en     km
en     km

មេដឹកនាំវេណេហ្សូអេឡារត់ទៅខ្ចីបុលរុស្ស៊ីខណៈកម្ចីពីចិនច្រើនពាន់លានដុល្លារមិនអាចស្ដារសេដ្ឋកិច្ចបានឡើយ

Share

អនុប្រធានគណបក្សកាន់អំណាចនៃប្រទេសវេណេហ្សូអេឡាលោក Jesus Faria បាននិយាយថា លោកប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ នឹងធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅចុងឆ្នាំ ២០១៨នេះ ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចនៃប្រទេសវេណេហ្សូអេឡា ដែលអ្នកសង្កេតការណ៍គិតថា លោកម៉ាឌូរ៉ូនឹងស្វែងរកជំនួយប្រាក់កម្ចីពីមេដឹកនាំរុស្ស៊ីប្លាឌីមៀពូទីន។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានចុះផ្សាយថា លោកម៉ាឌូរ៉ូ នឹងជំនួបរវាងមេដឹកនាំវេណេហ្សូអេឡា និងរុស្ស៊ី នឹងផ្ដោតសំខាន់ច្រើនទៅលើ គំរោងសេដ្ឋកិច្ចធំរបស់ប្រទេសរុស្ស៊ីនៅវេណេហ្សូអេឡា។ តែករណីវិស័យការពារជាតិក៏អាចលើកមកពិភាក្សាដែរ។

លោក ម៉ាឌូរ៉ូ ធ្លាប់បានទៅជួបលោក ពូទីន ម្ដង កាលពីថ្ងៃទី ៤ តុលា ឆ្នាំ ២០១៧ ដែលក្នុងជំនួបនោះ លោក ម៉ាឌូរ៉ូ បានស្នើសុំមេដឹកនាំរុស្ស៊ីជួយឱ្យបានខ្លាំងក្លាដល់វិស័យសេដ្ឋកិច្ច និងការពារជាតិ។ តែចាប់ពីពេលនោះ រុស្ស៊ីនៅមិនទាន់ជួយវេណេហ្សូអេឡា តាមការចង់បានរបស់លោកម៉ាឌូរ៉ូ   ​​នោះទេ។

កាលពីថ្ងៃទី ២៩ តុលា ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា រដ្ឋាភិបាលក្រុងម៉ូស្គូបានបញ្ជូនអ្នកជំនាញសេដ្ឋកិច្ចមួយក្រុមទៅសិក្សា និងជួយធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់វេណេហ្សូអេឡាតាមការស្នើសុំរបស់របស់លោកម៉ាឌូរ៉ូ។

តាមប្រភពដដែល គឺកាលពីឆ្នាំទៅមិញ រុស្ស៊ីបានសន្យាឱ្យវេណេហ្សូអេឡាខ្ចីប្រាក់ ៣៦០០លានដុល្លារ ហើយត្រូវចាប់សងវិញរយៈពេល ១០ឆ្នាំ ក្រោយពីទទួលបានប្រាក់កម្ចីនេះ។

កាលពីមុន លោក ម៉ាឌូរ៉ូ បានឡើងជិះយន្តហោះទៅខ្ចីបុលពីចិននូវទឹកប្រាក់ ៥ពាន់លានដុល្លារ ដើម្បីមកទប់ទល់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ។ តែទោះជាយ៉ាងនេះក្ដី សេដ្ឋកិច្ចរបស់ប្រទេសផលិតប្រេងដ៏ធំនេះ នៅតែមិនអាចស្ដារឱ្យរស់រានបានល្អប្រសើរឡើយ ខណៈប្រទេសនេះ កំពុងជំពាក់បំណុលបរទេសជិត​ ១ម៉ឺនលានដុល្លារអាមេរិក។ អតិផរណានេះ បានហក់ឡើងជិតមួយលានភាគរយ មកទល់និងពេលនេះ ដោយទឹកក្រូចមួយកំប៉ុង ២លាន៦សែន Bolivars។

អ្នកសេដ្ឋកិច្ចមកពីមូនិធិរូបិយវត្ថុអន្តរជាតិIMF ព្រមានថា សេដ្ឋកិច្ចប្រទេសនេះនឹងដួលរំលំនៅចុងឆ្នាំ ២០១៨ ទោះជាទទួលបានប្រាក់កម្ចីច្រើនយ៉ាងណាក៏ដោយព្រោះទំនិញក្នុងស្រុកផលិតបានតែ ១៨ភាគរយ ប៉ុណ្ណោះ ​ខណៈទំនិញប្រទេសជិតខាងត្រូវបានរឹតត្បិតនាំចូលប្រទេសនេះ៕

Share

Image
Image
Image