en     km
en     km

ថៃ​ ពន្យា​​ពេល​ពី​ ៣​ ទៅ​ ៦​ខែ​ទៀត​ ដើម្បី​ឲ្យ​កម្ពុជា​ ផ្ដល់​ភាព​ស្របច្បាប់​ដល់​កម្មករ​ខ្មែរ​

Share

​ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​ថៃ​ បាន​យល់ព្រម​ពន្យា​ពេល​ពី​ ៣​ ទៅ​ ៦​ខែ​ទៀត​ ដើម្បី​ឲ្យ​កម្ពុជា​ រៀបចំ​ឯកសារ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​ ដែល​កំពុងធ្វើការ​ងារ​នៅ​លើ​ទឹកដី​ថៃ​ ដោយ​គ្មា​ច្បាប់​អនុញ្ញាត​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២២​ ធ្នូ​។​

លោក លៀ ស៊ីណា រាយការណ៍ ៖

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ភាគី​ថៃ​បាន​យល់ព្រម​តាម​សំណើរ​របស់​កម្ពុជា​ គឺ​បន្ទាប់​ពី​រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ ជួប​ជាមួយ​រដ្ឋមន្ដ្រីក្រសួង​ការងារ​ថៃ​ លោក​ អា​ឌុ​ល​ សាំង​ស៊ី​កែវ​ ដើម្បី​ពិភាក្សា​ពី​ដំណើរការ​ នៃ​ការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់ករ​ខ្មែរ​ ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​។​

​នៅ​ក្នុង​ជំនួប​នេះ​ ភាគី​ថៃ​បាន​យលព្រម​ ពន្យា​ល​ពេល​ពី​ ៣​ខែ​ ទៅ​ ៦​ខែ​ទៀត​ រហូត​ដល់​កម្ពុជា​បាន​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​គ្រប់ៗ​គ្នា​ និង​អនុញ្ញាត​ឲ្យ​ពលករ​កម្ពុជា​ ដែល​កាន់​ប័ណ្ណ​ស៊ី​ជម្ពូ​ និង​លិខិតបញ្ជាក់​ ទំនាក់ទំនង​រវាង​និយោជក​ និង​ពលករ​ អាច​ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត​ ធ្វើ​ដំណើរ​ទៅ​មក​ប្រទេស​កម្ពុជា​-​ថៃ​ ពី​មន្ទីរ​ការងារ​តាម​បណ្ដា​ខេត្ដ​នានា​ នៃ​ព្រះរាជាណាចក្រ​ថៃ​ ដោយ​មិន​ចំ​បាច់​បង់​កម្រៃ​សេវា​ ដើម្បី​មក​ធ្វើ​លិខិតឆ្លងដែន​ ឬ​លិខិត​ធ្វើ​ដំណើរ​ និង​ប័ណ្ណ​ពលករ​កម្ពុជា​ ធ្វើការ​នៅ​បរទេស​ ឬ​ឯកសារ​ពាក់ព័ន្ធ​ពី​អាជ្ញាធរ​កម្ពុជា​ឡើយ​។​ ក្រៅពី​ការ​សន្យា​ នឹង​ពន្យា​ល​ពេល​ ដើម្បី​ឲ្យ​អាជ្ញាធរ​កម្ពុជា​ រៀបចំ​ឯកសារ​ស្របច្បាប់​សម្រាប់​ពលករ​របស់​ខ្លួន​ហើយ​ អាជ្ញាធរ​ថៃ​ ក៏​បាន​ប្ដេជ្ញា​ពី​ការ​ ការពារ​នូវ​សុវត្ថិភាព​ជូន​ដល់​ពលករ​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ផង​ដែរ​។​

