ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញថាបាន ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីតាមច្បាប់កម្ពុជា។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញបានឱ្យដឹងថាក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានត្រួតពិនិត្យឃើញជនជាតិវៀតណាម ចំនួន១៣នាក់នេះគឺ ក្នុងនោះមានស្រី០៥នាក់។ ពួកគេត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ករណីប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។
តាមគេហទំព័រនេះដដែល កម្លាំងការិយាល័យស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន ចុះឃាត់ខ្លួន ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ទាំងនេះ គឺស្ថិតនៅហាងកាហ្វេ និងហាងម៉ាស្សាកោសជប់សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ។