ប្រទេសកម្ពុជានៅតែស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ជាប្រទេសដែលមានអំពើពុករលួយខ្លាំងបំផុតក្នុងចំណោមប្រទេសចំនួន ១៧៦។ នេះបើយោងតាមរបាយការណ៍អំពើពុករលួយប្រចាំឆ្នាំ២០១៦ របស់អង្គការតម្លាភាពកម្ពុជា ព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧។លោក ជួ សារ៉េត រាយការណ៍៖
ភ្នំពេញ៖ អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាមិនបានថមថយនោះទេ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។របាយការណ៍របស់អង្គការតម្លាភាពកម្ពុជាដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធទី២៥មករានេះ បង្ហាញថាកម្ពុជាឈរនៅលំដាប់ទី១៥៦ក្នុងចំណោមប្រទេសសរុបចំនួន១៧៦ដែលត្រូវបានយកមកសិក្សា។
របាយការណ៍ដដែលបញ្ជាក់ថាប្រទេសកម្ពុជាទទួលបាន ២១ពិន្ទុ សម្រាប់សន្ទស្សន៏នៃការយល់ឃើញពីអំពើពុករលួយក្នុងឆ្នាំ២០១៦។ ហើយពិន្ទុនេះមិនមានការផ្លាស់ប្តូរនោះទេក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ។ ប៉ុន្តែវាជាចំណាត់ថ្នាក់អាក្រក់ជាងប្រទេសដទៃក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានទាំងដប់ប្រទេស។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៏ថា បញ្ហាពុករលួយក្នុងប្រទេសកម្ពុជានៅតែមានស្ថានភាពមិនល្អដដែលបើទោះបីជាមានភាពប្រសើរតិចតួចក្តី។
«យើងឃើញការថយចុះអំពើពុករលួយក្នុងវិស័យសេវាសាធារណៈមួយចំនួនដូចជាការផ្តល់អត្តសញ្ញាណបណ្ណ ការធ្វើសៀវអត្រានុកូលដ្ឋាន ដោយទ្បែកបញ្ហាពុករលួយក្នុងវិស័យយុត្តិធម៌គឺហាក់បីមិនរំកិលទៅណាសោះកាន់តែមានលក្ខណៈធ្ងន់ធ្ងរទៅ ដោយសារមានករណីកាត់ក្តីគេមើលឃើញថាមានចារិកលក្ខណៈនយោបាយ »។
លោក នុត រំដួល តំណាងរាស្ត្របក្សសង្គ្រោះជាតិ ដែលជាសមាជិកគណៈកម្មាការទី១០ប្រឆាំងអំពើពុករលួយ យល់ស្របជាមួយរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា។ លោក នុត រំដួល ដែលមានវត្តមានក្នុងពិធីបង្ហាញរបាយការណ៍នៅថ្ងៃនេះដែរកត់សំគាល់ថាអំពើរពុករលួយប្រព្រឹត្តិភាគច្រើនក្នុងរដ្ឋបាលថ្នាក់ក្រោម។
«ពេលដើមមកយើងវាឮសូរហើយប្រទេសកម្ពុជាវាអន់ថយជាងគេមែននិយាយជាការពិត ពុករលួយនេះខាងតុលាការក៏ច្រើន អាហ្នឹងវាឮជាទូទៅ តាមការស្តាប់ពិនិត្យមើលរបស់ខ្ញុំឃើញរដ្ឋាភិបាលខំប្រឹងណាស់ ខំប្រឹងផ្តល់យោបល់ថ្នាក់ក្រោមតែថ្នាក់ក្រោមមិនយកចិត្តទុកដាក់ស្តាប់ឥលូវប្រព្រឹត្តិភាគច្រើនថ្នាក់ក្រោមបើថ្នាក់ក្រោមស្តាប់ថ្នាក់លើវាមិនសូវអីទេ»។
ចំណែក លោក ចេវ គឹមហេង តំណាងរាស្ត្របក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាការទី១០ដែរក៏បានគាំទ្ររបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាដូចគ្នានេះដែរ។ លោកទទួលស្គាល់ថាការអនុវត្តរបស់រដ្ឋាភិបាលពិតជានៅមានចំនុចខ្វះខាតហើយរដ្ឋាភិបាលនឹងពង្រឹងការអនុវត្តនេះឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
«កន្លែងខ្លះយើងយកទៅពិនិត្យបន្តទៀតព្រោះខ្ញុំក៏មិនមែនអ្នកជំនាញអ្នកខាងដាក់ពិន្ទុហ្នឹងដែរហើយឱ្យខ្ញុំជឿទាំងអស់ក៏មិនបាន ហើយមិនជឿក៏មិនកើតដែរ ព្រោះតែយើងឃើញទិដ្ឋភាពជាក់ស្តែងស្រុកណាក៏មានដែរបញ្ហាហ្នឹងគ្រាន់តែតិចឬច្រើនដូច្នេះយើងត្រូវតែប្រឹងធ្វើតទៀត»។
វិទ្យុស្ត្រីមិនទាន់អាចសុំការឆ្លើយតបពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបាននៅទ្បើយនោះទេនៅថ្ងៃនេះ ដោយទូរស័ព្ទរបស់លោករោទិ៍ប៉ុន្តែពុំមានអ្នកទទួល។
សូមជំរាបថាក្នុងចំណោមប្រទេសទាំង ១៧៦ប្រទេសដែលមានការកាត់បន្ថយអំពើពុករលួយបានល្អជាងគេមានប្រទេស ដាណាម៉ាក ញ៉ូហ្សេលេន ហ្វាំងទ្បុង ស៊ុយអែត ស្វីស ណ័រវេ សិង្ហបុរី ណៃឌ័រលេន កាណាដា អាទ្បឺម៉ង់ លុចហ្ស៊ីមបួរ និងចក្រភពអង់គ្លេស។ ចំណែកប្រទេសដែលមានអំពើពុករលួយអាក្រក់ជាងគេ មានប្រទេស អ៊ីរ៉ាក់ ប្រទេស វ៉េណេស៊ុយអេទ្បា ហ្គីណេប៊ីស្យូ អាហ្វហ្គានីស្ថាន ប្រទេស លីប៊ី ស៊ូដង់ យេម៉ែន ស៊ីរី ប្រទេសកូរ៉េខាងជើង ស៊ូដង់ខាងត្បូង និងប្រទេសសូម៉ាលី៕