​បន្ថែម​ពី​នេះ​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ ក៏​បាន​ស្នើ​ដល់​ភាគី​ថៃ​ ឲ្យ​ជំរុញ​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដល់​ពលករ​កម្ពុជា​នៅ​ថៃ​ ដើម្បី​ឲ្យ​មក​បញ្ជាក់​អត្ដសញ្ញាណ​ ដើម្បី​ទទួល​បាន​ភាព​ស្របច្បាប់​ ដែល​កម្ពុជា​ នឹង​បង្កើន​ក្រុមការងារ​បន្ថែម​ទៀត​ ក៏​ដូច​ជា​ បង្កើត​ឲ្យ​មាន​ក្រុម​ចល័ត​តាម​សំណើរ​របស់​ភាគី​ថៃ​ ក្នុង​ការ​ធ្វើ​លិខិត​ធ្វើ​ដំណើរ​ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ ឲ្យ​បាន​កាន់តែ​លឿន​ថែម​ទៀត​។​ លើស​ពី​នេះ​ ភាគី​កម្ពុជា​ និង​ភាគី​ថៃ​ បាន​យល់ព្រម​នឹង​បង្កើត​ក្រុមការងារ​ផ្នែក​ព័ត៌មានវិទ្យា​ក្នុង​ការ​គ្រប់គ្រង​ពលករ​កម្ពុជា​ ដែល​មាន​បំណង​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​។​ ភាគី​ទាំង​ពីរ​ នឹង​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ទទួលស្គាល់​ជំនាញ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិស័យ​សំណង់​ និង​វិស័យ​ផ្សេងៗ​ទៀត​ រួម​ជាមួយ​ការ​ ផ្ដល់​កិច្ច​គាំពារ​សង្គម​ ស្ដី​ពី​ការ​គ្រោះថ្នាក់​ការងារ​ ការ​ថែទាំ​សុខភាព​ ការ​ធានា​រ៉ាប់រង​អាយុជីវិត​ និង​បន្ដ​សហការ​លើ​របប​សោធន​និវត្ដន៍​។​ ភាគី​ ថៃ​ ក៏​បាន​សន្យា​ផង​ដែរ​ ថា​នឹង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ការ​កេ​ញ​ប្រវ័ញ្ច​ពលករ​ខុសច្បាប់​ ទប់​ស្ដា​ត់​មេខ្យល់​ជួញដូរ​មនុស្ស​ខុសច្បាប់​ ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​ និង​ការ​ជួយ​ជន​រង​គ្រោះ​ព្រោះ​ការ​ជួញដូរ​។​

​រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​កម្ពុជា​ បាន​ធ្វើ​លិខិតឆ្លងដែន​ លិខិត​ធ្វើ​ដំណើរ​ និង​ប័ណ្ណ​ពលករ​កម្ពុជា​ ធ្វើការ​នៅ​បរទេស​ ដោយ​បាន​ផ្ដល់​ជូន​ពលករ​កម្ពុជា​បាន​ចំនួន​ជាង​ ១៧​ម៉ឺន​នាក់​ ។​ នៅ​សល់​ប្រហែលជា​ ៤២​ម៉ឺន​នាក់​ទៀត​ ហើយ​នៅ​ក្នុង​នេះ​មាន​ចំនួន​ ១៤​ម៉ឺន​នាក់​បាន​ធ្វើ​រួចរាល់​ហើយ​ ដែល​នឹង​ត្រូវ​បន្ដ​ចែក​ជូន​ដល់​ពលករ​។​ ក្រសួង​ការងារ​កម្ពុជា​ ក៏​កំពុង​បន្ដ​រៀបចំ​ឯកសារ​សម្រាប់​ពលករ​ ដែល​មាន​ប័ណ្ណ​មិនមែន​សញ្ជាតិ​ថៃ​ ឬ​ប័ណ្ណ​ស៊ី​ជម្ពូ​ និង​លិខិតបញ្ជាក់​ ទំនាក់ទំនង​រវាង​និយោជក​ និង​ពលករ​ សម្រាប់​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ​ និង​ធ្វើការ​លើ​ទឹកដី​ថៃ​ ចំនួន​ ២៨​ម៉ឺន​នាក់​ទៀត​ផង​ដែរ​៕

Share

Image
Image
Image