ភ្នំពេញ ៖ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះបាទ នរោត្តម សីហនុ គម្រប់ខួប ៦ឆ្នាំ នៅឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងដូចរៀងរាល់ឆ្នាំដែរ ដោយស្ថាប័នជាតិធំៗ ថ្នាក់ដឹកនាំកំពូលៗ ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលធ្វើពិធីនេះ នៅវិមានតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ ហើយនៅក្នុងព្រះបរមរាជវាំងក៏មានពិធីនេះដែរ។ ពិធីនេះធ្វើឡើងដោយព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី និងសម្ដេចម៉ែ។
លោក លៀស៊ីណា ជូនសេចក្ដីអធិប្បាយដូចតទៅ៖
ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិ បានប្រសូតនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ និងបានយាងចូលទិវង្គត កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលម៉ោង ១ និង២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។
អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរជនលេចធ្លោបំផុត នៅក្នុងឆាកនយោបាយកម្ពុជា និងនៅលើឆាកអន្តរជាតិ ។ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់គ្រងរាជបល្ល័ង្ករហូតដល់ទៅ ២លើក ហើយក៏បានដាក់រាជ្យ ២លើកផងដែរ។ ព្រះអង្គគឺជាតួអង្គ នៃប្រវត្តិសាស្ត្រខ្មែរ ដែលគេអាចរាប់ តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ឬសង្គមរាស្ត្រនិយម ។ សង្គមរាស្ត្រនិយម គឺជាសម័យកាលដ៏រុងរឿងមួយទៀត នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយព្រះអង្គ ក្រោយប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មតថា ជាដែនដីសន្ដិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។
ព្រះអង្គជាតួអង្គមិនអាចភ្លេចបានទេ នូវការទាមទារឯករាជ្យ ពីអាណានិគមបារាំង ហើយស្នាព្រហសត្ថជាប្រវត្តិសាស្ត្រមួយទៀត គឺការដណ្ដើមកាន់កាប់មកវិញនូវប្រាសាទព្រះវិហារ ពីសៀម ដែលកម្ពុជា បានឈ្នះក្ដី ប្រទេសសៀមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងចុងក្រោយ គឺព្រះអង្គជាតួអង្គ ជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា១៩៩១។ តាមរយៈនេះ ព្រះអង្គត្រូវបានភាគីខ្មែរ ឯកភាពគ្នាថ្វាយតួនាទីដល់ព្រះអង្គ គឺជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅកាត់ថា SNC។ បន្ទាប់ពីបានកាន់តំណែងនេះ ព្រះករុណា ក៏ត្រូវបានសមាជិកសភាខ្មែរ ថ្វាយជូនព្រះអង្គជាថ្មីទៀត គឺព្រះមហាក្សត្រ នៃរាជាណាចក្រកម្ពុជា។
ព្រះរាជជីវប្រវត្តិ
ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់បានព្រះរាជសម្ភព នាថ្ងៃអង្គារ ១៥កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំង ក្រុងចតុម្មុខមង្គល ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។
ការឡើងគ្រងរាជ្យដំបូង
នៅ ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្តពីព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ ប៉ុន្តែក្រោយពីប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យសម្បត្តិ នាថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ដោយថ្វាយរាជសម្បត្តិ ទៅព្រះបិតាព្រះអង្គ គឺព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត។
ការឡើងគ្រងរាជ្យលើកទីពីរ
ក្រោយពីដាក់រាជ្យ មិនយូរប៉ុន្មាន ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានឡើងគ្រងរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលនិវត្ដន៍នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ព្រះអង្គបានឡើងគ្រងរាជ្យលើកទីពីរនេះ បន្ទាប់ពីប្រទេសកម្ពុជា បញ្ចប់សង្គ្រាមស៊ីវិល នៅឆ្នាំ១៩៩១ ហើយ ឆ្នាំ១៩៩៣ កម្ពុជាមានរដ្ឋធម្មនុញ្ញថ្មី ដោយចាប់យករបបរាជានិយមឡើងវិញ។
ការដាក់រាជ្យចុងក្រោយ
ដោយសារតែមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបានដាក់រាជ្យនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ កាលនោះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះឋានៈព្រះអង្គជា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»៕