loader

សម្លេងនិងតម្លៃស្រ្តីនៅសហគមន៍មានភាពប្រសើរឡើងដោយការកសាងសមត្ថភាព

ក្រុងសៀមរាប៖ ក្រោមជំនួយថវិកា គាំទ្រពីសហភាពអឺរ៉ុប អង្គការបន្ទាយស្រី បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញដល់ស្រ្តីនៅក្នុងសហគមន៍រយៈពេល៣ ឆ្នាំ នោះមានស្រ្តី ៧៥ នាក់ជាគ្រូបង្គោល។ ក្នុងចំណោមស្រ្តីឆ្នើមទាំងនោះ ស្រ្តីឆ្នើម ៣ រូបនៅក្នុងសហគមន៍យល់ថាវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗដែលអង្គការបន្ទាយស្រី បានបង្រៀន បានធ្វើឲ្យស្រ្តីនៅក្នុងសហគមន៍មានភាពរឹងមាំគឺ ជាកត្តា​មួយធ្វើឲ្យតម្លៃ និងការលើកកម្ពស់ស្រ្តី មានភាពប្រសើរ។

ជាស្រ្តីម្នាក់ដែលធ្វើការជាស្ត្រីស្ម័គ្រចិត្ត នៅក្នុងសហគមន៍​ដូនអុន ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប អ្នកស្រី បត់ ហ៊ាំ មានប្រសាសន៍ថា​​ វគ្គបណ្តុះបណ្តាលរបស់អង្គការបន្ទាយស្រីគឺជាកត្តាមួយជំរុញឲ្យសំឡេង តម្លៃ និង​ ការលើកកម្ពស់ស្រ្តីនៅក្នុងសហគមន៍ មានភាពប្រសើរ ដោយអ្នកដឹកនាំបុរសមានចំណេះដឹង និង ទទួលស្គាល់ពីសមត្ថភាពរបស់ស្រ្តីនៅក្នុងការដឹកនាំសហគមន៍។

អ្នកស្រីថាការលើកកម្ពស់ស្រ្តីនៅក្នុងសហគមន៍ដូនអុននេះ មានភាពប្រសើរច្រើន ព្រោះថាវគ្គបណ្តុះបណ្តាលរបស់អង្គការបន្ទាយស្រីបានបញ្ជ្រៀបការយល់ដឹងពីសមភាពយ៉េនឌ័រទៅកាន់អ្នកដឹកនាំជាបុរស និងកែប្រែការយល់ឃើញទៅលើស្រ្តីថា ស្រ្តីត្រឹមតែជាស្រ្តីមេផ្ទះ។

អ្នកស្រី៖ «ចំពោះបុរស នៅក្នុងសហគមន៍នេះ គឺគាត់មានការយល់ដឹងច្រើន ពីសមភាពយ៉េនឌ័រ មានការគោរពស្រ្តីនៅក្នុងសហគមន៍ ខុសឆ្ងាយកាលពីមុនដូចថា ទស្សនៈចាស់ៗគិតថា ស្រ្តីគឺគ្រាន់តែជាស្រ្តីមេផ្ទះ ស្រ្តីនៅតែផ្ទះមើលថែកូន ស្ត្រីធ្វើធំមិនកើត​ ដែលជាផ្នត់គំនិតរបស់សហគមន៍កាលពីមុន តែឥឡូវបុរសភាគច្រើនគាត់យល់ឃើញថា ស្រ្តីក៏អាចជាអ្នកដឹកនាំ​ នេះប្រហែលមកពីការយល់ដឹងពីភាពយ៉េនឌ័រអីអញ្ជឹងហា! ដូចថាការងារអីខ្លះគឺគាត់ជួយច្រើន»។

អ្នកស្រីបន្តទៀតថា ការលើកកម្ពស់ស្រ្តីនៅក្នុងសហគមន៍ គឺបុរសជាអ្នកដឹកនាំបានផ្តល់ឱកាសដល់ស្រ្តីក្នុងការបញ្ជេញជាមតិនៅក្នុងអង្គប្រជុំ ឬ អង្គសិក្ខាសិលានានា​ ជាពិសេសស្រ្តីនៅក្នុងឆាកនយោបាយ ដែលនេះគឺជាការជំរុញទឹកចិត្តស្រ្តីនៅក្នុងសហគមន៍ ក្នុងការលើកកម្ពស់ស្រ្តីជាអ្នកដឹកនាំផងដែរ។

អ្នកស្រី៖ «នៅក្នុងសហគមន៍ខ្ញុំ អ្នកដឹកនាំគឺគាត់លើកកម្ពស់ ដូចថា​ពេលគាត់មានប្រជុំថ្នាក់ឃុំ អីគាត់អីស្រ្តីចូលរួមច្រើន ហើយស្រ្តីចូលរួមឈរឈ្មោះ ហើយធ្វើការនៅក្នុងឃុំ ហើយថាពួកគាត់មានផ្នត់គំនិតថាស្រ្តីក៏អាចធ្វើអ្វីដូចពួកគាត់ដែរ ចាស៎! ហើយដូចថាពេលស្រ្តីជាមេផ្ទះគាត់មានកិច្ចការរវល់ថ្នាក់ឃុំអញ្ជឹង! គឺបុរសជាប្តីជាអ្នកមើលថែរកូន ពេលខ្លះទៅ​ ជូនប្រពន្ធទៅកន្លែងប្រជុំទៀត»។

យ៉ាងណា អ្នកស្រីថា ការលើកកម្ពស់ស្រ្តីនៅក្នុងសហគមន៍គឺមានភាពប្រសើរច្រើន តែពុំមានមានន័យថា គ្រប់គ្រាន់នោះទេ គឺត្រូវការពេលវេលា និង ការចូលរួមសហការពីអង្គការដៃគូរនានា ឲ្យចូលរួមធ្វើការ បញ្ជ្រៀបព័ត៌មានដល់អ្នកដឹកនាំបុរសនៅក្នុងសហគមន៍ ទើបការលើកកម្ពស់ស្រ្តី និង សមភាពយ៉េនឌ័រមានតុល្យភាព។

ជាអ្នកទ្រទ្រង់សុខភាពភូមិ និង បណ្តាញស្ម័គ្រចិត្តរបស់អង្គការបន្ទាយស្រី នៅភូមិ សណ្តាន់ ឃុំពាក់ស្នែង ស្រុកអងគរធំ ខេត្តសៀមរាប អ្នកស្រី ជុន ណាង  បានមានប្រសាសន៍ស្រដៀងគ្នាថា សហគមន៍របស់អ្នកស្រីហាក់ផ្តល់តម្លៃ និង​ លើកកម្ពស់ស្រ្តីនៅក្នុងសហគមន៍ចាប់តាំងពីស្រ្តីជាអ្នកដឹកនាំ បានធ្វើការដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងសហគមន៍ជោគជ័យ។

អ្នកស្រីបន្តថា ការលើកកម្ពស់ស្រ្តីនៅក្នុងសហគមន៍របស់អ្នកស្រីភាគច្រើនគឺក្នុងរូបភាព បញ្ជ្រៀបចំណេះដឹងក្នុងភាពជាអ្នកដឹកនាំស្រ្តីនៅក្នុងវិស័យនយោបាយ។ អ្នកស្រីបន្តថា កន្លងមកអ្នកស្រីបានក្លាយជាអ្នកជួយដោះស្រាយបញ្ហាក្នុងសហគមន៍ ដែលក្នុងនោះមានដូចជារូបភាពអំពើហឹង្សាមកលើស្រ្តីនិងកុមារ។

សំឡេង អ្នកស្រី ជុន ណាង៖ «កន្លងមកខ្ញុំបានរៀនជាមួយបន្ទាយស្រី ហ្នឹងគឺថា ខ្ញុំត្រូវបានគេលើកកម្ពស់ ឲ្យតម្លៃក្នុងនាមជាបណ្តាញស្រ្តីនៅក្នុងសហគមន៍ ជាពិសេសអំពើហឹង្សាក្នុងគ្រួសារនេះឯង! ចាស៎! ខ្ញុំបានជួយជាក់ស្តែង គឺករណីឱពុករំលោភកូនបង្កើតនេះឯង ហើយក្រោយមកឃើញថា កាត់បន្ថយបានខ្លះនៅក្នុងសហគមន៍ មិនកាត់បានផ្តាច់ទេ តែវាបានខ្លះចាស៎! »។

សូមបញ្ជាក់ថា ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប អង្គការបន្ទាយស្រីបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ស្រ្តីនៅក្នុងសហគមន៍ ចំនួន ២ ខេត្តគឺ ខេត្តសៀមរាប និង ខេត្តបាត់ដំបង។ ស្ត្រីគំរូទាំង ៧៥ នាក់ត្រូវបានក្លាយជាស្រ្តីជាអ្នកដឹកនាំដែលពោរពេញទៅដោយសមត្ថភាព ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងសហគមន៍ បន្ទាប់ពីបានរៀនសូត្របណ្តុះបណ្តាលដោយអង្គការបន្ទាយស្រីនៅក្នុងរយៈពេល ៣ឆ្នាំ រាប់ចាប់ពីឆ្នាំ​២០១៦ ដល់ ឆ្នាំ ២០១៨។

វគ្គបណ្តុះបណ្តាលទាំងនោះ មានដូចជា វគ្គបណ្តុះបណ្តាល​ក្នុងភាពជាអ្នកដឹកនាំ វគ្គបណ្តុះបណ្តាលក្នុងជំនាញប្រាស្រ័យទាក់ទង​ វគ្គបណ្តុះបណ្តាលក្នុងជំនាញនៃការនិយាយទៅកាន់សារធារណៈ និង វគ្គបណ្តុះបណ្តាលការគៀងគរពលរដ្ឋ និង ការរៀបចំសិក្ខាសិលា។

បេសកកម្មរបស់អង្គការបន្ទាយស្រី សំដៅបង្កើនសមត្ថភាព ជាអ្នកដឹកនាំ ដល់ស្រ្តីជាមេដឹកនាំនៅក្នុងសហគមន៍។ គោលដៅរបស់អង្គការនេះមួយទៀតគឺ ក្នុងគោលបំណងពង្រឹងសមត្ថភាពស្រ្តី ក្នុងវិស័យនយោបាយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគក្នុងទឹកកង្វក់តាមរយៈវារីជាតិ

បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាច[...]

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​[...]

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត