loader

កម្ពុជាស្នើចិនសម្រួលនីតិវីធីនាំអង្ករចេញឱ្យបាន ៤០ ម៉ឺនតោន

ភ្នំពេញ៖​ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក ប៉ាន សូរស័ក្ក​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឱ្យភាគីចិនជួយសម្រួលនីតិវីធី ដើម្បីអនុវត្តគោលការណ៍នាំចេញអង្ករទៅប្រទេសចិនឲ្យបាន ៤០ម៉ឺន តោន ដូចដែលចិនបានសន្យាតំឡើងកូតានាំចូលអង្ករពីកម្ពុជាឱ្យកើនដល់ ៤០ម៉ឺនតោននោះ ។ ការស្នើនេះធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក លី ឆេងកាង (Li Chenggang) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី ០២ មីនា។  

ក្នុងជំនួបនោះភាគីទាំងពីរក៏បានពិភាក្សាលើការជំរុញរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលមានសារៈសំខាន់ក្នុងការធ្វើពាណិជ្ជកម្មទៅវិញទៅមក តាមក្របខណ្ឌនៃច្បាប់ផងដែរ។

                                                  ជំនួបរវាងរដ្ឋមន្រ្តីពាណិជ្ជកម្ម និងភាគីចិនលើបញ្ហាវិស័យស្រូវអង្ករ។

 

ជាការឆ្លើយតប លោក លី ឆេងកាង បានឯកភាពលើសារៈប្រយោជន៍នៃចំណុចពិភាក្សាទាំងអស់ដែលភាគីកម្ពុជា បានលើកឡើង។ លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ជាគំនិតផ្តួចផ្ដើមសំខាន់មួយសម្រាប់ប្រទេសទាំងពីរ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមមានវិនិយោគ សំណង់ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
ទាក់ទិនការនាំចេញអង្ករវិញ ភាគីចិន និងកម្ពុជានឹងបន្តកិច្ចសហការជាមួយគ្នាឲ្យរឹតតែស៊ីជម្រៅ ដើម្បីសម្រេចបានគោលដៅនាំចេញនេះ ហើយភាគីទាំងពីរនឹងបន្តប្រឹក្សា ជាមួយគ្នាបន្ថែមទៀតលើឯកសារដែលចាំបាច់ សម្រាប់សម្រួលដល់វិស័យកសិកម្មកម្ពុជា។

សូមរំលឹកថា អង្ករកម្ពុជាត្រូវបានសហគមន៍អឺរ៉ុបកំណត់យកពន្ធនាំចូលក្រោមហេតុផលថា ដើម្បីការពារផលប្រយោជន៍វិស័យស្រូវអង្កររបស់កសិករអឺរ៉ុប ក្រោយមានបណ្តឹងពីប្រទេសអ៊ីតាលី និងអេស្បាញ។

កម្ពុជាត្រូវខាតបង់ថវិកាប្រមាណ៥៤លានដុល្លារលើការបង់ពន្ធនាំចូលអង្ករទៅកាន់ទីផ្សារអឺរ៉ុបនេះ។ កាលពីពេលថ្មីនេះ របាយការណ៍របស់ច្រកចេញចូលនៃការនាំចេញឱ្យដឹងថា អង្ករកម្ពុជាដែលនាំទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបបានធ្លាក់ចុះ ៥ភាគរយនៅដើមឆ្នាំ២០១៩នេះ។​

ប្រមុខរាជរដ្ឋាភិបាលធ្លាប់បានប្រកាសកុំឱ្យកសិករមានការព្រួយបារម្ភចំពោះការនាំចេញអង្ករទៅអឺរ៉ុបនេះ ដោយសម្តេចនាយករដ្ឋមន្រ្តីអះអាងថា ទោះបីអឺរ៉ុបរឹតត្បិតលើការតំឡើងពន្ធនាំចូលអង្ករកម្ពុជាក្តី ក៏កម្ពុជាអាចនាំអង្ករទៅប្រទេសចិន និងវៀតណាម បានជាង៧០ម៉ឺនតោនក្នុងមួយឆ្នាំបានផងដែរ។

អ្នករកស៊ីក្នុងវិស័យស្រូវអង្ករនិយាយថា ទោះបីទីផ្សារប្រទេសអឺរ៉ុបដែលមានជាង ២៨ប្រទេសបានរឹតត្បិតពន្ធអង្ករកម្ពុជាក្តី តែបច្ចុប្បន្នកម្ពុជាមានទីផ្សារនាំចេញអង្ករទៅក្រៅប្រទេសជាង៧០ប្រទេសឯណ្ណោះ។ លោកបន្តថា ប្រទេសចិន និងវៀតណាមមិនអាចក្រឡុកតម្លៃស្រូវអង្ករកម្ពុជាបានតាមចិននោះទេ ព្រោះកម្ពុជាមានជម្រើសលើការនាំចេញអង្ករទៅច្រើនប្រទេស។ អ្នកជំនួញស្រូវអង្ករបញ្ជាក់ទៀតថា ចិន និងវៀតណាម ចូលចិត្តបរិភោគអង្ករកម្ពុជាណាស់ ព្រោះមានរសជាតិឆ្ងាញ់ ហើយប្រទេសទាំងពីរនេះចូលចិត្តទទួលទានគុយទាវដែលផលិតចេញពីអង្ករ ដូច្នេះប្រទេសទាំងពីរពិតជាមានតម្រូវការខ្ពស់លើស្រូវអង្ករនេះ។

តែយ៉ាងណាអ្នកវិភាគសេដ្ឋកិច្ច និងអ្នកជំនាញកសិកម្មដាក់ក្តីព្រួយបារម្ភថា សេដ្ឋកិច្ចកម្ពុជាមួយផ្នែកនឹងជួបបញ្ហាក្នុងគ្រានៃការរឹតបណ្តឹងពន្ធអង្ករនេះ។ អ្នកវិភាគចង់ឱ្យរដ្ឋាភិបាលមានកិច្ចអន្តរាគមន៍ឱ្យទាន់ពេលវេលា ដើម្បីជួយពង្រឹងសមត្ថភាពកសិករឱ្យមានភាពប្រកួតប្រជែងលើវិស័យស្រូវអង្ករនេះ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល Emirates នឹងបើកជើងហោះហើរថ្មីពីភ្នំពេញទៅបាងកក

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត (Emira[...]

សហព័ន្ធស្រូវអង្ករកម្ពុជាមានបំណងចង់ជួបប្រតិភូសហភាពអឺរ៉ុបរឿងពន្ធអង្ករ

ភ្នំពេញ៖ មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប[...]

ទំនិញកម្ពុជា ៣២ មុខនាំទៅប្រទេសវៀតណាមមិនចាំបាច់បង់ពន្ធគយទៀតឡើយ

ភ្នំពេញ៖ ទំនិញរបស់កម្ពុជាចំនួន ៣២មុខ ដែលនាំចេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត