en     km
en     km

អតីត​ស្ដ្រី​មេឃុំ​ CNRP​ ៖​ ក្រៅពី​បក្ស​របស់​ខ្លួន​ ពួក​គេ​មិន​មើល​គណបក្ស​ផ្សេង​ឡើយ​

Share

​ភ្នំពេញ​ ៖​ អតីត​ស្ដ្រី​មេឃុំ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ បាន​អះអាង​ថា​ ខ្លួន​គ្មាន​បំណង​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ផ្សេង​ឡើយ​ បើ​ទោះជា​មាន​បក្ស​ខ្លះមក​បញ្ចុះបញ្ចូល​ សន្យា​ផ្ដល់​តំណែង​ និង​ទ្រព្យសម្បត្ដិ​ក៏​ដោយ​។​ យ៉ាងណា​មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ជាក់​ថា​ បក្ស​នេះ​នៅ​តែ​បើកទ្វា​ចំហ​ជា​និច្ច​សម្រាប់​ក្រុម​ស្ដ្រី​ គ្រប់​បក្សនយោបាយ​ដែល​ចង់​ចូលរួម​ជួយ​អភិវឌ្ឍន៍​ប្រទេស​។​

​លោក​ លៀ​ ស៊ី​ណា​ ជូន​លម្អិត​ ៖​

 

ការរាប់សន្លឹកឆ្នោត កាលពីបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ២០១៧

 

​ស្ត្រី​ដែល​បាន​ជាប់​ឆ្នោត​ឡើង​កាន់​តួនាទី​ជា​មេឃុំ​និង​ចៅសង្កាត់​ បាន​កើនឡើង​ចំនួន​ ៣៣​រូប​នៅ​ឆ្នាំ​២០១៧​ ចំនួន​នេះ​គឺ​មានការ​កើនឡើង​ បើ​ធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ប្រាំ​ឆ្នាំ​មុន​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ការងារ​ ក្នុង​ការ​លើក​ស្ទួយ​ស្ត្រី​ ក្នុង​វិស័យ​នយោបាយ​ ដែល​បាន​ដាក់​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៧​។​

​ស្ដ្រី​ទទួល​បានការ​គាំទ្រ​ កាន់​មុខ​តំណែង​ជា​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​ឃុំ​សង្កាត់​ មានការ​កើនឡើង​នេះ​ ក៏​ព្រោះតែ​សកម្មភាព​ របស់​ក្រុម​ស្ដ្រី​ទាំងនោះ​ មាន​ភាព​ក្លៀវក្លា​ ស្វាហាប់​ និង​មោះមុត​ក្នុង​ការងារ​របស់​ពួក​គេ​។​ ម្យ៉ាងវិញទៀត​ មូលហេតុ​ដែល​ពលរដ្ឋ​ដាក់​ការ​ទុកចិត្ដ​ទៅ​ស្ដ្រី​ ពីព្រោះ​តែ​ស្ដ្រី​ដឹង​ទុក្ខ​ធុរៈ​ច្រើន​គឺ​ មិន​ថា​ ស្ដ្រី​ កុមារ​ ឬ​បុរស​នោះ​ទេ​។​ ​ស្ដ្រី​ក្នុង​តំណែង​ជា​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​ឃុំ​សង្កាត់​ ភាគច្រើន​គឺជា​សមាជិក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​តែ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ ក្រុម​ស្ដ្រី​ ទាំងនោះ​ បាន​បាត់បង់​អំណាច​ទៅ​វិញ​ ក្រោយ​ពី​គណបក្ស​របស់​ពួក​គេ​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ដែល​ត្រូវ​បាន​ចោទ​ថា​ ទាក់ទិន​ករណី​ក្បត់ជាតិ​ជាមួយ​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​គណបក្ស​មួយ​នេះ​។​ ក្រោយ​ពី​គណបក្សប្រឆាំង​ដ៏​មួយ​នេះ​ ត្រូវ​បាន​រំលាយ​ ចៅសង្កាត់​ និង​មេឃុំ​ ជា​ស្ដ្រី​មួយ​ចំនួន​ធំ​របស់​គណបក្ស​នេះ​ ត្រូវ​បាន​ចាកចេញ​ពីមុខ​នាទី​ ត្រឡប់​ទៅ​ជា​ពលរដ្ឋ​ធម្មតា​វិញ​ ។​ ក្រោយ​ពី​បាត់បង់​មុខ​នាទី​ ស្ត្រី​ទាំង​ក៏​ត្រូវ​បាន​អូស​ទាញ​ ចូល​ គណបក្ស​នយោបាយ​ផ្សេងៗ​ ដែល​មានចិត្ដ​ចង់បាន​ក្រុម​ស្ដ្រី​ ទាំងនោះ​ ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​របស់​ពួក​គេ​។​ ក៏​ប៉ុន្ដែ​ក្រុម​អតីត​ចៅសង្កាត់​ និង​មេឃុំ​ ស្ដ្រី​ របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ បាន​បដិសេធ​ និង​អះអាង​ថា​ ពួក​គេ​មិន​ធ្វើ​អ្វី​ ដែល​ក្បត់​សេចក្ដី​ទុកចិត្ដ​របស់​ពលរដ្ឋ​ និង​ថ្នាក់ដឹកនាំ​គណបក្ស​ពួក​គេ​ឡើយ​។​

លោកស្រី ជួង ឈុននី អតីតមេឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល

 

​លោកស្រី​ ជួង​ ឈុ​ន​នី​ អតីត​មេឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ដកណ្ដាល​ អាយុ​ ៥៩​ឆ្នាំ​ មាន​ប្រសាសន៍​ថា​ មុន​ពេល​លោកស្រី​ សម្រេច​ច​ចិត្ដ​ចូល​ធ្វើ​ជា​អ្នកនយោបាយ​ លោកស្រី​បាន​ពិនិត្យ​មើល​គោលនយោបាយ​ និង​ប្រវត្ដិ​មេដឹកនាំ​តាម​បក្ស​នីមួយៗ​រួច​ហើយ​ មុន​ពេល​សម្រេចចិត្ដ​ជ្រើសរើស​យក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោកស្រី​បន្ដ​ថា​ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ មាន​គណបក្ស​មួយ​ចំនួន​ បាន​បោះពាក្យបោះសម្ដី​មក​លោកស្រី​ដែរ​ ក៏​ប៉ុន្ដែ​មេឃុំ​ស្ត្រី​រូប​នេះ​ មិន​ចាប់អារម្មណ៍​នោះ​ទេ​ ដោយ​អះអាង​ថា​ បើ​ចង់​ចូល​ក្នុង​បក្ស​ទាំង​អស់នោះ​ គឺ​អ្នកស្រី​មិន​ទៅ​ប្រឡូក​នយោបាយ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​ ៖«​មាន​គេ​បង្ហើបៗ​ដែរ​ ប៉ុន្ដែ​គេ​ស្គាល់​ខ្ញុំ​ច្បាស់​គេ​ដឹងចិត្ដ​ខ្ញុំ​ គេ​មិនសូវ​ហ៊ាន​មក​ទេ​។​ ព្រោះ​ខ្ញុំ​ធ្វើ​អ្វី​ប្រាកដប្រជា​របស់ខ្ញុំ​ តាំងពី​ប្រវត្ដិ​ខ្ញុំ​ធ្វើ​គ្រូបង្រៀន​អី​ ខ្ញុំ​ធ្វើ​អ្វី​ប្រាកដ​ណាស់​ ខ្ញុំ​ធ្វើ​អ្វី​ច្បាស់លាស់​។​ អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​ថា​ ល្អ​ ខ្ញុំ​ធ្វើ​តែ​រឿង​ហ្នឹង​ បើ​ថា​ រឿង​អី​ដែល​ខ្ញុំ​មិន​ពេញចិត្ដ​ខ្ញុំ​អត់​ទៅ​ធ្វើ​ទេ​ ដើម្បី​តែ​លាភសក្ការៈ​ ខ្ញុំ​អត់​ទៅ​ទេ​។​ ពេល​ខ្ញុំ​ឈប់​ធ្វើ​មេឃុំ​ ខាង​ CPP​ គេ​មក​ហៅ​ខ្ញុំ​ទៅ​ធ្វើ​មេឃុំ​ដែរ​ តែ​ខ្ញុំ​អត់​ទៅ​»​។​

​ការ​បោះបង់​ឱកាស​ក្លាយជា​មេឃុំ​បន្ដ​ទៀត​របស់​លោកស្រី​ ឈុ​ន​នី​ ទំនង​អ្នកខ្លះ​យល់​ថា​ ល្អ​ និង​អ្នកខ្លះ​ទៀត​យល់​ថា​ ជា​រឿង​ដែល​ឆោតល្ងង់​ ព្រោះ​ចំណី​ទៅ​ដល់​មាត់​ទៅ​ហើយ​ តែ​បែរ​ងាក​មុខ​ចេញ​ទៅ​វិញ​។​ សម្រាប់​លោកស្រី​ ឈុ​ន​នី​ មិន​ចាប់អារម្មណ៍​ពី​ការ​រិះគន់​លើ​លោកស្រី​នោះ​ទេ​ តែ​លោកស្រី​បញ្ជាក់​ថា​ ជម្រើស​របស់​លោកស្រី​ គឺ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ជា​ការ​ចង់បាន​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តែ​ប៉ុណ្ណោះ​។​

​ក្រោយ​ពី​ចាក​ចេញពី​តំណែង​មេឃុំ​ ព្រះ​ប្រសប់​ លោកស្រី​ ជួង​ ឈុ​ន​នី​ បាន​ត្រឡប់​ទៅ​ធ្វើ​ការងារ​ជា​គ្រូបង្រៀន​ក្នុង​អង្គការ​របស់​លោកស្រី​វិញ​ និង​ឈ្លៀតពេល​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​ ទៅ​បង្រៀន​ដោយ​ឥត​គិត​កម្រៃ​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​វត្ដ​ព្រះ​ប្រសប់​ ទៀត​ផង​៖«​ខ្ញុំ​សព្វថ្ងៃ​កំពុង​បង្រៀន​នៅ​ក្នុង​អង្គភាព​ខ្ញុំ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។​ នេះ​ជា​អង្គការ​លក្ខណៈ​ថា​ បង្កើត​ខ្លួនឯង​ដោះស្រាយ​ខ្លួនឯង​ អត់​បាន​ជំនួយ​ពី​ណា​ទាំងអស់​ ហើយ​អង្គភាព​ហ្នឹង​គឺ​យើង​ដឹកនាំ​ទៅ​សិស្ស​រៀន​បាន​ ៣០០​ ទៅ​ ៤០០​នាក់​ដែរ​ យើង​អាច​ជួ​សង្គម​បាន​។​ ទី​២​ សៅរ៍​ អាទិត្យ​ ខ្ញុំ​ទៅ​បង្រៀន​ពុទ្ធិកបឋមសិក្សា​វត្ដ​ព្រះ​ប្រសប់​ ហ្នឹង​សិស្ស​ ៣៧-៣៨​ អង្គ​ដែរ​ ចំណែក​ខ្ញុំ​អ្នក​បង្រៀន​អត់​យក​បច្ច័យ​ទេ​ ខ្ញុំ​ទូល​លោក​ថា​ ខ្ញុំ​មក​បង្រៀន​នេះ​ដើម្បី​ជួយ​ព្រះពុទ្ធ​សាសនា​»​។​

​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​រំលាយ​ គេ​សង្កេត​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ បាន​អះអាង​ថា​ ពួក​គេ​ជា​សកម្មជន​ និង​ជាស​ជិ​ក​ក្រុមប្រឹក្សា​ឃុំ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេចចិត្ដ​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​នយោបាយ​ផ្សេងៗ​ ។​ ក៏​ប៉ុន្ដែ​បើ​តាម​ការ​សង្កេត​ ស្ត្រី​ទាំងនោះ​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​ជាងគេ​។​ យ៉ាងណា​ ពួក​គេ​ទាំងនោះ​ស្ទើរតែ​ទាំងអស់​ គឺ​បាន​ត្រឹមតែ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តែ​ប៉ុណ្ណោះ​ ដោយឡែក​ក្រុម​ស្ដ្រី​ជា​ ចៅសង្កាត់​ និង​មេឃុំ​ ល្បីៗ​ នៅ​មិន​ទាន់​បាន​ចុះចូល​នោះ​ទេ​។​

លោកស្រី ខឹម មុន្ថា អតីតចៅសង្កាត់ ស្រះចក រាជធានីភ្នំពេញ

លោកស្រី​ ខឹ​ម​ មុ​ន្ថា​ អតីត​ចៅសង្កាត់​ ស្រះ​ចក​ រាជធានី​ភ្នំពេញ​ អាយុ​ ៥៩​ឆ្នាំ​ មាន​ប្រសាសន៍​ថា​ ការ​ដែរ​លោកស្រី​មិន​ចាកចេញ​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ផ្សេងៗ​ ព្រោះ​លោកស្រី​មើលឃើញ​ថា​ គណបក្ស​ដែល​កកើត​ ជា​ហូរហែ​មក​នោះ​ មិន​មានគុណ​សម្បត្ដិ​អ្វី​ប្រៀប​ស្នើ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើយ​ ។​ លោកស្រី​បន្ដ​ថា​ ខ្លួន​នឹង​ចូល​ធ្វើ​នយោបាយ​វិញ​បើ​បក្ស​របស់​ខ្លួន​មានឱកាស​បន្ដជីវិត​ ៖«​ខ្ញុំ​យល់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​គណបក្ស​កើតឡើង​ដោយសារ​ប្រជាពលរដ្ឋ​អ្នក​បង្កើត​។​ ដល់​អ​ញ្ចឹ​ង​គឺជា​គណបក្ស​ដ៏​ស្អាតស្អំ​ ដែល​មាន​មេដឹកនាំ​ដ៏​ល្អ​ ដែល​ចេះ​ស្រឡាញ់​ប្រទេស​ជាតិ​ ទឹកដី​ប្រទេស​ជាតិ​ ប្រជារាស្ដ្រ​ខ្លួនឯង​ ការពារ​សម្បត្ដិ​ធម្មជាតិ​ អី​ទាំងអស់​ហ្នឹង​ ខ្ញុំ​យល់​ឃើញ​អ​ញ្ចឹ​ង​»​។​

​បើ​ទោះជា​មានការ​អះអាង​ពី​ក្រុម​ស្ដ្រី​ អតីត​មេឃុំ​ កូតា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ​ក្ដី​ សម្រាប់​មន្ដ្រី​នាំពាក្យ​គណបក្សកាន់អំណាច​ យល់​ថា​ ទំនង​ពួក​គាត់​មិន​ទាន់​បានដឹង​ច្បាស់​ពី​ទ​ង្វើ​មិនល្អ​ មេដឹកនាំ​របស់​ពួក​គាត់​ ទើប​ពួក​គាត់​នៅ​តែ​បន្ដ​ស្មោះស្ម័គ្រ​ដូច្នេះ​។​

ឯកឧត្ដម សុខ ឥសាន្ដ មន្រ្ដីនាំពាក្យ គណបក្សប្រជាជនកម្ពុជា

 

​លោក​ សុខ​ ឥ​សាន្ដ​ មន្ដ្រី​នាំពាក្យ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អតីត​ ចៅសង្កាត់​ និង​ មេឃុំ​ស្ដ្រី​ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ពួក​គាត់​គួរតែ​មើលឃើញ​ពី​ឧត្ដមគតិ​ស្នេហា​ជាតិ​ និង​ស្រឡាញ់​ប្រជាពលរដ្ឋ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ លោក​បន្ដ​ថា​ ប្រសិនបើ​ក្រុម​ស្ដ្រី​ទាំងនោះ​ ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ ពួក​គាត់​នឹង​ឃើញ​ពី​ទ​ង្វើ​មិន​ល្អជា​ច្រើន​ដែល​មេដឹកនាំ​បក្ស​របស់​ពួក​គាត់​បាន​ធ្វើ​ ៖«​គណបក្ស​ប្រជាជន​ មិន​បាន​រើសអើង​និន្នាការ​នយោបាយ​ នៅ​ក្នុង​សង្គម​ជាតិ​កម្ពុជា​ទេ​ អ​ញ្ចឹ​ង​បើ​ពេល​ណា​បងប្អូន​ឃើញ​ពី​ចរិត​ពិសពុល​របស់​អតីត​បក្ស​របស់​បងប្អូន​ ដែល​ធ្លាប់តែ​មានការ​ជឿជាក់​ និង​ដើរ​តាម​នោះ​ ហើយ​ឥឡូវនេះ​ត្រូវ​រលំរលាយ​ទៅ​ហើយ​ ដោយសារ​អំពើ​ប្រព្រឹត្ដ​ខុសច្បាប់​របស់​ខ្លួន​ នោះ​បងប្អូន​ នឹង​វិល​មក​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ ក៏​គណបក្ស​ប្រជាជន​នៅ​តែ​ស្វាគមន៍​ទទួល​ហើយ​គោរព​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ទាំងអស់​»​។​

​មន្ដ្រី​នាំពាក្យ​គណបក្សកាន់អំណាច​ បន្ដ​ទៀត​ថា​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ​ ដែល​នាំ​ឲ្យ​សង្គម​មាន​សុខដុមរមនា​ មានការ​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍ​។​ បន្ថែម​ពី​នេះ​លោក​បន្ដ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​ស្វាគមន៍​មនុស្ស​គ្រប់​គ្នា​ដែល​មាន​បំណង​មក​រួម​ជីវភាព​នយោបាយ​ជាមួយ​។​

​រវាង​ស្ដ្រី​ និង​បុរស​ ត្រូវ​បាន​គេ​វាយតម្លៃ​ជា​រួម​ថា​ ស្ដ្រី​មាន​ភាព​ទន់ភ្លន់​ ការងារ​ហ្មតចត់​ ច្បាស់លាស់​។​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ម្ដងៗ​ ស្ដ្រី​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​ដែល​កំពុង​តែ​តានតឹង​ខ្លាំង​ អាច​ថមថយ​វិញ​បាន​។​

កញ្ញា សេង រាសី អ្នកសម្របសម្រួលគណៈកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ

 

​កញ្ញា​ សេង​ រាសី​ អ្នកសម្របសម្រួល​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ ។​ នេះ​បើ​យោង​តាម​ការ​សង្កេត​របស់​កញ្ញា​ នៅ​ពេល​កញ្ញា​ចុះ​ទៅ​ធ្វើ​សកម្មភាព​តាម​ឃុំ​សង្កាត់​ ក្នុង​ខេត្ដ​មួយ​ចំនួន​កន្លង​មក​។​ កញ្ញា​បញ្ជាក់​ថា​ ស្ដ្រី​បាន​ធ្វើ​ការងារ​ ដោយ​ទន់ភ្លន់​ ជួយ​ជន​រង​គ្រោះ​មិន​ថា​ ស្ដ្រី​ កុមារ​ ឬ​ក៏​បុរស​នោះ​ទេ​ ៖«​អ​ញ្ចឹ​ង​ទៅ​យើង​មើលឃើញ​ភាព​សកម្ម​របស់​គាត់​ខ្លាំង​មែនទែន​។​ គាត់​មិន​ត្រឹមតែ​ដោះស្រាយ​តែ​រឿង​ស្ដ្រី​នោះ​ទេ​ ក៏​ប៉ុន្ដែ​គាត់​ក៏​ដោះស្រាយ​រឿង​កុមារ​ ជន​ងាយ​រង​គ្រោះ​ ហើយ​និង​អ្នក​ផ្សេងៗ​ផង​ដែរ​។​ ដោយសារ​តែ​ភាព​សកម្ម​នៅ​ក្នុងភូមិ​ឃុំ​នេះ​ ទើប​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ មើលឃើញ​ពី​សក្ក​ដា​នុ​ពល​របស់​ពួក​គាត​»​។​

​បន្ថែម​ពី​នេះ​អ្នកសម្របសម្រួល​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​រូប​នេះ​ យល់​ថា​ ការ​បាត់​វត្ដមាន​ស្ដ្រី​ ដែល​ជា​អតីត​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​ឃុំ​ សង្កាត់​ បាន​ធ្វើ​ឲ្យ​តួនាទី​ស្ដ្រី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ ឲ្យ​ស្មើមុខស្មើមាត់​ ជាមួយ​បុរស​ បាន​បាត់បង់​ផង​ដែរ​៕

Share

Image
Image
Image