loader

កម្ពុជានាំចេញស្វាក្ដាមជាង ១ម៉ឺនក្បាលនៅឆ្នាំ ២០១៨នេះ

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨នេះ សត្វស្វាក្តាមជាង ១ម៉ឺនក្បាលត្រូវបាននាំចេញទៅបណ្តាលប្រទេសជឿនលឿនមួយចំនួនដើម្បីធ្វើការស្រាវជ្រាវ និងពិសោធន៍ធ្វើជាឱសថសម្រាប់ព្យាបាលមនុស្ស និងសត្វ។ ការនាំចេញនេះ បានកើនឡើងជាបណ្តាឆ្នាំមុនៗដែលមានត្រឹមតែជាង ៣ទៅ៥ពាន់ក្បាលតែប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨នេះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មសម្រាប់ឆ្នាំ២០១៨នេះបង្ហាញថា ការនាំចេញស្វាក្ដាមនៅឆ្នាំនេះបានកើនឡើងយ៉ាងខ្លាំងដែលមានចំនួនរហូតទៅដល់ជាង ១ម៉ឺនក្បាល ដោយកាលពីឆ្នាំ២០១៧មានតែត្រឹមជាង ៤ពាន់ក្បាលតែប៉ុណ្ណោះ ។

យោងតាមរបាយការណ៍នេះ មានក្រុមហ៊ុនចំនួន ៦ ដែលមានកសិដ្ឋានស្រាវជ្រាវចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាមយកកូននាំចេញមានចំនួន ៧ ទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយមានស្វាក្តាមសរុបចំនួន ៥៣ ៩២៤ក្បាល។ ក្នុងនោះកូនកើតក្នុងខែ មានចំនួន ១១ ៨១៣ក្បាល ដឹកជញ្ជូនក្នុងស្រុកបានចំនួន ២១៣១ក្បាល និងនាំចេញបានចំនួន១០ ៧៦២ក្បាល។

បើតាមរបាយការណ៍រយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៨ ក្រសួងកសិកម្មបានផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនសត្វព្រៃក្នុងស្រុកចំនួន ៩សន្លឹក មានសត្វក្តាមចំនួន១០៧៣ក្បាល និងផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនសម្រាប់នាំចេញទៅក្រៅប្រទេសចំនួន ១៨សន្លឹក មានសត្វស្វាក្តាមសរុបចំនួន ៥០០៨។​

តាមរយៈការចុះធ្វើជំរឿនសត្វស្វានៅទីសាធារណៈ និងតំបន់សួនសត្វនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ​ កំពង់ធំ កំពង់ចាម កំពង់ធំ ក្រចេះ បាត់ដំបង និងខេត្តព្រះសីហនុ ក្រសួងបានរាប់ឃើញសត្វស្វាសរុបចំនួន២៩៧០ក្បាល ក្នុងនោះមាន សត្វស្វាក្តាមចំនួន ២៧៤៣ក្បាល ស្វាត្រោសមានចំនួន២២៦ក្បាល និងស្វាព្រាមចំនួន១ក្បាល។

យោងតាមរបាយការណ៍ក្រសួងកសិកម្មដដែលឱ្យដឹងថា នៅ​កម្ពុ​ជាមាន​កសិដ្ឋានចំនួន៦ ​សម្រាប់​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស ដូចជា​ សហរដ្ឋអាមេរិក ចិន ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង និង​អូស្ត្រាលីជាដើម។ ស្វាក្ដាមត្រូវបាននាំចេញក្នុងគោលដៅ ដើម្បីសិក្សាស្រាវជ្រាវផ្នែកឱសថ មនុស្ស និងសត្វ។

អ្នកជំនាញផ្នែកសត្វព្រៃសម្តែងក្តីបារម្ភ ចំពោះ​ការនាំចេញ​សត្វ​ស្វា​ក្តាម​ទៅ​ក្រៅប្រទេសនេះ ដែលអាចពាក់ព័ន្ធនឹងការចាប់​សត្វ​ស្វា​ក្តាម​ព្រៃ​មក​បញ្ចូលក្នុង​កសិដ្ឋាន។  អ្នកជំនាញ​ស្នើ​ឲ្យ ក្រសួង​ពាក់ព័ន្ធ​មាន​យន្តការ​ច្បាស់លាស់​ក្នុងការ​តាមដាន និង​ត្រួតពិនិត្យ​ការធ្វើ​អាជីវ​កម្មនេះ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួក​សត្វ​ស្វា​ក្ដាម​។

កាលពី​ឆ្នាំ​២០១០ មាន​ពលរដ្ឋ​ជាច្រើនបាន​​ចូល​ព្រៃ​ចាប់​ស្វា​ក្តាម​ព្រៃ​លក់​ឲ្យ​ក្រុមហ៊ុន រហូតដល់​ក្រសួងកសិកម្ម​ប្រកាស​បញ្ឈប់​ការទិញ​ស្វា​ក្តាម​ព្រៃ​ចូលក្នុង​កសិដ្ឋាន​។ 

សូមរំលឹកថា  កាលពី​ឆ្នាំ ២០០៣ ក្រសួងកសិកម្ម បានអនុញ្ញាត ឱ្យមាន​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម​សម្រាប់ធ្វើ​ការនាំចេញ​។ 

សត្វស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម។ បើតាមក្រសួងកសិកម្មដដែល ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មន្ត្រីចិនម្នាក់ថាកម្ពុជាជាប្រទេសមួយដើរតួនាទីសំខាន់ជួយរក្សាស្ថិរភាពនៅក្នុងតំបន់តែ​អ្នក​វិភាគមិនយល់ស្រប

លោក ឈិន យន់ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន[...]

ធនាគារពិភពលោកព្រមានថាសេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងហានិភ័យបើសហភាពអឺរ៉ុបព្យួរEBA

ធនាគារពិភពលោក ចេញផ្សាយរបាយការណ៍ថ្មីរបស់ខ្លួនម[...]

សមាជអ្នកប្រជាធិបតេយ្យខ្មែរចង់ឱ្យមានការដោះស្រាយនយោបាយដោយអហឹង្សា

សេចក្ដីសម្រេចរបស់អង្គសមាជអ្នកប្រជាធិបតេយ្យខ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត