ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូននដំណឹងដល់សាធារណៈជនជាថ្មី ជុំវិញអាកាសធាតុដែលកម្ពុជា នឹងរងឥទ្ធិ ពលពីខ្យល់ព្យុះមកបោកឆ្លងកាត់អាងទន្លេមេគង្គដោយឆ្លងកាត់ពីប្រទេស ថៃ និង ប្រទេសឡាវ មកលើប្រទេសកម្ពុជា នៅថ្ងៃទី ០៧ ដល់ថ្ងៃទី ១៤ សីហា ឆ្នាំ ២០១៦។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបានចេញកាលពីថ្ងៃទី ០៤ សីហា កាលពីម្សិលមិញបញ្ជាក់ថា នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា អាចនឹងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
តាមសេចក្ដីជូនដំណឹងនេះ តំបន់ដែលអាចប្រឈមនឹងការទទួលរងឥទ្ធិពលពីអាកាសធាតុប្រែប្រែលនេះរួមមាន តំបន់មាត់សមុទ្រអាចនឹងមានភ្លៀងបន្ដធ្លាក់ជាបន្ដបន្ទាប់ ពិសេសចាប់ពីថ្ងៃ ០៧ ដល់ ថ្ងៃទី ១៤ សីហា ឆ្នាំ ២០១៦ ភ្លៀងនឹងចាប់ផ្ដើមធ្លាក់ខ្លាំងហើយតំបន់ផ្សេងៗដែលនៅជាប់នឹងមាត់សុទ្រ ក៏ដូចជានៅលើកំណាត់ផ្លូវជាតិលេខ ៤ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ ហើយមិនតែប៉ុណ្ណោះនៅតាមតំបន់ឆ្នេរ និង លើផ្ទៃសមុទ្រ នឹង មានខ្យល់បកបោកខ្លាំងដែលមិនអាចកំណត់បាន។ ចំណែកតំបន់វាលទំនាប និង តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានអំពាវនាវដល់សាធារណៈជនដែលរស់នៅតាមតំបន់មួយនចំនួនដូចដែលក្រសួងបានជម្រាបខាងលើ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសប្រជានេសាទ និង អ្នកទេសចរណ៍នានា គួរផ្អាកការធ្វើដំណើរលើលំហសមុទ្រក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីបញ្ជៀសឧបទ្ធវហេតុណាមួយដែលអាចកើតឡើងដោយជាយថាហេតុ៕