en     km
en     km

មន្ត្រីបរិស្ថានកម្ពុជា៖ទំនប់​វារីអគ្គិសនី​ស្រុក​សម្បូណ៍ខេត្ត​ក្រចេះនៅក្នុងគំរោងនៅឡើយ កុំបារម្ភជ្រុលពេក

Share

ក្រុងភ្នំពេញ៖​ ក្រសួងបរិស្ថានហាក់បង្ហាញជំហរស្រពិចស្រពិលពីគម្រោងទំនប់វារីអគ្គីសនីសម្បូណ៍ ខណៈ របាយការណ៍មួយមានមូលដ្ឋាននៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូរ បង្ហាញពីភាពអវិជ្ជមាន និងព្រមានធ្ងន់ៗ ចំពោះសាងសង់ទំនប់វារីអគ្គីសនីនេះ នៅលើផ្ទៃអាងទន្លេមេគង្គ នាំអោយអន្តរាយ ជីវៈចម្រុះរបស់ទន្លេ ដែលហៅថា«ការសំលាប់ជីវិតទន្លេមេគង្គ»។

របាយការណ៍សិក្សាស្រាវជ្រាវដោយវិទ្យាស្ថានមរតកធម្មជាតិ Natural Heritage មួយដែលត្រូវបានបែកធ្លាយ និង យកមកផ្សព្វផ្សាយជាសាធារណៈ ដោយគេហទំព័រកាសែតអង់គ្លេស The Guardian។

កាលពីថ្ងៃទី ១៦ ខែ ឧសភានេះ បានបង្ហាញពីចំណុចអវិជ្ជមាននានាថា គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី នៅ​ស្រុក​សម្បូណ៍ ខេត្ត​ក្រចេះ គឺ​ជា​ការ​ជ្រើសរើស​ទី​តាំង​ដ៏​អាក្រក់​មួយ។

របាយការណ៍​នេះ​រក​ឃើញពីរបកគំហើញសំខាន់ៗ រួម​មាន ផល់​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ត្រី ដោយ​សារ​តែ​ទំនប់​វារីអគ្គិសនី​នេះ នឹង​ធ្វើ​ការ​រាំង​ខ្ទប់​ ការបំលាស់ទី​ត្រី​ពី​ទន្លេ​សាប ដែល​ជា​ដៃ​​ទន្លេ​មេគង្គ ឆ្ពោះ​ទៅ​​ទន្លេ​មេគង្គ និង​តំបន់​ផ្នែក​ខាង​លើ​នៃ​ទន្លេ​នេះ។

អ្នក​ជំនាញ​ការ​ផ្នែក​ធនធាន​ទឹក របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្ម​ជាតិ ឬ WWF លោក ម៉ាក ហ្គ័រចូត (Marc Goichot) ដែលត្រូវបានកាសែតនេះសម្រង់​ប្រសាសន៍លោក​ថា ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ច​ប្រឹង​ប្រែង​អភិរក្ស​សត្វ​ផ្សោត ធនធាន​ត្រី ជីវភាព​រស់​នៅ និង​អាហារូបត្ថម្ភ​របស់​សហគមន៍​ជនបទ ព្រម​ទាំង​ការ​ធ្លាក់​ចុះ​អត្រា​ផ្ទៃ​រង​ទឹក​ភ្លៀង នៃ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ ក្នុង​ប្រទេស​វៀត​ណាម។

យ៉ាងណាក៏ដោយ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន ហាក់បានបង្ហាញជំហរមិនច្បាស់លាស់អំពីគម្រោងសាងសង់ទំនប់វារីអគ្គីសនីតំបន់សម្បូណ៍នេះ។ លោកសុំមិនធ្វើការបកស្រាយអំពីភាពអវិជ្ជមាននៃរបាយការណ៍នេះទេ តែលោកអះអាងថា រដ្ឋាភិបាល ពុំទាន់សម្រេចឲ្យមានការសាងសង់ណាមួយទៅលើគម្រោងនេះ។

សំឡេង លោក សៅ សុភាព៖ ខ្ញុំៗ មិនទាន់ដឹងថាតើ រដ្ឋាភិបាលគាត់សម្រេចចិត្តយ៉ាងណាទេ បាទ! ហើយវាមិនមែនជារឿងអីដែលគួរយកមកពិភាក្សាទេ ហើយមិនមែនជារឿងដែលជ្រួលច្របល់ទេបាទ!  ព្រោះថារដ្ឋាភិបាលធ្វើអ្វីមួយមិនមែនចេះតែធ្វើឲ្យតែរួចតែពីដៃទេ គេមានការសិក្សាស្រាវជ្រាវ។

តែបែបនេះក្ដី របាយការណ៍សិក្សាស្រាវជ្រាវដោយវិទ្យាស្ថានមរតកធម្មជាតិ បានបង្ហាញពីភាពអវិជ្ជមាន ដែលជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ធនធានធម្មជាតិ និង ជីវៈចម្រុះ។ ប្រ​សិនបើទំនប់វារីអគ្គីនេះ ត្រូវស្ថាបនាឡើងនឹង​តម្រូវ​ឲ្យ​មាន​នូវ​ការ​សាង​សង់​ទំនប់​ប៉េតុង ប្រវែង ៣៣ គីឡូ​ម៉ែត្រ កាត់​ទទឹង​ផ្ទៃ​​ទន្លេ​មេគង្គ ត្រង់​តំបន់​មួយ​នៅ​ស្រុក​សម្បូណ៍ខេត្ត​ក្រចេះ និង​មាន​ផ្ទៃ​បាត​អាង​ទំហំរហូត​ដល់​ទៅ ៨២ គីឡូ​ម៉ែត្រ៕

Share

Image
Image
Image