត្អូញត្អែរពីបញ្ហាទំនិញឡើងថ្លៃ ជាពិសេសការដំឡើងថ្លៃឈ្នួលផ្ទះ ជាដើម។
បន្ទាប់ពីមានការសម្រេចដំឡើងប្រាក់ខែគោល១៤០ដុល្លារក្នុងមួយខែ ដល់កម្មករ កម្មការិនីរោងចក្រ ចាប់ពីដើមឆ្នាំ២០១៦ ខាងមុខនេះ មានកម្មករមួយចំនួននៅតែត្អូញត្អែរពីការចំណាយ ច្រើនជាងចំណូលពីប្រាក់ខែដែលពួកគេទទួលបាន។
ជាក់ស្ដែងកម្មការិនីម្នាក់មកពីខេត្តព្រៃវែងអ្នកស្រី នាង និយាយថា ថ្វីបើប្រាក់ខែឡើងថ្លៃ ប៉ុន្ដែតម្លៃទំនិញក៏ឡើងថ្លៃដែរ ជាពិសេសថ្លៃផ្ទះជួល ទឹក ភ្លើងក៏ឡើងថ្លៃដែរ។ អ្នកស្រីថា អ្នកស្រីត្រូវចំណាយផ្សេងៗ និងត្រូវទិញទឹកដោះគោឱ្យកូនក្នុងមួយខែៗ អស់ប្រហែលជា ១២០ ដុល្លារ ហើយប្រាក់នៅសល់បន្ដិចបន្ដួច ចាយវាយមិនគ្រប់គ្រាន់ ថែមទាំងត្រូវជំពាក់បំណុលគេថែមទៀត។ «យើងឡើងប្រាក់ខែពិតមែន តែតម្លៃទំនិញអី វាចេះតែឡើងលើសហ្នឹងទៀត ដល់អ៊ីចឹងធម្មតាទេបង ដូចគ្មានអារម្មណ៍ថាអរអីទេ ព្រោះថាទំនិញក៏ឡើង ថ្លៃផ្ទះក៏ឡើងទៀត ទឹកក៏ឡើង ភ្លើងក៏ឡើង ដល់អ៊ីចឹងដូចហ្នឹងបង គ្មានសល់ដដែលហ្នឹង។ ខ្ញុំរាល់ថ្ងៃ ចំណាយមួយខែអីអស់៦០រៀល [ដុល្លារ] អីវិន ទាំងទឹកដោះគោកូន ១២០ [ដុល្លារ] អីនោះ ដល់អ៊ីចឹងមួយខែអីសល់តែ ៣០ ឬ ៤០រៀល [ដុល្លារ] ហ្នឹង ហើយនៅចាយរាល់ខែអីទៀតគ្មានទេ។ ជួនកាលខ្ចីលុយគេចាយអ៊ីចឹងទៅ រកលុយអត់ទាន់អ៊ីចឹង ប្ដីរកមិនបានអ៊ីចឹងខ្ចីលុយគេអ៊ីចឹងទៅ»។
អ្នកស្រីសំណូមពរ សូមកុំឱ្យមានការដំឡើងថ្លៃទំនិញខ្ពស់ពេក និងជាពិសេសផ្ទះជួល កុំឱ្យមានការដំឡើងថ្លៃ។ អ្នកស្រីថា៖
«ខ្ញុំចង់សំណូមពរថា អីវ៉ាន់កុំឱ្យឡើងថ្លៃ នៅធម្មតាដដែល ហើយសំខាន់ថ្លៃផ្ទះហ្មង ។ ថ្លៃផ្ទះខ្ញុំមិនទាន់បានឡើងប្រាក់ខែផង ឥឡូវគេទារឡើងទៀត ទារឡើង ៥ រៀល [ដុល្លារ] ទៀត ៣០ណា៎! ឥឡូវគេទារឡើង ៥ រៀល [ដុល្លារ] ទៀត ៣៥ [ដុល្លារ]។ ដល់អ៊ីចឹង ខ្ញុំសំណូមពរថា កុំឱ្យឡើងថ្លៃផ្ទះអ៊ីចឹងណា៎! កុំឱ្យកម្មករឡើងប្រាក់ខែ តិចតួចហើយឡើងថ្លៃផ្ទះទឹកភ្លើងទៀត ដល់អ៊ីចឹងបងផ្គត់ផ្គង់ម៉េចកើត»។
រីឯកម្មការិនីម្នាក់ទៀតមកពីខេត្តកណ្ដាល អ្នកស្រី ពៅ និយាយថា ប្រាក់ខែឡើងថ្លៃ ច្រើនជាងមុនវាជាការល្អ ពីព្រោះថាបច្ចុប្បន្នប្រាក់ខែបានតិចតួច ថែមទាំងត្រូវបង់ថ្លៃទឹក ភ្លើងក៏ឡើងថ្លៃថែមទៀតប្រាក់នៅសល់បានតិចតួចប៉ុណ្ណោះ។
អ្នកស្រីបន្តថា៖ «បើឡើងរាងច្រើនជាងមុនទៀតក៏ល្អដែរ ព្រោះអីប្រាក់ខែឥឡូវបានតែ ទប់ ម៉ាចាយៗ តែវាមិន សល់ផងហ្នឹង ថ្លៃផ្ទះក៏ឡើង ទឹក ភ្លើង ហើយឥឡូវអីវ៉ាន់ឡើងទៀត ដល់ពេលអ៊ីចឹង ពួកខ្ញុំបានត្រឹមតែម៉ាចាយៗ វាមិនសល់។ បើថាអីវ៉ាន់ ថ្លៃផ្ទះអី ដូចមុនអ៊ីចឹង អត់សូវអីទេ រាងសប្បាយចិត្ត មានអារម្មណ៍ថាចង់ធ្វើការ ដល់ពេលថ្លៃផ្ទះឡើង អីវ៉ាន់ក៏ឡើង គ្មានចង់ធ្វើការទេរាល់ថ្ងៃ។ វាសល់តែម៉ាចាយ វាមិនសល់ បានត្រឹមតែផ្គត់ផ្គង់ទឹកដោះគោកូនរាល់ថ្ងៃ»។
អ្នកស្រីពៅ ក៏បានសំណូមពរផងដែរថា សូមកុំឱ្យម្ចាស់ផ្ទះឡើងថ្លៃឈ្នួលខ្ពស់ពេក ព្រោះថាប្រាក់ខែកម្មករបានឡើងតិចតួចប៉ុណ្ណោះ ចំណែកឯផ្ទះជួលក៏តូច ស្រាប់តែមកដំឡើងថ្លៃឈ្នួលខ្ពស់ជាងមុន ថែមទៀត។ «សូមឱ្យចុះថ្លៃផ្ទះផង អីវ៉ាន់ឡើងថ្លៃអ៊ីចឹង ហើយថ្លៃផ្ទះឡើងអ៊ីចឹងពិបាកណាស់ មួយឆ្នាំឡើង តាមប្រាក់ខែដែរ ចប់ហើយពួកខ្ញុំ ផ្ទះតូចហើយប្រាក់ខែ ថ្លៃផ្ទះឡើងទៀតចប់ហើយ»។
ចំណែកឯកញ្ញា ប៉ង់ ស្រីចាន់ ជាកម្មការិនីរោងចក្រមកពីខេត្តតាកែវ កញ្ញានិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងណាស់នៅពេលឮសូរថា រដ្ឋាភិបាលមានការដំឡើង ប្រាក់ខែឱ្យខ្ញុំអ៊ីចឹង។ ប៉ុន្ដែខ្ញុំយល់ឃើញថា កាលពីមុនប្រាក់ខែតិចអ៊ីចឹង អីវ៉ាន់ចាប់ហួយក៏ ថោក ហើយឥឡូវពេលដំឡើងប្រាក់ខែរោងចក្រអីអ៊ីចឹង អីវ៉ាន់ទំនិញអីក៏ឡើងថ្លៃ ហើយផ្ទះ ជួលក៏ឡើងថ្លៃទៀត ធ្វើឱ្យខ្ញុំពិបាកក្នុងការចាយវាយ ព្រោះស្អីៗក៏ឡើងថ្លៃទៅតាមហ្នឹង។ ហើយខ្ញុំគិតថា ប្រាក់ខែប៉ុណ្ណឹងមិនអាចសល់បានច្រើនដែរ»។
ទាក់ទងនឹងរឿងនេះដែរ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងរៀបចំគ្រប់គ្រងពីតម្លៃផ្ទះជួលហើយ ទោះបីមិនទាន់មានច្បាប់នេះដើម្បីអនុវត្តក៏ដោយ តែលោកជឿជាក់លើសហជីពគួរតែនាំគ្នាធ្វើចលនា ដើម្បីពន្យល់ម្ចាស់ផ្ទះទាំងអស់ កុំឱ្យមានការដំឡើងថ្លៃឈ្នួល។
លោកថា៖«ទីមួយយើង កំពុងរៀបចំគ្រប់គ្រងតម្លៃផ្ទះហើយ ទីពីរខ្ញុំជឿថា យើងខ្ញុំអត់មានការអនុវត្ត ឬចាត់វិធានការ ដែលយើងមិនទាន់មានច្បាប់នេះ ក៏ប៉ុន្ដែខ្ញុំជឿលើខាងសហជីព គួរតែនាំគា្ន ធ្វើចលនាពន្យល់ឱ្យម្ចាស់ផ្ទះទាំងអស់ហ្នឹងកុំឱ្យដំឡើងថ្លៃ ឬក៏ចំពោះការដំឡើងប្រាក់បៀវត្សជាការខំប្រឹងប្រែងរបស់និយោជក ហើយនិងរាជរដ្ឋាភិបាល ដើម្បីជួយពង្រឹងប្រាក់ចំណូល បន្ថែមទៅលើកម្មករ មិនមែនជាឱកាសសម្រាប់អ្នកដទៃនោះទេ។
