en     km
en     km

កម្មកររោងចក្រML នៅក្រុងប៉ោយប៉ែត រំពឹងរោងចក្របើកប្រាក់ខែឱ្យទៀងទាត់ ក្រោយពួកគេប្រមូលផ្ដុំតវ៉ា

Share

កម្មករ-កម្មការិនី ២០០នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់អិម អិល (ML) ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តវ៉ាទាមទារឱ្យថៅកែរោងចក្របើកប្រាក់ឈ្នួលឱ្យទៀងទាត់ ព្រោះពួកគេប្រឈមជីវភាពខ្វះខាតប្រចាំថ្ងៃ ដោយសង្ឃឹមនៅថ្ងៃទី១៤ ខែកុម្ភៈនេះ ទទួលបានប្រាក់ឈ្នួលតាមការសន្យារបស់រោងចក្រ។ យ៉ាងណាមន្ទីរការងារខេត្តនេះ អះអាងថា ខ្លួននឹងបន្តតាមដានលើការសន្យារបស់រោងចក្រ ក្នុងការអនុវត្តបើកប្រាក់ឈ្នួលជូនកម្មករ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

កាលពីថ្ងែទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្មករ-កម្មការិនីប្រមាណ ២០០នាក់ បានប្រមូលផ្ដុំមុខរោងចក្រអឹមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីតវ៉ាទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលដែលនៅសល់ ២៥ភាគរយជូនពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់អង្គការសង់ត្រាល់។

អង្គការខាងលើបញ្ជាក់ថា រោងចក្រML បើកប្រាក់ខែយឺតយ៉ាវជូនកម្មករជាច្រើនលើក ច្រើនដងមកហើយ។ ហេតុនេះ បានបង្កឱ្យកម្មករជួបការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

អ្នកស្រី រស់ ស្រីនាង ជាកម្មករបម្រើការងារជាង ១០ឆ្នាំ ផ្នែកដេរ នៅរោងចក្រML។ អ្នកស្រីរៀបរាប់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៣ ខែកុម្ភៈថា កម្មករប្រមូលគ្នាតវ៉ានេះ គឺទាមទារឱ្យរោងចក្របើកប្រាក់ឈ្នួលឱ្យបានទៀងទាត់ និងសូមកុំបញ្ឈប់កម្មករដោយគ្មានមូលហេតុ។ តែមកដល់ពេលនេះ កម្មករទាំងអស់បានប្រមូលគ្នាចូលធ្វើការវិញហើយ ដោយរោងចក្របានដោះស្រាយ និងសន្យាថា ប្រាក់ឈ្នួលរបស់កម្មករនឹងបើកឱ្យទៀងទាត់តាមការកំណត់។

អ្នកស្រី រស់ ស្រីនាង៖ «ប៉ះពាល់ហ្នឹងហើយ ភាគច្រើនយើងជំពាក់ធនាគារ ហើយលុយកូនរៀន អ្នកខ្លះទៅគាត់ត្រូវបង់ថ្លៃបន្ទប់ជួលអីអ៊‌ីចឹងណាបង ហើយលុយបើកតិចៗអ៊‌ីចឹងវាអត់បានធ្វើអីឱ្យពេញលេញ ហើយយើងបើកអ៊‌ីចឹងបងឯងគិតមើលគ្នាវាលំបាកដែរហ្នឹងកម្មករ»។

កម្មការិនីរូបនេះបន្ថែមថា នៅថ្ងៃទី១៤ ខែកុម្ភៈ អ្នកស្រីសង្ឈឹមថានឹងទទួលបានប្រាក់ឈ្នួលដែលនៅសេសសល់របស់ខ្លួនដែលរោងចក្រខកខានមិនបានបើកជូនកន្លងមក។

ប៉ុន្តែលោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ក្រោយពីមានការតវ៉ាទាមទាររបស់កម្មករ មន្ទីរការងារបានសម្របសម្រួល ដោយភាគីក្រុមហ៊ុនបានសន្យាជាមួយកម្មករថា នឹងបើកប្រាក់ឈ្នួលឱ្យកម្មករទៀងទាត់តាមកាលកំណត់។ ក្រៅពីនេះមន្ទីរការងារ នឹងបន្តឃ្លាំមើលរោងចក្រនេះ អនុវត្តតាមការសន្យារបស់ខ្លួននៅថ្ងៃទី១៤ កុម្ភៈ នឹងបើកប្រាក់ឈ្នួលដែលនៅសល់ ២៥ភាគរយបន្ថែមជូនកម្មករ។

លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ។ រូបភាពពីបណ្ដាញសង្គម។

លោក នួន ស៊ីណា៖ «គាត់ទាមទារទីមួយការបើកប្រាក់២៥ភាគរយដែលនៅសេសសល់ ហើយមួយទៀតគឺទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ឱ្យបានទៀងទាត់តាមការព្រមព្រៀងគ្នាកន្លងមកអ៊‌ីចឹងណា ហើយយើងបានសម្របសម្រួល និងធ្វើកិច្ចព្រមព្រៀងគ្នា ហើយនៅថ្ងៃស្អែក យើងនឹងតាមដានទៀតថាតើក្រុមហ៊ុនបើកប្រាក់ខែជូនកម្មករ២៥ភាគរយដែលបានសន្យាក្នុងកិច្ចព្រមព្រៀងគ្នា»។

ជុំវិញរឿងនេះលោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ ប្រាប់វិទ្យុស្ដ្រីដែរថា បញ្ហាការបើកឈ្នួលជូនកម្មករនៅរោងចក្រ ML នេះ មិនទៀងទាត់ បានកើតឡើងជាច្រើនលើកច្រើនសារមកហើយ ស្របពេលរោងចក្រមានការបញ្ជាទិញ និងមានការងារជាច្រើនឱ្យកម្មករធ្វើ។ ហេតុនេះការបើកប្រាក់ឈ្នួលមិនទៀងទាត់ ជាកំហុសធ្ងន់របស់និយោជក ទោះបីកន្លងមកមានការសម្របសម្រួលដោះស្រាយវិវាទនេះក្ដី។

លោក ឃុន ថារ៉ូ៖ «អ៊‌ីចឹងសមត្ថកិច្ចក្នុងការបើកប្រាក់ឈ្នួលនេះ វាមិនពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទេ វាពាក់ព័ន្ធនឹងក្រុមហ៊ុនអ្នកបញ្ហាទិញ ពាក់ព័ន្ធនឹងការធ្វើអធិការកិច្ច។ អ៊‍‌ីចឹងកន្លងមកមានការធ្វើអធិការកិច្ចដែរ ប៉ុន្តែបញ្ហាគឺនៅដដែល ដូច្នេះត្រូវធ្វើអធិការកិច្ចឱ្យម៉ឺងម៉ាត់ ដើម្បីបញ្ហាក់ថាក្រុមហ៊ុនហ្នឹងត្រូវមានការកាតព្វកិច្ចអនុលោមទៅតាមគោលការណ៍ច្បាប់ ហើយត្រូវមានការដាក់ទោសទណ្ឌលើក្រុមហ៊ុន ព្រោះមិនមែនជាលើកទីមួយ អ៊‌ីចឹងអាហ្នឹងស្ថិតនៅក្នុងករណីកំហុសធ្ងន់របស់និយោជក ការអនុវត្តមិនត្រឹមត្រូវរបស់និយោជកក្នុងការខកខានរបស់ខ្លួនលើការដបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិត»។

កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ កម្មករនៅរោងចក្រ​កាត់ដេរសម្លៀកបំពាក់ អិម អិល(ML) ក៏ធ្លាប់បានប្រមូលផ្តុំគ្នា​​តវ៉ាទាមទារឱ្យ​រោង​ចក្រ​បើកប្រាក់ឈ្នួល​ឱ្យបាន​ទៀង​ទាត់​​ផង​ដែរ ក្រោយពីរោងចក្រនេះ តែងតែ​​ពន្យា​ពេល​​បើក​ប្រាក់ឈ្នួលឱ្យកម្មករ៕​​

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង