en     km
en     km

ក្រសួងការងារ៖រោងចក្រសហគ្រាសត្រូវមានការលើកម្ពស់សុខភាព និងសុវត្ថិភាព

Share

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យមានការលើកកម្ពស់ផ្នែកសុខភាព និងសុវត្ថិភាពការងារ នៅតាមបណ្ដារោងចក្រ សហគ្រាសទាំងអស់។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១៤ សីហា ម្សិលមិញ។

តាមការចុះផ្សាយនេះដដែលបញ្ជាក់ថា ការជម្រុញឱ្យមានការលើកកម្ពស់នេះលើផ្នែកនេះ ធ្វើឡើងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលដៃគូថ្នាក់ជាតិរបស់គម្រោងកាន់តែប្រសើរឡើង របស់អង្គការអន្តរជាតិខាងការងារ(ILO) កាលពីព្រឹកថ្ងៃទី ១៤ សីហា នៅសណ្ឋាគារសាន់វេ។

លោក​​ ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ មានប្រសាសន៍ថា ការជម្រុញឱ្យមានការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារនៅតាម រោងចក្រសហគ្រាស គឺដើម្បីបង្កើនបរិយាកាសល្អនៅកន្លែងការងារឲ្យកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរថែមទៀត។ ជាងនេះទៀត ការណ៍នេះក៏នឹងធ្វើឱ្យមានសិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងសុវត្ថិភាពការងារដល់កម្មករនិយោជិត និងថៅកែរោងចក្រ ក្នុងការបញ្ជៀសនូវវិវាទ និងហិង្សាផ្សេងៗនៅកន្លែងធ្វើការ។

ជាការឆ្លើយតប លោក អ៊ីវ៉ូ ស្ពៅវិន គ្រូបង្គោលនិង ជាអ្នកជំនាញផ្នែកគោលនយោបាយ នៃកម្មវិធីកាន់តែប្រសើរ របស់អង្គការពលកម្មអន្តរជាតិខាងការងារបានប្ដេជ្ញាថា អង្គការ ILO នៅតែបន្តធ្វើការជាមួយក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ សំដៅជួយកែលំអការអនុវត្តសិទ្ធិ និងលក្ខខណ្ឌការងារ នៅប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គម្រោងការងារកាន់តែប្រសើរឡើងនេះ ប្រទេសកម្ពុជាទទួលអនុវត្តមុនគេ បន្ទាប់មកគឺប្រទេស វៀតណាម និងឥណ្ឌូនេស៊ី។ គម្រោងនេះ គឺសិក្សារយៈពេល ១ឆ្នាំកន្លះ ដែលមានការសិក្សាជាមួយគ្រូផង តាមរយៈអនឡាញផង និងចុះសិក្សានៅតាម រោងចក្រសហគ្រាសផង និងដើម្បីស្វែងយល់ពីលក្ខខណ្ឌការងារដោយផ្ទាល់ផង៕

Share

Image
Image
Image