en     km
en     km

WMC ដំណើរការគម្រោងផ្ទៀងផ្ទាត់ព័ត៌មាន(Fact checking for accuracy of news​)

Share

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានចាប់ដំណើរការគម្រោងមួយដែលមានឈ្មោះថាផ្ទៀងផ្ទាត់ព័ត៌មាន ឬ Fact checking accuracy news ក្នុងគោលបំណងដើម្បីស្រាវជ្រាវ ស្វែងរកការពិត ជុំវិញព័ត៌មានដែលគួរសង្ស័យនិងកំពុងត្រូវបានមហាជនចែករំលែកបន្តគ្នាលើបណ្តាញសង្គមទាំងមិនដឹងថាជាព័ត៌មានពិត ឬក្លែងក្លាយ។

កញ្ញា យី លុយហ៊ាង អ្នកសម្របសម្រួលកម្មវិធីផ្ទៀងផ្ទាត់ព័ត៌មាន(ឆ្វេង)លោក មឿន ឈានណារិទ្ធ (កណ្តាល)និងលោក យិប ឆេងលាប(ស្ដាំ) កំពុងធ្វើបទបង្ហាញក្នុង កម្មវិធីវិទ្យុឈ្មោះ ផ្ទៀតផ្ទាត់ ឬ Fact checking for accuracy of news​ របស់វិទ្យុស្រ្តី អេហ្វអឹម ១០៣.៥ នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ។រូបភាព កែវ សុខា។

ក្នុងកម្មវិធីវិទ្យុឈ្មោះ ផ្ទៀតផ្ទាត់ ឬ Fact checking for accuracy of news​ របស់វិទ្យុស្រ្តី អេហ្វអឹម ១០៣.៥ នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា លោក យិប ឆេងលាប ប្រធានគម្រោង Fact checking​ for accuracy of news និងជាវាគ្មិនក្នុងកម្មវិធីឱ្យដឹងថា គម្រោងផ្ទៀងផ្ទាត់ព័ត៌មានពិតនេះ មានសកម្មភាពផ្សព្វផ្សាយតាមរយៈកម្មវិធីវិទ្យុស្រ្តីរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១១:០០ ដល់ម៉ោង១២:០០ ថ្ងៃត្រង់។ ក្រៅពីនេះក៏មានបង្កើតគេហទំព័រព័ត៌មានដែលប្រិយមិត្តអាចអាន និងស្នើឱ្យក្រុមការងារផ្ទៀតផ្ទាត់លើរឿងរ៉ាវដែលសង្ស័យថាជាព័ត៌មានមិនពិត ដែលការស្នើក្នុងប្រអប់សម្ងាត់នោះនឹងមិនត្រូវបានដឹងជាសាធារណៈឡើយ។ ជាងនេះទៀត គម្រោងក៏មានរៀបចំសិក្ខាសាលាជាមួយអ្នកប្រើប្រាស់បណ្តាញសង្គ​ម និងអ្នកសារព័ត៌មានផងដែរ ដើម្បីលើកកម្ពស់ការស្វែងយល់ព័ត៌មាន និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។

លោក យិប ឆេងលាប ប្រធានគម្រោង Fact checking​ for accuracy of news ។រូបភាព កែវ សុខា

លោក យិប ឆេងលាប បន្តថា គម្រោងផ្ទៀងផ្ទាត់ព័ត៌មាននេះកើតឡើង ខណៈចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមបច្ចុប្បន្នមានកាន់តែច្រើន ហើយការទទួលបានព័ត៌មានក៏សម្បូរបែប មានទាំងព័ត៌មានពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានខ្លះបំប៉ោងហួសការពិត ដើម្បីតែផលប្រយោជន៍បុគ្គលឬក្រុមខ្លួនតែប៉ុណ្ណោះ។ លោកបន្ថែមថា គម្រោងនេះនឹង ជួយដល់អ្នកសាព័ត៌មានកម្ពុជាកាន់តែមានសមត្ថភាពប្រកប ដោយវិជ្ជាជីវ ហើយអ្នកប្រើប្រាស់បណ្តាញសង្គមអាចផ្ទៀងផ្ទាត់ និងបែងចែកពីព័ត៌មានពិត ឬក្លែងក្លាយ មុនចែករំលែកតាមបណ្តាញសង្គម។

លោក មឿន ឈានណារិទ្ធ សាស្រ្តាចារ្យសារព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មានមានប្រសាសន៍ថា គម្រោងផ្ទៀតផ្ទាត់ព័ត៌មាននេះ បានដើរទន្ទឹមគ្នានឹងឆន្ទៈរបស់រាជរដ្ឋាភិបាលដែលកំពុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងបំពុល និងបំប៉ោងសភាពការណ៍ បង្កអសន្តិសុខក្នុងសង្គម។ ក្នុងនាមជាទីប្រឹក្សាក្រសួងព័ត៌មានលោកសាស្រ្តាចារ្យសារព័ត៌មាន មឿន ឈានណារិទ្ធ កំពុងបង្កើតកម្មវិធីពង្រឹងសមត្ថភាពមន្រ្តីព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

លោក មឿន ឈានណារិទ្ធ សាស្រ្តាចារ្យសារព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មាន។រូបភាព កែវ សុខា

តាមបទពិសោធន៍ជាអ្នកសារព័ត៌មានជើងចាស់មួយរូប លោកសាស្រ្តាចារ្យ មឿន ឈាន ណារិទ្ធ ទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតនេះ ពិតជាជះឥទ្ធិពលអវិជ្ជមានដល់ប្រជាពលរដ្ឋ ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះបុគ្គលឬស្ថាប័ន បង្កជាភាពចលាចល និងបញ្ហាផ្សេងៗក្នុងសង្គម។

សូមបញ្ជាក់ថា គម្រោងផ្ទៀងផ្ទាត់ព័ត៌មាន ឬ Fact checking accuracy news ជាគម្រោងសាកល្បងមានរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ ដែលជាជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ(USAID)តាមរយៈវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ទឹម(EWMI)៕

Share

Image
Image
Image