លោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុជាសកលនោះ កម្ពុជា និងអង្គការសហប្រជាជាតិបានផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យចំនួន ៦មាន ទី១ វិស័យកសិកម្ម ទី២ វិស័យថាមពល ទី៣ វិស័យព្រៃឈើ ទី៤ វិស័យឧស្សាហកម្ម ទី៥វិស័យគីមី និងទី៦ គឺវិស័យការគ្រប់គ្រងសំរាម ដោយសារតែវិស័យទាំង៦នេះ លោករដ្ឋមន្រ្តីថា កំពុងនាំដល់ការបំពុលបរិស្ថាន ការកកើនឡើងកម្តៅ និងការប្រែប្រួលអាកាសធាតុ។ អ្នកស្រី វ៉ាយ វត្តីជូនសេចក្តីរាយការណ៍
លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទសនិងដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ។ លោកបន្តថា ក្រសួងបរិស្ថានបានត្រៀមខ្លួនជាស្រេច ទី១ រួមគ្នា ជាមួយបណ្តាប្រទេសដ៏ទៃទៀត ដែលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហា ទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដី កុំអោយលើសពី១,៥អង្សារ និងទី៣កៀរគរថវិកា ឱ្យបាន១០០ពាន់លានដុល្លារក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះ មកជួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកុំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងនោះ ជួបប្រទះបញ្ហាគ្រោះ មហន្តរាយដោយសារការកើនឡើងកំដៅផង នឹងការប្រែប្រួលអាកាសធាតុផង។ជាមួយគ្នានេះ លោកក៏បានបញ្ជាក់អំពីការបេ្តជ្ញា របស់កម្ពុជាក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះផងដែរ។
លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត៖« ក្រសួងបរិស្ថាន ក្នុងដំណើរការចូលរួមក្នុងសន្និសីទលើកទី២៩ COP29 នៅអាស៊ែបៃហ្សង់ និងជម្រាបជូនបណ្តាប្រទេសទាំងអស់ ដែលចូលរួមអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការកើនឡើងកម្តៅផង ទប់ស្កាត់ការប្រែប្រួលអាកាសធាតុផង ហើយអ្វីដែលកម្ពុជាយើងបានធ្វើកន្លងមកជាពិសេសក្រសួងបរិស្ថានបានធ្វើការងារច្រើនដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ការកកើនឡើងកម្តៅ ទន្ទឹមនឹងក៏មានជំនួបទ្វេភាគីជាច្រើនទៀត ដើម្បីកៀរគរ ការគាំទ្រ ដល់សកម្មភាពរបស់កម្ពុជាផង កៀរគរធនធានដើម្បីយកមកជំរុញ លើកស្ទួយបរិស្ថានកម្ពុជាយើងផង»។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា កំពុងតែអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព។ ការចេញដំណើរទៅប្រជុំនៅក្រៅប្រទេស គឺជាការជំរុញការងារការទូតបរិស្ថាន ធ្វើយ៉ាងណាពង្រីកទំនាក់ទំនងជាមួយនិងដៃគូក្រៅប្រទេស ភាគីអន្តរជាតិផង ក៏ដូចជាកៀរគរការគាំទ្រ ថវិកា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យភាពស្អាតនិងបៃតង របស់កម្ពុជាមានចីរភាព តរៀងទៅ។ លោក បណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ថា ក្រសួងបរិស្ថានកម្ពុជា បានប្តេជ្ញា យកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យបរិស្ថានកម្ពុជាធានាបានការគ្រប់គ្រងបានល្អ រួមជាមួយពិភពលោក ក៏ដូចជាការសហការជាមួយអង្គការដៃគូផ្សេងៗទៀត។ ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំឱ្យមានការយកចិត្តទុកដាក់ទៅលើការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិច្ចច្រើន ដោយធ្វើការពិចារណាទទួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ដែលបានបង្កផលប៉ះពាល់ដល់ប្រទេសដ៏ទៃ ខណៈដែលកម្ពុជាមានទំនួលខុសត្រូវខ្ពស់លើបញ្ហាទាំងនេះ។
កម្ពុជានៅតែបន្តធ្វើការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការសាយភាពឧស្ម័នផ្ទះកញ្ចក់ ឱ្យបាន៤២ភាគរយ នៅឆ្នាំ២០៣០ និងការឈានទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងកំពុង ធ្វើការងារលើកិច្ចការងារជាច្រើនជាជំហានៗ ដែលមានការចូលរួមពីប្រជាជន ក៏ដូចជាសិស្សានុសិស្ស ក្នុងការជួយដាំដើមឈើ នៅឆ្នាំ២០២៣ បាន១លានដើម ហើយនៅឆ្នាំ២០២៥ខាងមុខនេះ និងឈានឡើងទៅប្រមាណចន្លោះ ពី២ ទៅ៣លានដើម ដើម្បីពង្រីកគម្របព្រៃឈើ ដែលដើមឈើនេះគឺជាកត្តាសំខាន់នៅក្នុងការស្រូបយកកាបូន កាត់បន្ថយការសាយភាយ ឧស្ម័នផ្ទះកញ្ចក់ ដែលនាំកម្ពុជាឈានឆ្ពោះទៅកាន់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
រូបភាព៖ក្រសួងបរិស្ថាន