loader

កម្ពុជាចោទ OHCHR ករណីជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់កម្ពុជា(មានសំឡេង)

ភ្នំពេញៈ ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​​ប្រតិកម្ម ​ដោយ​​សម្តែង​ការខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សេចក្ដី​ថ្លែងការណ៍​ស្តីពី​កម្ពុជា​ធ្វើឡើងដោយការិយាល័យ​ឧត្តមស្នងការ អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស ដោយបាន​ចោទ​អង្គការ​មួយ​នេះ​ថា ​បាន​រំលោភ​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ដែល​ចេញកាលពី​ថ្ងៃ​ទី​ ១៤ ខែ​ឧសភា​។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វិស ចេញផ្សាយកាលពីថ្ងៃទី១៤ ឧសភា បានសម្តែងការខកចិត្តយ៉ាងខ្លាំងដោយសង្កេតឃើញថា ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កំពុងតែរំលោភលើដែនសមត្ថកិច្ចរបស់កម្ពុជា។

ការបញ្ចេញប្រតិកម្មរបស់កម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍សង្ខេបស្តីពីកម្ពុជា ដែលថ្លែងដោយអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៨។

កាលពីថ្ងៃទី ១១ ខែឧសភា នោះ អ្នកនាំពាក្យរបស់ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិបានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នៅកម្ពុជា ដែលបានតម្កល់សាលដីកាសមាជិក និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចំនួន ១១ រូបពីបទ «កុបកម្ម»ដោយឃុំខ្លួនពួកគេនៅពន្ធនាគារ។ជាងនេះទៀត ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏ចោទរដ្ឋាភិបាលកម្ពុជាថាបាននិងកំពុងប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំបិទមាត់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងអ្នកមានមតិជំទាស់នានាផងដែរ។

សេចក្តីប្រកាសព័ត៌មានកម្រាស់ពីរទំព័ររបស់ស្ថានបេសកកម្មកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានរិះគន់ថា ការចេញសេចក្តីថ្លែងការណ៍ស្ថាប័នសិទិ្ធមនុស្សនេះ បានរំលោភលើស្មារតីនៃសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ដែលតម្រូវឱ្យឧត្តមស្នងការត្រូវគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងយុត្តាធិការផ្ទៃក្នុងរបស់រដ្ឋភាគីនីមួយៗ។

បន្ថែមពីនេះស្ថានបេសកកម្មកម្ពុជា បានលើកយកមាត្រា២.៧នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងមានត្រា ២ និងមាត្រា៣ នៃអនុស្សរណៈដែលចង្អុលបង្ហាញពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ គឺមានភារកិច្ចផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីជំរុញការការពារសិទ្ធិមនុស្ស មិនមែនមកដើរតួនាទីជាអ្នកត្រួតពិនិត្យ ចង្អុលឈ្មោះ និងបន្តុះបង្អាប់ការងាររបស់ស្ថាប័នកម្ពុជានោះឡើយ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ភាគីកម្ពុជាចាត់ទុកសេចក្តីថ្លែងការណ៍សង្ខេបស្តីពីកម្ពុរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ជាទង្វើប្រងើយកន្តើយចំពោះគោលការណ៍ច្បាប់ និងកិច្ចព្រមព្រៀងនានា ថែមទាំងបានរំលោភយ៉ាងច្បាស់លើដែនអាណត្តិរបស់ខ្លួន តាមរយៈការជ្រៀតជ្រែករបស់កម្ពុជា។

កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមផ្តន្ទាទោសមន្ត្រី និងសកម្មជន អតីតគណបក្សសង្គ្រោះជាតិចំនួន ១១ រូបពីបទកុបកម្ម និងដឹកនាំធ្វើកុបកម្មពាក់ព័ន្ធនឹងការតវ៉ាមួយដែលមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមសន្តិសុខខណ្ឌដូនពេញ និងអ្នកតវ៉ាដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤។​

យោង​តាម​កំណត់​ហេតុ​សង្ខេប​ស្តីពី​ប្រទេស​កម្ពុជា​ដោយ​អ្នក​នាំពាក្យ​របស់​ឧត្តមស្នងការ អ.ស.ប ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ​ចេញ​កាលពី​ថ្ងៃទី​ ១១ ខែ​ឧសភា​ បាន​សម្តែង​ការខកចិត្ត ចំពោះ​សេចក្តី​សម្រេច​ផ្តន្ទាទោស សមាជិក​ និង​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង​ចំនួន ១១ រូប​ពី​បទ​ «​កុបកម្ម​»​។

កំណត់​ហេតុ​សង្ខេប​នោះ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១ រូប​នេះ​ដែល​ត្រូវ​បាន​ជាប់ឃុំ​អស់​រយៈពេល​ជិត ៣ ឆ្នាំ​ទៅ​ហើយ​ហាក់​ត្រូវ​បាន​ផ្តន្ទាទោស ដោយសារ​តែ​ទស្សនៈ​នយោបាយ​របស់​ពួកគេ និង​ដោយសារ​តែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ខ្លួន​។ កន្លង​មក​យើង​បាន​លើក​ឡើង​ពី​កង្វល់​ដែល​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​មាត់​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នក​មាន​មតិ​ជំទាស់​នានា​»​៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក VAJPAYEE ទទួលមរណៈភាព

អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក VAJPAYEE ទទួលមរណៈភាព

ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨

ក្រុងញ៉ូវដេលី៖ អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក AT[...]

សម្តេចក្រុមព្រះសម្រេចបញ្ចប់តំណែងមន្រ្តីជាន់ខ្ពស់ ៤រូប

ភ្នំពេញ)៖ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះ[...]

ព្រះមហាក្សត្រតែងតាំង សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត