en     km
en     km

សហជីព​ សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ ពង្រឹង​ការ​អនុវត្ដ​ការងារ​មន្ដ្រី​ថ្នាក់​ក្រោម​ មុន​ស្នើ​កម្មករ​កុំ​ធ្វើ​បាតុកម្ម​

Share

ភ្នំពេញ​ ៖​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អំពាវនាវ​ដល់​កម្មករ​ កម្មការិនី​ទូ​ទាំង​ប្រទេស​ កុំ​ធ្វើ​បាតុកម្ម​បិទផ្លូវ​ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ ដែល​សម្ដេច​ថា​ គួរ​ព្យាយាម​រក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់​ជា​ជាង​ការ​ធ្វើ​បាតុកម្ម​។​ តែ​សហជីព​ និយាយ​ថា​ កម្មករ​នឹង​មិន​ធ្វើ​បាតុកម្ម​នោះ​ទេ​ ប្រសិនបើ​មន្ដ្រី​ដោះស្រាយ​វិវាទ​ថ្នាក់​ក្រោម​អនុវត្ដ​តួនាទី​របស់​ពួក​គេ​បាន​ល្អ​។​

លោក លៀ ស៊ីណា រាយការណ៍៖

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៧​ បាន​ស្នើ​សុំ​ដល់​កម្មករ​ កម្មការិនី​ ទូ​ទាំង​ប្រទេស​កុំ​ធ្វើ​បា​តុ​បិទផ្លូវ​ ដែល​នាំ​ឲ្យ​កើតជា​ឧបសគ្គ​ដល់​អ្នក​ដទៃ​។​ សម្ដេច​ស្នើ​សុំ​ដូចនេះ​ ដោយ​ភ្ជាប់​ករណី​ដែល​កម្មករ​ កម្មការិនី​ ប្រមាណ​ជា​ ៤​ពាន់​នាក់​ ដែល​ធ្វើការ​នៅ​រោងចក្រ​ស្បែកជើង​ «​ម៉េ​ង​ ដា​»​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លុ​ង​ សង្កាត់​ចោម​ចៅ​ បាន​ធ្វើ​បាតុកម្ម​តវ៉ា​ ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ និង​ប្រាក់​បំណាច់​ឆ្នាំ​ ៥​ភាគរយ​ បន្ទាប់​ពី​មានការ​ផ្លាស់​ប្ដូរ​ថៅកែ​រោងចក្រ​ថ្មី​។​ ពួក​ក​គេ​បាន​ បិទផ្លូវ​និង​ ទាមទារ​បើក​ប្រាក់ខែ​។​ ជាង​នេះ​សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​កម្មករ​ កម្មការិនី​ កុំ​ជឿ​ពាក្យ​ញុះញង់​របស់​បុគ្គល​មួយ​ចំនួន​ដែល​នាំ​ទៅ​ធ្វើ​បាតុកម្ម​ ដោយ​លោក​សង្កត់ធ្ងន់​ថា​ ការ​បិទផ្លូវ​នេះ​គឺជា​រឿង​ខុសច្បាប់​។​

​សម្ដេច​ ហ៊ុន​ សែន​៖«​រឿង​បិទផ្លូវ​គឺជា​រឿង​ខុសច្បាប់​ រឿង​ខុសច្បាប់​រឿង​មួយ​ហើយ​ ក៏​ប៉ុន្ដែ​វា​ទាស់​ជាមួយ​ទឹកចិត្ដ​របស់​ប្រជាពលរដ្ឋ​ ឧទាហរណ៍​ ស្រាប់តែ​មាន​ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវការ​ធ្វើ​ដំណើរ​ប្រញាប់​បំផុត​ ដើម្បី​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ ឬ​ក៏​អ្នកជំងឺ​ត្រូវ​សង្គ្រោះ​តែ​ផ្លូវត្រូវ​ស្ទះ​វា​ជា​សោកនាដកម្ម​ឬទេ​ មនុស្ស​ពីរ​ បី​នាក់​ ដែល​ញុះញង់​ឲ្យ​ក្មួយ​ទៅ​បិទផ្លូវ​ វា​មិនមែន​គ្រាន់តែ​បំផ្លាញ​ថៅកែ​ រោងចក្រ​ទេ​ តែ​នេះ​គឺជា​ការ​បំផ្លាញ​ប្រជាពលរដ្ឋ​ដែល​មានការ​ចាំបាច់​ធ្វើ​ដំណើរ​ ទទួលផល​ប្រយោជន៍​ពី​ផ្លូវ​»​។​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា

ជុំវិញ​រឿង​នេះ​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ មាន​ប្រសាសន៍​ថា​ ជា​ការ​ពិត​រាជរដ្ឋាភិបាល​តែងតែ​អំពាវនាវ​ដូចនេះ​ តែ​ហាក់​មិនឃើញ​ចំណាត់ការ​អ្វី​ដែល​ល្អ​ដើម្បី​ជួយ​កម្ម​ការ​នោះ​ទេ​ ។​ លោក​ជឿជាក់​ថា​ កម្មករ​ គ្មាន​អ្នក​ណា​ចង់​ធ្វើ​កូដកម្ម​បិទផ្លូវ​អ្វី​នោះ​ទេ​ ក៏​ប៉ុន្ដែ​នេះ​គឺ​មក​ពី​កម្មករ​ កម្មការិនី​ គ្មាន​ជម្រើស​អ្វី​ដែល​ល្អ​ជាង​នេះ​ ព្រោះតែ​ការ​អនុវត្ដ​ការងារ​របស់​មន្ដ្រី​ថ្នាក់​ក្រោម​បាន​នាំ​ឲ្យ​ពួក​គេ​បាត់បង់​ជំនឿ​។​ លោក​បន្ដ​ថា​ ដើម្បី​លុប​បំបាត់​បាតុកម្ម​ ដែល​កើត​ចេញពី​វិវាទ​ការងារ​របស់​កម្មករ​ កម្មការិនី​ លោក​សំណូមពរ​ ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ សុំ​តាមដាន​ការ​អនុវត្ដ​ច្បាប់​របស់​មន្ដ្រី​ថ្នាក់​ក្រោម​ និង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ កម្មការិនី​ ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​។​

​លោក​ អាត់​ ធន់​ ៖«​ទី​១​ គាត់​ត្រូវ​តាមដាន​សកម្មភាព​ហ្នឹង​ ជាមួយ​ក្រសួង​ការងារ​ ជាមួយ​មន្ដ្រី​របស់​គាត់​ហ្នឹង​ ឲ្យ​សេវា​ដោះស្រាយ​បញ្ហា​ឲ្យ​ទាន់ចិត្ដ​ និង​មាន​យុត្ដិធម៌​ ហើយ​ជា​ពិសេស​មើលទៅ​សហគ្រាស​មួយ​ចំនួន​ដែល​មាន​អ្នកធំ​ជា​ខ្នង​ កាង​អីហ្នឹង​គាត់​ត្រូវ​លុប​បំបាត់​ចោល​តែ​ម្ដង​ទៅ​ ព្រោះ​វា​អត់​ត្រឹមត្រូវ​ទេ​ទៅ​កាង​ថៅកែ​ធ្វើ​ឲ្យ​កម្មករ​លំបាក​វេទនា​»​។​

​ចំណែក​លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ មើលឃើញ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ អស់ជម្រើស​ហើយ​ឈាន​ដល់​ការ​បិទផ្លូវ​ គឺ​ដោយសារ​តែ​ ច្បាប់​ស្ដី​ពី​សហជីព​បាន​ចូល​មក​ធ្វើ​ជា​រនាំង​បាំង​កម្មករ​ មិន​ឲ្យ​ទទួល​បាន​សហជីព​ដែល​គេ​ពួក​ចង់បាន​។​ បន្ថែម​ពី​នេះ​លោក​សង្កត់ធ្ងន់​ថា​ ភាព​អសកម្ម​របស់​មន្ដ្រី​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ជូន​ពួក​គេ​ ក៏​ជា​ចំណែក​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ សម្រេចចិត្ដ​ឈាន​ដល់​ការ​ធ្វើ​បាតុកម្ម​ កូដកម្ម​ ដើម្បី​រក​ដំណោះស្រាយ​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ ៖«​អ្វី​ដែល​ខ្ញុំ​មើលឃើញ​ទី​១​ គឺ​ភាព​អូស​បន្លាយ​នៃ​ការ​ដោះស្រាយ​ដែល​កម្មករ​គាត់​អត់​សូវ​មាន​ជំនឿ​ ទី​២​ គឺ​គាត់​មិនសូវ​មាន​ទំនុកចិត្ដ​ទៅ​លើ​ការ​ដោះស្រាយ​ ទី​៣​ គឺ​គាត់​បាត់បង់​តំណាង​ដែល​គាត់​ជឿជាក់​ គឺ​ចំណុច​ទាំង​អស់នេះ​ហើយ​ ដែល​វា​មិន​អាច​ធ្វើ​ឲ្យ​កម្រិត​នៃ​វិវាទ​ហ្នឹង​គឺថា​ទប់ស្កាត់​ទេ​»​។​

