en     km
en     km

ក្រសួង​កិច្ចការ​នារី​ ៖​ ស្នើ​ឲ្យ​បុរស​បញ្ឈប់​ការ​រើសអើង​ និង​ការ​ប្រើ​ហិង្សា​លើ​ស្ដ្រី​

Share

​ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​កិច្ចការ​នារី​ បាន​ទទូច​ឲ្យ​បុរស​បញ្ឈប់​ការ​រើសអើង​ និង​ការ​ប្រើ​ហិង្សា​លើ​ស្ដ្រី​ ដោយ​ចាត់​ទុក​ស្ដ្រី​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​។​ នាយិកា​អង្គការ​ GAD/C​ សំណូមពរ​ឲ្យ​ពង្រឹង​ការ​អនុ​វ​ច្បាប់​ទៅ​លើ​បុរស​ដែល​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​លោកស្រី​ គី​ម​ ស៊ី​ផាត់​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សមភាព​យេ​ន​ឌ័​រ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៃ​ក្រសួង​កិច្ចការ​នារី​ បាន​ថ្លែង​ក្នុង​ឱកាស​នៃ​ពិធី​អបអរសាទរ​ ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​ កាលពី​ថ្ងៃ​ទី​០៧​ ខែមីនា​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្ដិការ​កម្ពុជា​ កូរ៉េ​ រាជធានី​ភ្នំពេញ​ ដោយ​ស្នើ​ដល់​បុរស​គ្រប់​រូប​បញ្ឈប់​ការ​រើសអើង​ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ដ្រី​បន្ដ​ទៀត​។​ ការ​ទទូច​របស់​លោកស្រី​ដូចនេះ​ពីព្រោះ​តែ​លោកស្រី​មើលឃើញ​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​នៅ​តែ​បន្ដ​កើត​មាន​ ការ​ប្រើប្រាស់​ស្ដ្រី​ដើម្បី​ប្រព្រឹត្ដ​បទល្មើស​ផ្សេងៗ​មាន​ ដូច​ជា​ការ​ជួញដូរ​គ្រឿងញៀន​ជាដើម​។​ ត្រង់​ចំណុច​នេះ​ លោកស្រី​ ស៊ី​ផាត់​ គិត​ថា​ គឺជា​បញ្ហា​ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

​លោកស្រី​ បន្ដ​ទៀត​ថា​ ប្រទេស​មួយ​ដែល​មានការ​រីក​ចម្រើន​ទៅ​បាន​លុះត្រាតែ​មានការ​ចូលរួម​ដោយ​ស្មើភាព​គ្នា​រវាង​ស្ដ្រី​ និង​បុរស​ ។​ ដើម្បី​ឲ្យ​ស្ដ្រី​អាច​បង្ហាញ​សមត្ថភាព​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ​ លោកស្រី​ គី​ម​ ស៊ី​ផាត​ ទទូច​ឲ្យ​បុរស​ និង​ក្មេង​ប្រុស​ រួម​គ្នា​ផ្ដល់​ឱកាស​ លើកទឹកចិត្ដ​ និង​គោរព​សេចក្ដីសម្រេច​ចិត្ដ​របស់​ស្ដ្រី​។​

​លោកស្រី​ គី​ម​ ស៊ី​ផាត់​ ៖«​អ្វី​ដែល​ជា​សំណូមពរ​ និង​ជា​សារ​ដ៏​សំខាន់​ក្នុង​នាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការ​នារី​ ខ្ញុំ​សុំ​ឲ្យ​បុរស​ និង​ក្មេង​ប្រុស​កម្ពុជា​ទាំងអស់​ រួម​គ្នា​ផ្ដល់​ឱកាស​ ឲ្យ​តម្លៃ​ គោរព​ស្រឡាញ់​ស្ដ្រី​ ដែល​ជា​កូន​ជា​ភរិយា​ជា​មាតា​ ជា​ក្រុម​គ្រួសារ​របស់​យើង​ទាំងមូល​ ធ្វើ​ម៉េច​ត្រូវ​គិត​ថា​ ឲ្យ​ក្មេង​ស្រី​ និង​ក្មេង​ប្រុស​ ទាំង​ពីរ​គឺ​គាត់​ទទួល​បាន​នូវ​អត្ថ​ប​ប្រយោជន៍​ដូចៗ​គ្នា​ពី​អ្វី​ដែល​គាត់​ចង់បាន​»​។​

​យ៉ាងណា​ ក្រៅ​តែ​ពី​ការ​សំណូមពរ​ដល់​បុរស​ឲ្យ​បញ្ឈប់​ការ​រើសអើង​ និង​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​ហើយ​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សមភាព​យេ​ន​ឌ័​រ​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ នៃ​ក្រសួង​កិច្ចការ​នារី​ ក៏​សំណូមពរ​ដល់​ស្ដ្រី​ ឲ្យ​បង្កើន​សមត្ថភាព​ និង​ចាប់​យក​ឱកាស​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​គំរូ​ សម្រាប់​ស្ដ្រី​វ័យក្មេង​ជំនាន់​ក្រោយ​។​

​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ GAD/C​ មាន​ប្រសាសន៍​ថា​ តាម​ពិត​ទៅ​បុរស​ កម្ពុជា​ បាន​យល់​បានដឹង​ច្រើន​ហើយ​ ជុំវិញ​ថា​ ស្ដ្រី​មាន​សិទ្ធិ​ស្នើ​នឹង​បុរស​ ក្នុង​កិច្ច​អភិវឌ្ឍន៍​។​ តែ​យ៉ាងណា​ ចំពោះ​ស្ថានភាព​ជាក់ស្ដែង​វិញ​ គឺ​ ស្ដ្រី​នៅ​តែ​ទទួល​រង​នូវ​ការ​រើសអើង​ ការ​ស្ដីបន្ទោស​ក្រោយ​ពី​ត្រូវ​បាន​ជនល្មើស​វាយដំ​ ឬ​ក៏​ចាប់រំលោភ​។​ បន្ថែម​ពី​នេះ​លោកស្រី​ មើលឃើញ​ទៀត​ថា​ ក្រុម​បុរស​នៅ​តែ​ចាត់​ទុក​ស្ដ្រី​ ជា​មនុស្ស​ដែល​មិន​មានចំណេះ​ដឹង​ និង​មិន​អាច​ធ្វើ​ការងារ​ដូច​បុរស​បាន​ទេ​។​

​លោកស្រី​ រស់​ សុភាព​ សំណូមពរ​ឲ្យ​ស្ដ្រី​ ត្រូវ​ហ៊ាន​រាយការណ៍​ដោយ​កុំ​មានការ​ភ័យ​ខ្លាច​ នៅ​ពេល​មានការ​វាយដំ​ ឬ​ក៏​អំពើ​រំលោភ​បំពាន​ណាមួយ​កើតឡើង​។​ លើស​ពី​នេះ​លោកស្រី​ក៏​សំណូម​ផង​ដែរ​ ដោយ​សុំ​ឲ្យ​អាជ្ញាធរ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ ឲ្យ​បាន​ខ្លាំង​ត្រូវ​នាំ​ជនល្មើស​មក​កាត់ទោស​ ដើម្បី​ជា​ការ​ព្រមាន​ដល់​ជន​ដទៃ​ទៀត​។​

​លោកស្រី​ រស់​ សុភាព​ ៖«​សុំ​ឲ្យ​គាត់​ជា​ស្ដ្រី​ បន្ដ​ភាព​ក្លាយ​ហាន​របស់​ខ្លួន​ ដើម្បី​រាយការណ៍​ រាល់​បញ្ហា​ទាំងឡាយ​ដែល​ធ្វើ​មក​លើ​គាត់​ ទៅ​លើ​អំពើ​ហិង្សា​ឬ​ក៏​ការ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ខ្លួន​គាត់​ហើយ​យើង​ទាំងអស់​គ្នា​សហការ​គ្នា​ក្នុង​ការ​វែកមុខ​ជនល្មើស​ ធ្វើ​យ៉ាងណា​នាំ​ជនល្មើស​ទៅ​កាត់ទោស​ទៅ​តាម​ច្បាប់​ ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​ឲ្យ​សង្គម​យើង​អាច​កាត់​បន្ថយ​ និង​ឈាន​ទៅ​បញ្ឈប់​អំពើ​ហិង្សា​ ឬ​ការ​រើសអើង​»​។​

​បច្ចុប្បន្ន​នេះ​ ស្ដ្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ការងារ​ជា​ច្រើន​ មាន​ទាំង​ការងារ​ផ្ទះ​ មើលថែ​កូន​ អប់រំ​កូន​ និង​ការ​ចូល​ក្នុង​សង្គម​ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ និង​ជា​សេដ្ឋកិច្ចជាតិ​។​

​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ មាន​ប្រសាសន៍​ក្នុង​វិ​ដេ​អូ​ខ្លី​ របស់​ក្រសួង​ ដោយ​បញ្ជាក់​ថា​ ស្ដ្រី​ជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម​មានការ​រីក​ចម្រើន​។​ លោកស្រី​ បន្ដ​ថា​ ដំណើរ​នៃ​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ដ្រី​ គឺ​នៅ​វែង​ឆ្ងាយ​ទៀត​ ដែល​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវត្រូវ​ ក្នុង​ការ​ធ្វើ​ឲ្យ​បុរស​បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ភាព​មិន​អាច​ខ្វះ​បាន​ នូវ​ការ​រួមចំណែក​របស់​ស្ដ្រី​ ដើម្បី​ឲ្យ​សង្គម​ពោរពេញ​ទៅ​ដោយ​ភាព​រុងរឿង​ សិរី​សួស្ដី​ និង​សុភមង្គល​៕​

Share

Image
Image
Image