loader

កម្ពុជានិងប្រទេសនៅអាស៊ីបេ្តជ្ញា យកកាកសំណល់ទៅប្រទេសដើមវិញ

ភ្នំពេញ៖​ ប្រទេសកម្ពុជា និងប្រទេសមួយចំនួននៅតំបន់អាស៊ីចាប់ផ្តើម និងកំពុងដំណើរការនាំចេញកាកសំណល់សំរាមហាមឃាត់ទៅប្រទេសដើមវិញ ខណៈកម្ពុជាធ្លាប់បង្ហាញឆន្ទៈយ៉ាងមុតមាំថា កម្ពុជាមិនទទួលកែច្នៃសំរាមពីបរទេសឡើយ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

សារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតពីបញ្ហាកាកសំណល់សំរាមរបស់ប្រទេសលោកខាងលិច ដែលលួចយកមកប្លោងចោលនៅបណ្តាប្រទេសអាស៊ីមួយចំនួនតាមរយៈក្រុមហ៊ុនខិលខូច ហើយក្នុងនោះមានកម្ពុជាផងដែរ បន្ទាប់ពីមហាយក្សអាស៊ីគឺចិន សម្រេចឈប់ទទួលយកកាកសំណល់ប្លាស្ទិកទៅកែច្នៃ។

បញ្ហាកាកសំណល់របស់ប្រទេសអភិវឌ្ឍន៍លោកខាងលិចមួយចំនួន បានក្លាយជាក្តីកង្វល់របស់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់អាស៊ី ក្នុងនោះមានកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម ដែលបានក្លាយជាទីលានសំចតចោលកាកសំណល់សំរាមទាំងនោះ។

មន្រ្តីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករលោក គុណ ញឹម បានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីយ៉ាងខ្លីនៅថ្ងៃទី០១ ខែសីហា នេះថា ក្រុមហ៊ុន ជុងយៀន ដែលលួចនាំសំរាមមកកម្ពុជា កំពុងស្វែងរកជើងនាវានាំចេញសំរាមទាំងនេះទៅវិញហើយ។ លោកបន្ថែមថា នៅសប្តាហ៍ក្រោយនឹងអាចមានព័ត៌មានថ្មីជុំវិញការនាំចេញសំរាមនេះ។

យ៉ាងណាក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ៍មន្រ្តីពាក់ព័ន្ធបានបង្ហាញឆន្ទៈ ដោយដាក់កំហិតដាច់ណាត់ឱ្យក្រុមហ៊ុន ជុងយៀន ត្រូវនាំចេញសំរាមហាមឃាត់ទាំងនោះត្រឡប់ទៅប្រទេសដើមវិញត្រឹមថ្ងៃទី២៤ សីហា ឆ្នាំ២០១៩ខាងមុខ ។ មន្រ្តីនាយកដ្ឋានគយ និងមន្រ្តីបរិស្ថាន បញ្ជាក់ថា កម្ពុជាមិនស្វាគមន៍ឡើយការនាំយកសំរាមបរទេសមកកែច្នៃនៅកម្ពុជា តែគាំទ្ររាល់ក្រុមហ៊ុនដែលមានបំណងបើករោងចក្រច្នៃសំរាមដែលមានក្នុងស្រុកស្រាប់។

ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័ ឯក ដែលមានថៅកែជាជនជាតិខ្មែរ ឈ្មោះ សួន ឡុក ត្រូវបានទទួលពិន័យរដ្ឋបាលដោយក្រសួងតម្រូវឱ្យក្រុមហ៊ុនមួយនេះ បង់ពិន័យ ១០០លានរៀលស្មើប្រមាណ ២៦ម៉ឺនដុល្លារ ហើយក្រុមហ៊ុនត្រូវនាំយកសំរាមត្រឡប់ទៅទីតាំងដើមវិញឱ្យអស់ត្រឹមថ្ងៃទី២៤ សីហាខាងមុខ។

ក្រុមហ៊ុនមួយនេះក៏អាចប្រឈមមុខការបិទទ្វារផងដែរ បន្ទាប់ពីដោះស្រាយបញ្ហានេះរួច ដោយសមត្ថកិច្ចកំពុងឈរលើមូលដ្ឋាននៃការពិចារណា។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសសេដ្ឋកិច្ចយក្សនៅអាស៊ី គឺចិនបានទទួលយកកាកសំណល់ប្លាស្ទិចយ៉ាងច្រើននៅជុំវិញពិភពលោក មកច្នៃជាសម្ភារៈ។ តែកាលពីដើមឆ្នាំ២០១៨ ចិនបានប្រកាសបិទការនាំចូលប្លាស្ទិច ជាអ្វីដែលប្រទេសមួយនេះកំពុងជំរុញកែលំអបរិស្ថានឡើងវិញ បន្ទាប់ពីមានវិបត្តិកម្រិតជាតិពុលខ្ពស់ក្នុងខ្សល់អាកាស។

ប្រទេសនៅអាស៊ីមានឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ បានបញ្ជូនចេញនូវកាកសំណល់ខុសច្បាប់ត្រឡប់ទៅប្រទេសបារាំង និង ហុងកុងវិញហើយ។

ដោយឡែកប្រទេសម៉ាឡេស៊ីកាលពីខែឧសភាបានប្រកាសថា ខ្លួននឹងបញ្ជូនប្លាស្ទិកទាំង៤៥០តោន ត្រឡប់ទៅប្រទេស អូស្ត្រាលី បង់ក្លាដែស កាណាដា ចិន ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និងអាមេរិកវិញ។ ចំណែកប្រទេសហ្វីលីពិនក៏ទើបនឹងបញ្ជូនចេញកាកសំណល់ជាង ៦៩កុងតឺន័រទៅប្រទេសកាណាដាវិញ ដែលប្រទេសហ្វីលីពិនចំណាយពេលដោះស្រាយជាង ៦ ឆ្នាំ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុបានក្លាយជាទីសំចតចោលកាកសំណល់ហាមឃាត់ចំនួន ៨៣កុងតឺន័រ ទម្ងន់ប្រមាណ ១៦០០តោន អស់រយៈពេលជាច្រើនខែ តាមរយៈការនាំចូលរបស់ក្រុមហ៊ុន ជុងយៀន ដែល​បន្លំឯកសារថា ជាទំនិញកែច្នៃ។ សមត្ថកិច្ចបានបើកការបង្រ្កាបលើកុងតឺន័រសំរាមទាំងនោះកាលពីថ្ងៃទី១៦ ខែកក្កដា ដែលភាគច្រើនប្លាស្ទិកគ្មានសារធាតុគីមីប៉ះពាល់សុខភាព និងបរិស្ថាន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស.អ.កថាឈឺចាប់រឿង EU យកពន្ធអង្ករហើយ ថែមទាំងរឿងពិចារណាដកEBAទៀត

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាព[...]

ពលរដ្ឋបុរីកីឡាដាក់សំណើជាថ្មី ឈានទៅបញ្ចប់បញ្ហាតវ៉ារុំារ៉ៃជិត ២០ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ សីហានេះ ពលរដ្ឋបុរីក[...]

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត