មនុស្សមួយចំនួនមានទេពកោសល្យ តែគ្មានឱកាសបញ្ចេញឱ្យអ្នកខាងក្រៅដឹងពីសមត្ថភាពខ្លួនឡើយ ដោយឡែកកញ្ញា លឹម ផាន់ណា ក៏មិនខុសពីអ្នកផ្សេងប៉ុន្មានដែរ ប៉ុន្តែកញ្ញាចេះបង្កើតឱកាស ដោយបានចែករំលែកចំណេះដឹងដែលខ្លួនមានតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) ។ ការចែករំលែកចំណេះដឹងតាមរយៈបណ្តាញសង្គមនេះ បានផ្តល់ឱកាសឱ្យកញ្ញាទទួលបានការងារមួយ ដោយមិនដឹងខ្លួន។
ដោយសារតែមានចំណេះដឹង និងគំនិតថ្មីៗ ផលិតកម្មក្នុងស្រុកមួយបានផ្តល់ឱកាសឱ្យកញ្ញា ចូលខ្លួនធ្វើជាអ្នកនិពន្ធបទចម្រៀងនៅក្នុងផលិតកម្មនេះ។ ចង់ដឹងថា ជីវិតតស៊ូរបស់កញ្ញា លឹម ផាន់ណា យ៉ាងណានោះ ជាបន្តសូមអញ្ជើញស្តាប់ជីវព័ត៌មាន ដែលរៀបចំឡើងដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
ទំនុកច្រៀងដែលមានន័យ និងក្រអួនក្រអៅនេះ គឺជាស្នាដៃនិពន្ធរបស់កញ្ញា លឹម ផាន់ណា ដែលបច្ចុប្បន្ន កញ្ញាជាអ្នកនិពន្ធនៅក្នុងផលិតកម្ម Diamond Music ។
ផាន់ណា បានប្រាប់ពីមូល ហេតុដែលធ្វើឲ្យខ្លួនក្លាយជាអ្នកនិពន្ធថា កញ្ញាតែងតែសរសេរ កំណាព្យឬរឿងខ្លីៗ បង្ហោះ (Post) នៅក្នុងបណ្តាញសង្គម Facebook របស់កញ្ញា ធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមមួយនេះ។
ដោយមើលឃើញពីសមត្ថភាព និងចំណេះដឹងរបស់ ផាន់ណា មិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានណែនាំកញ្ញាឱ្យចូលផលិតកម្ម Diamond Music តាំងពី ២០១១ មក៖ «និយាយទៅខ្ញុំ ពេលហ្នឹង ខ្ញុំចូលចិត្ត តែងកំណាព្យតែងអ្វី បង្ហោះក្នុងហ្វេសប៊ុកទោះកំណាព្យខ្លះល្អ ខ្លះមិនល្អក៏ដោយចុះសរសេរ ហើយក៏ខ្ញុំបង្ហោះរហូតខ្ញុំចូលចិត្តច្រើនអញ្ចឹងទៅអ្នកក៏ស្គាល់ខ្ញុំតាមហ្វេសប៊ុក អញ្ចឹងគេក៏ជួយទំនាក់ទំនងឱ្យខ្ញុំបានចូលក្នុងផលិកម្មតែម្តង…»។
មានសម្បុរស រាងស្តើងខ្ពស់ និងជាកូនទី២ ក្នុងចំណោមបងប្អូនពីរនាក់ក្នុងគ្រួសារនោះ កញ្ញា លឹម ផាន់ណា បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមានបងប្អូន ២នាក់ ខ្ញុំជាកូនពៅ ឪពុកម្តាយខ្ញុំមានជីវភាពមធ្យម…»។
ផាន់ ណា ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងជាអតីតសិស្សវិទ្យាល័យសន្ធរម៉ុក បច្ចុប្បន្នកញ្ញាបានបញ្ចប់អនុបណ្ឌិតអាហាររូបករណ៍ផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជំនាញគណនេយ្យនៅសាកលវិទ្យាល័យមេគង្គកម្ពុជាផងដែរ៖ «នាងខ្ញុំបានបញ្ចប់ថ្នាក់បរិញាបត្រក្នុងឆ្នាំ២០១២ ពេលថ្មីនេះខ្ញុំកំពុងបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែរ…»។
នារីដែលមានវ័យ ២៦ ឆ្នាំ និងមានសម្តីស្រាលៗ កញ្ញា ផាន់ណា បានរំឭកថា ដំបូងឡើយកញ្ញា មិនដែលគិតថា ខ្លួនអាចធ្វើជាអ្នកនិពន្ធបានទេ ធ្លាប់តែស្តាប់បទចម្រៀង និងលួចសរសើរអ្នកនិពន្ធថា មានគំនិតឆ្លាតវៃ និងពូកែតែប៉ុណ្ណោះ៖ «ពីមុនកមខ្ញុំមិនដែលគិតថា ខ្លួនឯងក្លាយជាអ្នកនិពន្ធ គ្រាន់ថាឃើញគេចេញចម្រៀង អញ្ចឹងអូ៎! អ្នកណាគេ ជាអ្នកនិពន្ធ!»។
ក្រៅតែពីការនិពន្ធបទចម្រៀងឱ្យផលិតកម្ម Diamond Music នារីដែលមានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារារូបនេះ ក៏ពូកែតែកំណាព្យផងដែរ។ រាល់ការចាប់ផ្តើមតែងតែជួបការលំបាក គឺជារឿងធម្មតាសម្រាប់ខ្សែជីវិតមនុស្ស។ នេះជាការលើកឡើងរបស់កញ្ញា លឹម ផាន់ណា។
និយាយទាំងស្នាមញញឹម ផាន់ណា ថា ធ្វើជាអ្នកនិពន្ធមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ មូលហេតុដែលមិនងាយស្រួល ព្រោះកញ្ញាជាមនុស្សម្នាក់ដែលចូលចិត្តស្តាប់តែបទចម្រៀងជំនាន់ដើម ពោលគឺបទក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយបច្ចុប្បន្នម្ចាស់ផលិតកម្មតម្រូវឱ្យកញ្ញានិពន្ធទំនុកច្រៀងថ្មីៗ ដូច្នេះ ផាន់ណា ត្រូវជួបឧបសគ្គ និងការលំបាកច្រើន៖ «ផលិតកម្ម Diamond Music ហ្នឹង គឺធ្វើបទទាក់ទងនឹងយុវវ័យ ហើយចំពោះខ្ញុំ ជាទូទៅខ្ញុំចូលចិត្តស្ដាប់បទបុរាណ អញ្ចឹងដំបូង វាមានការលំបាក…»។
ស្នាដៃដំបូងនៅក្នុងផលិតកម្ម Diamond Music ផាន់ណា បាននិពន្ធបទចម្រៀងមួយបទមានចំណងជើងថា “ពេលណាបងមានឱកាស”ដែលច្រៀងដោយតារាចម្រៀងប្រចាំផលិតកម្ម Diamond Music គឺលោក ចេស្តា ។ តាមរយៈបទនេះ ធ្វើឱ្យអ្នកគាំទ្រស្គាល់កញ្ញាកាន់តែច្បាស់ និងមានការគាំទ្រយ៉ាងខ្លាំង «បទដែលខ្ញុំស្រលាញ់ជាងគេ គឺបទ ពេលណាបងមានឱកាស បទនេះ បទដំបូងដែលខ្ញុំចេញក្នុងផលិតកម្ម Diamond Music…»។
ជាអតីតសិស្សពូកែនៅក្នុងរាជធានីភ្នំពេញផ្នែកអក្សសាស្ត្រខ្មែរ កាលពីឆ្នាំ ២០០៨ កញ្ញា ផាន់ណា បានចែករំលែកបទពិសោធខ្លះៗថា ដើម្បីក្លាយខ្លួនទៅជាអ្នកនិពន្ធម្នាក់ តម្រូវឱ្យមានការស្រាវជ្រាវ និងអានឱ្យបានច្រើន ។ ផាន់ណា ថា ទម្រាំតែវិវត្តខ្លួនបានមកដល់សព្វថ្ងៃនេះ កញ្ញា បានចំណាយពេលអាន និងស្រាវជ្រាវជាច្រើន ដែលចំណុចទាំងនេះធ្វើឱ្យស្នាដៃនៃការតែងនិពន្ធបានល្អផងដែរ៖ «ផ្អែកទៅលើបទពិសោធខ្ញុំតែម្តង ដោយសារយើងធ្លាប់មានចំណេះដឹងផ្នែកអក្សរសាស្ត្រ ហើយយើងចូលចិត្តអាន កំណាព្យ អញ្ចឹងធ្វើឱ្យយើងដឹងចុងជួនច្រើន…»។
ក្រោយពីបានក្លាយជាអ្នកនិពន្ធ ផាន់ណា សរសេរទំនុកច្រៀងបានជាង ១០០ បទ ហើយមកដល់បច្ចុប្បន្ននេះ។ បទដែលកញ្ញានិពន្ធ ភាគច្រើនជាចម្រៀងបែបមនោចញ្ចេតនា។ ស្នាដៃដែលគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតគឺ កញ្ញា លឹម ផាន់ណា បានសរសេររំឭកដល់ស្នាព្រះហស្ថរបស់ប្រះបរមរតនកោដ្ឋ ព្រះវរៈរាជបិតាជាតិខ្មែរ ដែលមានចំណងជើងថា (នឹកស្រណោះសម័យសង្គមរាស្ត្រនិយម) «ពេលហ្នឹង មានអារម្មណ៍ថានឹកស្រណោះសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់សម្តេចឪ… ហើយបើបទនេះផ្សព្វផ្សាយទៅក៏ធ្វើឱ្យកូនចៅជំនាន់ក្រោយចងចាំនូវស្នាព្រះហស្ថរបស់ព្រះអង្គ…»។
ក្រៅពីនិពន្ធបទចម្រៀង ផាន់ណា នៅមានមហិច្ឆតាមួយទៀត គឺចង់ក្លាយខ្លួនជាអ្នកនិពន្ធខ្សែភាពយន្តផងដែរ ទៅថ្ងៃអនាគត៖ «និយាយទៅខ្ញុំក៏ធ្លាប់ស្រមៃថានឹង បានក្លាយជាអ្នកនិពន្ធម្នាក់ក្នុងស្ថានីយទូរទស្សន៍មួយ តែក្តីស្រមៃនេះប្រហែលធំពេកហើយ»…។
សូមបញ្ជាក់ថា កញ្ញា លឹម ផាន់ណា កាលពីឆ្នាំ២០០៨ ទទួលបានជ័យលាភី សិស្សពូកែទួទាំងរាជធានី ផ្នែកអក្សរសាស្ត្រខ្មែរ ក្រោយមកកញ្ញាបានទទួល ចំណាត់ថ្នាក់លេខ៣ ផ្នែកកំណាព្យក្នុងកម្មវិធី៖ “យុវជនស្មគ្រ័ចិត្តអន្តជាតិ” ដែលរៀបចំដោយ UNV និងមានស្នាដៃជាច្រើនទៀត។
ក្នុងនោះកញ្ញា ផាន់ណា ក៏បានបោះពុម្ពផ្សាយស្នាដៃនិពន្ធរបស់ខ្លួនចំនួនពីរក្បាល គឺសៀវភៅទី១ មានចំណងជើងថា “សោភ័ណជីវិត និងបេះដូងយុវវ័យ” ចងក្រងឡើង ដោយសរសេរជាកំណាព្យសុទ្ធចំនួន ១៦៨ អត្ថបទ និងចំណាយពេលសរសេរអស់រយៈពេល៨ឆ្នាំ។ ហើយសៀវភៅទី២ គឺសរសេរជារឿងខ្លីចំនួន ៣រឿង ដែលមានចំណងជើងលើក្របមុខថា
“បានថើបរសើបបេះដូង”។ ក្រៅតែពីអាជីពជាអ្នកនិពន្ធ បច្ចុប្បន្ន ផាន់ណា ក៏មានការងារផ្សេងទៀត គឺ ជាអ្នកផ្តល់យោបល់ផ្នែកសុខភាពផ្លូវចិត្តក្នុងអង្គការមួយផងដែរ៕