​ជា​ការ​ឆ្លើយ​តប​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា​ រាល់​ដំណោះស្រាយ​ចំពោះ​វិវាទ​ការងារ​ របស់​កម្មករ​ កម្មការិនី​ គឺ​ត្រូវ​បាន​ដោះស្រាយ​ជា​ដំណាក់កាល​ ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​។​ លោក​បន្ដ​ថា​ កម្មករ​ ទាំងអស់​មាន​សិទ្ធិ​ធ្វើ​កូដកម្ម​ បាតុកម្ម​ក​ ដោយ​អហិង្សា​លុះត្រាតែ​មានការ​ដោះស្រាយ​វិវាទ​ស្រប​ទៅ​តាម​ច្បាប់​រួច​ហើយ​ ក៏​ប៉ុន្ដែ​ មាន​ភាគី​ម្ខាង​មិន​ព្រម​គោរព​តាម​ការ​ដោះស្រាយ​វិវាទ​នោះ​ ដែល​សម្រេច​ដោយ​ក្រសួង​ការងារ​ ឬ​ក៏​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​ លោក​ ហេង​ សួរ​ បញ្ជាក់​ថា​ រាល់​សកម្មភាព​ដែល​ធ្វើ​បាតុកម្ម​ក​ កូដកម្ម​ ដោយ​មិន​បាន​ឆ្លងកាត់​ដំណោះស្រាយ​តាម​រយៈ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ជា​មុន​ គឺជា​រឿង​ខុសច្បាប់​។​

​លោក​ ហេង​ សួរ​ ៖«​អ​ញ្ចឹ​ង​ហើយ​នៅ​ពេល​ដែល​យើង​ឡើង​ទៅ​តុលាការ​ អ្វី​ដែល​ជា​ភាព​ស្របច្បាប់​របស់​កម្មករ​ និ​យ​ជិត​ អាច​នឹង​ត្រូវ​បាត់បង់​វិញ​ដោយសារ​តែ​ការ​ធ្វើ​កូដកម្ម​ហ្នឹង​គឺ​ខុស​នីតិវិធី​ច្បាប់​ អ​ញ្ចឹ​ង​ហើយ​បានជា​យើង​ធ្វើការ​អំពាវនាវ​ដល់​កម្មករ​ ទាំងអស់​ គឺថា​ សុំ​អនុវត្ដ​ទៅ​តាម​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​ ហើយ​កុំ​ជ្រើស​យក​ការ​ធ្វើ​កូដកម្ម​ដោយ​មិន​បាន​ឆ្លងកាត់​នៅ​ដំណាក់កាល​ផ្សះផ្សា​ពី​មន្ដ្រី​ផ្សះផ្សា​ការងារ​វិវាទ​ ហើយ​និង​ការ​ជម្រះក្ដី​ដោយ​ក្រុមប្រឹក្សា​ជា​ជ្ញា​កណ្ដាល​»​។​

​តែ​បែប​នេះ​ក្ដី​ សម្ដេច​ ហ៊ុន​ សែន​ ធ្លាប់​មាន​ប្រសាសន៍​ថា​ កន្លង​មក​ឲ្យ​តែ​ការ​ដោះស្រាយ​វិវាទ​ មិន​អាច​ទៅ​រួច​ គឺ​រដ្ឋាភិបាល​ ជា​អ្នក​ចេញ​មុខ​ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ទៅ​ជូន​កម្មករ​។​

​គួរ​ជម្រាប​ថា​ ប្រទេស​កម្ពុជា​ មាន​ស្ថាប័ន​ចំនួន​ ២​ ដែល​មាន​ភារៈ​ត្រូវ​ដោះស្រាយ​ គ្រប់​វិវាទ​ការងារ​រួម​ជូន​ ថៅកែ​ និយោជក​ និង​កម្មករ​ និយោជិត​។​ ក្រុម​ថៅកែ​ និយោជក​ កម្មករ​ និយោជិត​ រាល់ពេល​ដែល​មាន​វិវាទ​កើតឡើង​ គឺ​ត្រូវ​ប្ដឹង​ទៅ​កាន់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ ដើម្បី​ដោះស្រាយ​ ក៏​ប៉ុន្ដែ​ប្រ​សិន​ការ​ដោះស្រាយ​វិវាទ​នោះ​ ដោយ​ក្រសួង​ការងារ​រួច​ហើយ​ ទាំង​ថៅកែ​ និយោជក​ និង​កម្មករ​ និយោជិត​ មិន​ព្រម​សះជា​និង​គ្នា​ បណ្ដឹង​របស់​ពួក​គេ​ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ត្រីភាគី​ដើម្បី​ដោះស្រាយ​បន្ដ​៕

Share

Image
Image
Image