loader

កម្ពុជាសម្លឹងមើលការពង្រឹងទំនាក់ទំនងជាមួយវេណេហ្សូអេឡា ខណៈរបបម៉ាឌូរ៉ូប្រឈមការទាញទម្លាក់ពីអំណាច

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងកិច្ចសហប្រិតិបត្តិការអន្តរជាតិកម្ពុជា និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនៃវេណេហ្សូអេឡា ក្នុងកិច្ចប្រជុំទ្វេភាគីមួយ បានបង្ហាញនូវឆន្ទៈនៃការចង់បង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីជាប្រយោជន៍ទៅវិញទៅមក ។ យ៉ាងណា ស្ថានភាពនៅវេណេហ្សូអេឡាបច្ចុប្បន្ន របបម៉ាឌូរ៉ូ កំពុងប្រឈមនឹងការទម្លាក់ពីអំណាច ។

រាយការណ៍ដោយលោក សោម លាភ

កាលពីថ្ងៃទី ២០ ដល់ ២១ កក្កដា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា គឺលោក អ៊ុច បូររិទ្ធ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃការិយាល័យសម្របសម្រួលនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងការ៉ាកាស់ នៃសាធារណៈរដ្ឋវេណេហ្សូអេឡា ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី ២២ កក្កដាថា  លោក អ៊ុច បូររិទ្ធ ក៏បានរំលេចនូវចំណុចមួយចំនួន ក្នុងសេចក្ដីថ្លែងការណ៍របស់កម្ពុជាផងដែរ ។

ជាក់ស្ដែង លោក អ៊ុច បូររិទ្ធ ថាពិភពលោកបច្ចុប្បន្ន មានប្រទេសមួយចំនួនបានចាប់បង្ខំឱ្យប្រទេសដទៃទៀត ត្រូវអនុវត្តតាមស្ដង់ដារបស់ខ្លួន ។

ជាងនេះ ពួកគេទាំងនោះបានបង្ហាញពីចំណង់របស់ខ្លួនក្នុងការជ្រើសរើសថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់ប្រទេសដទៃ សម្រេចភាពស្របច្បាប់នៃប្រទេស ឬរដ្ឋាភិបាលនៃប្រទេសមួយ តោងទាមដើរតួជំនួសប្រជាជន និងវាយតម្លៃប្រទេសដទៃតាមស្ដង់ដារបស់ពួកគេ លើមូលដ្ឋានផលប្រយោជន៍ជាតិ និងភូមិសាស្ត្រនយោបាយរបស់ខ្លួន ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជារូបនេះ រំលឹកអំពីការបោះឆ្នោតនៅកម្ពុជាទៅវេណេហ្សូអេឡាទៀតថា ការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ ២០១៨​ ប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ និងសន្តិភាព ដែលមានការចូលរួមពីប្រជាជនជាង ៨៣%  និងគណបក្សរហូតដល់ទៅ ២០គណបក្ស ។  លោកថា ចំនួននេះ គឺជាចំនួនដ៏លេចធ្លោខ្លាំងជាងគេ បើធៀបទៅនឹងការបោះឆ្នោតនៅប្រទេសផ្សេងទៀតដែលអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យយូរទៅហើយនោះ ។

លោកបង្ហាញការហួសចិត្ត ដែលប្រទេសមួយចំនួន មិនបានបញ្ជូនអ្នកអង្គេតការបោះឆ្នោតនៅកម្ពុជា តែធ្វើការវាយតម្លៃលើការបោះឆ្នោត គម្រាមដាក់ទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចដល់កម្ពុជា ដែលលោកថានេះជាទង្វើខុសឆ្គង និងគឃ្លើនដោយឥតអៀនខ្មាស់ ។​

រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង និងរកបាននូវសមិទ្ធិផលជាច្រើនជូនជាតិ តែមិនដែលទទួលបានការកោតសរសើរពីក្រុមប្រទេស ឬស្ថានប័នមួយចំនួន ដែលប្រកាន់យកស្ដង់ដារតែមួយទាំងនោះនោះទេ ។

អ្នកវិភាគនយោបាយធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីថា កម្ពុជាគួរតែងាកទៅចាប់ផ្ដើមអនុវត្តន៍គោលការលទ្ធិប្រជាធិបតេយ្យដែលពិភពលោកទទួលស្គាល់ ដើម្បីបង្ការកុំឱ្យមានការដាក់ទណ្ឌកម្មលើកម្ពុជា ។

យ៉ាងណា មន្ត្រីនាំពាក្យបក្សកាន់អំណាចថា កម្ពុជាមានស្ដង់ដាកម្ពុជា ហើយមិនអាចយកស្ដង់ដាររបស់ប្រទេសដទៃ មកអនុវត្តនៅកម្ពុជាបានឡើយ ។

ក្រោយការបោះឆ្នោត ដែលមានអន្តរជាតិមួយចំនួនជាប្រទេសប្រជាធិបតេយ្យមិនទទួលស្គាល់ កម្ពុជាហាក់បង្កើនទំនាក់ទំនងជាមួយប្រទេសកុម្មុយមានចិន និងវៀតណាមជាខ្លាំង ។

បើតាមសេចក្ដីប្រកាសដដែលបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ លោក អ៊ុច បូររិទ្ធ ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក រូបេន ដារីយ៉ូម៉ូឌីណា អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី មជ្ឈឹមបូព៌ា និងអូសេអានីនៃក្រសួងការបរទេសវេណេហ្សូអេឡាផងដែរ ។ ភាគីទាំងពីរបានបង្ហាញនូវសេចក្ដីប្រាថ្នានៃការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីជាប្រយោជន៍ទៅវិញទៅមក ។

គួររំលឹកថា ការបោះឆ្នោតសភានីតិកាលទី ៦ កន្លងទៅរបស់កម្ពុជា ជាលទ្ធផល មានតែគណបក្សប្រជាជនកម្ពុជាតែមួយបក្សតែប៉ុណ្ណោះ ដែលទទួលបានជ័យជំនះមានសម្លេងក្នុងរដ្ឋសភា ។ យ៉ាងណា ការបោះឆ្នោតនោះទៀតសោត បើទោះបីជាមានគណបក្សចំនួន ២០ ចូលរួមបោះឆ្នោតក៏ពិតមែន ប៉ុន្តែមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាបានទេ ដោយសារតែតុលាការកំពូលកម្ពុជារំលាយមុនការបោះឆ្នោតនេះ ។

ដោយឡែក ការបោះឆ្នោតប្រធានាធិបតីនៅវេណេហ្សូឡាវិញកាលពីឆ្នាំ ២០១៨ ក៏ធ្វើឡើងមិនមានការចូលរួមពីគណបក្សប្រឆាំងដែរ ខណៈដែលមុនការបោះឆ្នោតនោះ គឺរបបម៉ាឌូរ៉ូ បានចោទប្រកាន់លើមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងជាច្រើនរូបដែលជាហេតុធ្វើឱ្យពួកគេរត់ចេញទៅក្រៅប្រទេស ។ ជាងនេះទៅទៀត ការបោះឆ្នោតនោះទៀតសោត ក៏មិនមានការចូលរួមអង្កេតការណ៍ពីអន្តរជាតិនោះដែរ ហើយប្រពលរដ្ឋដែលចេញទៅបោះឆ្នោតនោះមានប្រមាណជិត ៥០ %តែប៉ុណ្ណោះ តែលោក ម៉ាឌូរ៉ូ បង្គាប់ឱ្យចេញផ្សាយថាជិត ៦០ % ។

របបម៉ាឌូរ៉ូនៅវេណេហ្សូអេឡា កំពុងទទួលរងការថ្កោលទោសពីប្រទេសប្រជាធិបតេយ្យធំៗ ពិសេសអាមេរិក កាណាដា អង់គ្លេសជាដើម ។ កន្លងមក ក៏មានការធ្វើបាតុកម្មដោយហឹងក្សា ទាមទារឱ្យលោកម៉ាឌូរ៉ូចុះចេញពីដំណែង ដែលដឹកនាំដោយប្រធានរដ្ឋសភាគឺលោក ជូនហ្កៃដូ ។ យ៉ាងណា ប្រទេសសង្គមនិយមមួយចំនួនរួមមានរុស្ស៊ី និងចិនជាដើម បានដកខ្លួនចេញពីវេណេហ្សូឡាមួយរយៈខណៈស្ថានភាពនយោបាយកាន់តែតឹងតែងក្រោមការគម្រាមពីអាមេរិក ។ តែចិននៅពេលនេះ បានចូលមកពីក្រោយគាំទ្ររបបម៉ាឌូរ៉ូវិញហើយ ។ មកទល់ពេលនេះ មានការចរចារវាងលោកម៉ាឌូរ៉ូ និងលោកជូនហ្កៃដូ មេបក្សប្រឆាំងខ្លះដែរ ដែលលោកម៉ាឌូរ៉ូស្នើសុំចរចាផ្ទាល់ តែមិនទាន់មានលទ្ធផលគួរឱ្យកត់សម្គាល់បែបណានៅឡើយនោះទេ ៕

អត្តបទ៖ សោម លាភ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស.អ.កថាឈឺចាប់រឿង EU យកពន្ធអង្ករហើយ ថែមទាំងរឿងពិចារណាដកEBAទៀត

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាព[...]

ពលរដ្ឋបុរីកីឡាដាក់សំណើជាថ្មី ឈានទៅបញ្ចប់បញ្ហាតវ៉ារុំារ៉ៃជិត ២០ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ សីហានេះ ពលរដ្ឋបុរីក[...]

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត