en     km
en     km

ការប្រើប្រាស់ឡេលាយឲ្យ​ស្បែកសលឿន បង្កគ្រោះថ្នាក់ធ្ងន់​ធ្ងរ​បំផុត​ដល់​ជីវិត

Share

ភ្នំពេញ៖ បច្ចុប្បន្នមានការដាក់ផលិត​ផលឡេលាយជាច្រើនប្រភេទលក់នៅ​លើទីផ្សារក្នុង​ប្រទេសកម្ពុជា  ជាពិសេសការលក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។ ការផ្សព្វផ្សាយលក់ផលិត​ផលឡេលាយទាំងនោះ សុទ្ធសឹងតែត្រូវបានអ្នកលក់អះអាងថា⁣ ពេលលាបទៅលើស្បែកនឹងឆាប់សក្នុងរយៈពេលដ៏ខ្លី⁣⁣ ​ជួយ​កែខៃ​ស្បែក​ឱ្យ​ស្រស់​ថ្លា​ភ្លឺ​រលោង ក៏ប៉ុន្តែឡេលាយទាំងអស់នោះគេមិនបាន​ដឹងថា​ តើត្រូវ​បាន​គេ​លាយ​យ៉ាងដូចម្តេច និងមានប្រភពមកពីណាពិតប្រាកដឡើយ ហើយកំពុងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតអ្នកប្រើប្រាស់។

បើតាមការលើកឡើងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា សព្វថ្ងៃ​នេះពពួកឡេលាយ​ទាំង​នោះមិនត្រូវបានផលិតតាមក្បួនខ្នាតត្រឹមត្រូវនោះទេ។ “វាគឺជាការច្នៃដោយអ្នកលក់ផ្ទាល់ ច្នៃ​ដោយ​អ្នក​លាយម្សៅ អ្នកលក់គ្រឿងសម្អាង ឬក៏អ្នកដែលផលិតផលិតផលក្លែងក្លាយ ដោយ​គាត់​ធ្វើ​ម៉េច​ឲ្យឃើញសលឿន ប៉ុន្តែគាត់មិនបានគិតពីផលវិបាករបស់អ្នកប្រើប្រាស់នោះទេ”

ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ឡេលាយ ឬផលិតផល​ដែលមិនមានប្រភពច្បាស់លាស់ និងច្បាប់អនុញ្ញាត្រឹមត្រូវនេះ​ ព្រោះឡេលាយមួយចំនួន​ដែល​កំពុង​តែចរាចរនៅលើទីផ្សារកម្ពុជា​មានសារធាតុ​ដែលអាចបង្ក​ផល​ប៉ះ​ពាល់​ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ នាពេលអនាគត។

ពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនបាន​រងនូវផល​ប៉ះពាល់​ទាំង​ធ្ងន់ទាំងស្រាល⁣ដោយសារការលាបផលិតផលខុសនឹងប្រភេទស្បែក ដោយអ្នកប្រើប្រាស់ខ្លះមានគ្រោះថ្នាក់ដល់ជីវិតក៏មានដែរ។ 

អ្នកជំនាញបានលើកឡើងថា សារធាតុដែលមាននៅក្នុងឡេលាយបង្កឱ្យ​មាន​បញ្ហា​ប្រតិ​កម្ម​លើ​ស្បែក​ ដូច​ជា​បណ្ដាល​ឱ្យ​កើត​ជា​រមាស់​កន្ទួល ឬ​ខូច​ស្បែក។ អ្នក​ខ្លះ​មាន​បញ្ហា​រមាស់​ដល់​ថ្នាក់​អេះ​ចេញ​ឈាម និង​ឡើង​កន្ទួល​ធំៗ ដែល​ឡេ​លាយ​អាច​ជ្រាប​ចូល​ដល់​កោ​សិកា​ខាង​ក្នុងប៉ះ​ទង្គិច​ដល់​សុខ​ភាព​ស្បែក​និង​សុខ​ភាព​រាង​កាយ។ ដូច្នេះអ្នកប្រើប្រាស់គួរ​ប្រើផ​លិ​ត​ផលដែលមានគុណភាពល្អ និងចុះបញ្ជីការត្រឹមត្រូវទទួលស្គាល់ដោយក្រសួងសុខាភិបាល ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន​ខ្ពស់ និងចៀសវាងការប្រើឡេលាយលាបស្បែក ដោយលើកឡើងថា៖ «មិនដែលណាទៅលាបឡេភ្លាមសភ្លាមមើលតែដាក់ទឹកក្តៅកោសជ្រូកអីញ្ចឹង យូរៗទៅខ្ទេចខ្ទីអស់ហើយ⁣⁣!⁣សបានមួយភ្លែតហ្នឹង អាស៊ីត ហើយដាក់វត្ថុសម្រាប់ធ្វើឲ្យស្បែកសមួយភ្លែតទៅវាពុល⁣ ធ្វើឲ្យរលាកស្បែក​ថ្ងៃ​ក្រោយ​ទៅ»

សូមជម្រាបថា បច្ចុប្បន្នក្រសួងសុខាភិបាលកំពុងបន្តយុទ្ធនាការបង្ក្រាបជារៀងរាល់ថ្ងៃ ចំពោះចរាចរឡេលាយសម្រាប់លាបស្បែកឲ្យស និងរៀបចំប្រព័ន្ធចុះបញ្ជីការតាមអនឡាញដើម្បីកំណត់ពីប្រភពនាំចូលឡេលាបស្បែកត្រឹមត្រូវផងដែរ។

ចំពោះស្ត្រី⁣ដែលចង់ប្រើប្រាស់ឡេដើម្បីជួយដល់សុខភាពស្បែក សូម​ជ្រើស​រើស​ផលិត​ផលដែលមានស្លាកសញ្ញា ឈ្មោះផលិតផល និងប្រភព​ផលិតច្បាស់លាស់​ ព្រម​ទាំង​មាន​ការ​ទទួលពិនិត្យសារធាតុផ្សំត្រឹមត្រូវពីក្រសួងសុខភិបាលដើម្បី​ចៀស​ផុត​ពី​បញ្ហា​ទាំង​ឡាយដូចដែលអ្នកជំនាញបានលើកឡើង​៕

Share

Image
Image
Image