ចំណែកឯប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករគឺលោក អាត់ ធន់ មានប្រសាសន៍ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា ១៤០ ដុល្លារនេះ គឺមិនទាន់អាចធានាទៅលើការរស់នៅ របស់កម្មករបានទេ ដោយសហជីពកំពុងធ្វើការទាមទារនូវអត្ថប្រយោជន៍ផ្សេងៗ ដើម្បីបង្កើនផលប្រយោជន៍ជូនកម្មករ។
«តាមពិតទៅ ប្រាក់ឈ្នួលអប្បបរមាហ្នឹងគឺទើបតែឡើងបាន ១៤០ ដុល្លារ នេះបើយើងពិនិត្យមើលតាមជាក់ស្ដែង យើងមិនទាន់អាចធានាទៅលើការរស់នៅរបស់កម្មករបានទេ ហើយជាមួយគ្នានេះដែរ សហជីពកំពុងតែធ្វើការទាមទារ នូវអត្ថប្រយោជន៍ផ្សេងៗ ដើម្បីបង្កើនផលប្រយោជន៍កម្មករ ប៉ុន្ដែយើងមិនដែលគិតថា ម្ចាស់ផ្ទះជួលហ្នឹងគាត់ អឺ! ក្នុងពេលហ្នឹងគាត់ឆ្លៀតពេលដំឡើងថ្លៃ ដើម្បីយកផលប្រយោជន៍ពីការឡើងប្រាក់ឈ្នួលដ៏តិចតួចនេះទេ។ យើងអត់ដែលគិតអ៊ីចឹងទេ! ប៉ុន្ដែដល់យើងឮអ៊ីចឹង យើងមានការសោកស្ដាយមែនទែន»។
«ប៉ុន្ដែសូមបញ្ជាក់ផងដែរថា កាលពីខែប្រាំបួនកន្លងទៅគឺ ខាងសភាបានអនុមតិទៅលើច្បាប់ មួយដែលនិយាយថា ជាច្បាប់ភតិសន្យាពិសេស នេះគឺជាច្បាប់ជួលផ្ទះនេះឯង គឺមិនមែន អនុញ្ញាតឱ្យម្ចាស់ផ្ទះហ្នឹង យកថ្លៃអីទៅលើបន្ទប់ជួលហ្នឹងបន្ថែមទៀតទេ ។ អញ្ចឹងក្នុង ករណីដែលគាត់កំពុងតែធ្វើការយកថ្លៃទៅលើបន្ទប់ជួលបន្ថែម នេះមានន័យថាគាត់រំលោភលើច្បាប់ ហ្នឹងហើយ។ ក្នុងករណីដែលកម្មករនិយោជិត ឬក៏អ្នកជួលហ្នឹងអាចតវ៉ា ហើយនិងការប្ដឹងទៅ អាជា្ញធរដោះស្រាយ ខ្ញុំគិតថាប្រហែលជាគាត់មិនអាចយកថ្លៃទៅលើបន្ទប់ជួលបន្ថែមទៀត ទេបាទ»។ នេះគឺជាការលើកឡើងបន្ថែម លោក អាត់ ធន់។
កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ រដ្ឋសភាកម្ពុជាបានអនុមតិច្បាប់ភតិសន្យាពិសេស មាន ៤ជំពូក ១១ មាត្រា ហើយគោលបំណងនៃការធ្វើច្បាប់នេះ គឺដើម្បីធានាសិទ្ធិ និងផលប្រយោជន៍របស់ភតិបតី និងភតិកៈ ដែលបានបង្កើតឡើងដោយភតិសន្យាពិសេស ដើម្បីស្ថិរភាពក្នុងជីវភាពរស់នៅសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ៕