en     km
en     km

សម្ដេច ហ៊ុន សែន ថា កូនអាមេរិកកើតមកភ្លាមជំពាក់គេ៤ម៉ឺនដុល្លារតែកូនខ្មែរជំពាក់គេត្រឹម៤០០ដុល្លារប៉ុណ្ណោះ

Share

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថាកំណើនសេដ្ឋកិច្ចកម្ពុជារក្សាបាននូវរង្វង់អត្រា៧% ហើយរំពឹងថានឹងកើនឡើងជាបន្តបន្ទាប់។ យ៉ាងណា សម្ដេច ហ៊ុន សែន អះអាងថា ពលរដ្ឋកម្ពុជាម្នាក់ៗជំពាក់បំណុលគេនៅមានកម្រិតទាបជាងអាមេរិកឆ្ងាយណាស់។ តែមន្ត្រី ជាន់ខ្ពស់ម្នាក់នៃគណបក្សប្រឆាំង បានធ្វើការពន្យល់ថាទោះជាពលរដ្ឋអាមេរិកជំពាក់បំណុលដូចនេះក្ដី ក៏រដ្ឋាភិបាលប្រទេសនេះ មានការទទួលត្រូវខ្ពស់សម្រាប់អនាគតពលរដ្ឋគេ។ លោក សោម លាភ ជូនសេចក្ដីរាយការណ៍!

 

ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល ១៣ ថ្ងៃនៅកម្ពុជាពីថ្ងៃទី ១៩ កញ្ញា ដល់ថ្ងៃទី ២ តុលា លោក Jarkko Turunen អនុប្រធាននាយកដ្ឋាននៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ក្នុងឆ្នាំ ២០១៨ កំណើនសេដ្ឋកិច្ចរបស់ កម្ពុជានៅតែបន្តរឹងមាំដដែល ដោយស្ថិតក្នុងរង្វង់អត្រា៧% ហើយរំពឹងថា នៅតែបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ ។

យ៉ាងណាមិញ កាលពីជួបកម្មករកម្មការនីកាលពីថ្ងៃទី ១៩ កញ្ញា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា អង្គភាពអាស៊ានបូក៣ បានវាយតម្លៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៨នេះ គឺស្ថិតនៅក្នុងរង្វង់ ៧,២ % ដែលកាលពីឆ្នាំកន្លងទៅកម្ពុជាស្ថិតក្នុងរង្វង់ ៧%។ សម្រាប់សេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់៧,២%នេះ គឺល្អប្រសើរ សម្រាប់សេដ្ឋកិច្ចប្រទេសនេះណាស់។

លោក Jarkko Turunen ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតនាថ្ងៃទី២ ខែតុលាថា កម្ពុជាកំពុងតែឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព ដោយសារកំណើនសេដ្ឋកិច្ចនិងការកែទម្រង់រីកចម្រើនដ៏គួរឲ្យភ្ញាក់ផ្អើល ជាច្រើនឆ្នាំកន្លងមក ។

លោក Jarkko Turunen បញ្ជាក់ទៀតថា សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំក្នុងរយៈពេលខ្លីខាងមុខនេះ។

យ៉ាងណាមិញ មូលនិធិរូបិយវត្ថុអន្តរជាតិបានផ្សព្វផ្សាយលើគេហៈទំព័ររបស់ខ្លួនកាលពីថ្ងៃទី ២ តុលាថា  ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រចាំឆ្នាំប្រមាណ៧,២៥% ក្នុងរយៈពេលខ្លីខាងមុខ។ លើសពី៥ឆ្នាំទៅមុខ កំណើននេះអាចចុះមកត្រឹម ៦%។

សម្រាប់អតិផរណា ស្ថិតក្នុង ២,៥០ភាគរយ។ ចំណែកឯឱនភាពគណនីចរន្ត បានកើនដល់១០ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០១៨ ដោយសារមានការនាំចូលកាន់តែច្រើន ជាពិសេសការនាំចូលគ្រឿងសម្ភារៈសំណង់។

យ៉ាងណា ចំពោះទុនបម្រុងអន្តរជាតិវិញ នៅតែកើនឡើងតទៅមុខ ហើយនឹងឡើងដល់ ៩,៦ពាន់លានដុល្លារ។

បំណុលសាធារណៈរបស់កម្ពុជាមានកំរិតទាប ស្មើនឹង ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយហានិភ័យនៃការក្ស័យធនមិនសូវជាមាននោះទេ។

ជាមួយគ្នានេះដែរសម្ដេច ហ៊ុន សែន បានថ្លែងចំពោះមុខពលរដ្ឋខ្មែរ រស់នៅអាមេរិក នៅទីក្រុងញូយ៉កកាលពីថ្ងៃទី ៣០ កញ្ញាថា សេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ជាងគេ ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍។

នាយករដ្ឋមន្ត្រីកម្ពុជាក៏បានប្រៀបធៀបរវាងពលរដ្ឋកម្ពុជា និងពលរដ្ឋអាមេរិកអំពីការជំពាក់បំណុលគេ។ សម្ដេចថា ជនជាតិអាមេរិកម្នាក់ កើតមកភ្លាម ជំពាក់ប្រាក់គេ ជាង៤ម៉ឺនដុល្លារ ខណៈកម្ពុជា ជំពាក់គេត្រឹមតែ ប្រមាណ៤០០ដុល្លារ តែប៉ុណ្ណោះ ក្នុងប្រជាពលរដ្ឋម្នាក់។

តែផ្ទុយទៅវិញ លោកអេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សប្រឆាំង ក៏បានធ្វើការពន្យល់ អំពីការប្រៀបធៀបការជំពាក់បំណុលរវាងពលរដ្ឋខ្មែរ និងពលរដ្ឋអាមេរិក។

ការពន្យល់នេះ ធ្វើឡើង នៅលើ ទំព័រហ្វេសប៊ុករបស់ ដោយរៀបរាប់អំពីភាពខុសដាច់ពីគ្នារវាងកម្ពុជា និងអាមេរិក។ ជាក់ស្ដែងពលរដ្ឋអាមេរិ កើតមក ជាប់បំណុលបួនម៉ឺនដុល្លារ តែទទួលបានសេវានៃការគាំពារគ្រប់បែបយ៉ាងពីរដ្ឋប្រកបដោយគុណភាពដូចជា ការទទួលបានអាហារូបត្ថម្ភ ការទទួលបានសេវាថែរក្សាសុខភាព សេវាអប់រំជាដើម។ ចំណែកចំណូលប្រចាំឆ្នាំ សម្រាប់ជនជាតិអាមេរិគឺម្នាក់ៗ  ៥៨០០០ដុល្លារក្នុងមួយឆ្នាំ។ ផ្ទុយទៅវិញ​ ចំពោះពលរដ្ឋខ្មែរ គឺកើតមកភ្លាមជាប់បំណុលបួនរយដុល្លារភ្លាម តែគ្មានបានទទួលការគាំពារអ្វីទាំងអស់ពីរដ្ឋនោះទេ។ ជាងនេះ សម្រាប់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជាវិញ ម្នាក់ គឺជាង ១០០០ដុល្លារក្នុងមួយឆ្នាំ​តែប៉ុណ្ណោះ។

សហរដ្ឋអាមេរិក ត្រូវបានគេនិយាយថា ជាកូនបំណុលធំរបស់ប្រទេសចិន។ តែយ៉ាងនេះក្ដី អាមេរិកនៅតែជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីមួយរបស់ពិភពលោក ហើយចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២។

ប្រទេសកូនបំណុលនេះកំពុងធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយម្ចាស់បំណុល ដោយធ្វើមានការព្រួយបារម្ភប្រទេសដៃគូពាណិជ្ជកម្ម។ ក្នុងជម្លោះនេះប្រទេសចិនហាក់រត់តាមអាមេរិកហើយម្ដងម្កាលសុំបញ្ចប់ជម្លោះទៀតផង។ ដោយឡែកប្រទេសកម្ពុជា បានក្លាយជាកូនបំណុលបរទេស និងសាធារណៈនូវទឹកប្រាក់ ៦៧៧២លានដុល្លារ គិតត្រឹមឆ្នាំ២០១៧ ក្នុងចិនជាម្ចាស់ធំតែមួយគត់សម្រាប់កម្ពុជា។ នេះបើតាមគេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍៕

អត្ថបទ៖លោក សោម លាភ

 

Share

Image
Image
Image