en     km
en     km

អាមេរិក បន្តផ្តល់ជំនួយឥតសំណងគាំទ្រសកម្មភាពកំចាត់មីន នៅកម្ពុជា

Share

ក្រុងភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាថ្មីម្តងទៀតបានប្រកាសផ្តល់ជំនួយឥតសំណង គាំទ្រសកម្មកំចាត់មីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា តាមរយៈ ការិយាល័យសព្វាវុធ នៃក្រសួងការបរទេសអាមេរិក។  នេះបើយោងតាមបណ្តាញសង្គមហ្វេសបុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា​ ឬ ហៅថា ស៊ីម៉ាក់។

ជំនួយឥតសំណងនេះ ផ្តល់មកឲ្យកម្ពុជាក្នុងគោលបំណងស្រាវជ្រាវព័ត៌មាន និង កិច្ចសហប្រតិបត្តិការ បោសសម្អាតសំណល់គ្រាប់បែកចង្កោមនៅតំបន់ខាងកើតប្រទេសកម្ពុជា ដែលត្រូវអនុវត្តសហការរួមគ្នារវាងអង្គការជាដៃគូជំនួយនៃប្រជាជនន័រវេស្ស និង អង្គការស៊ីម៉ាក់​ ដែលចុះហត្ថលេខាជាមួយគ្នាថ្ងៃទី ៣១ ខែ ឧសភា។

បើយោងទៅតាមទំព័រហ្វេសបុករបស់លោក ហេង រតនា គម្រោងផ្តល់ជំនួយនេះ មានរយៈពេល ២ ឆ្នាំ រាប់ចាប់ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ដែលមានគម្រោងថវិការចំនួន ៤ លានដុល្លារសហរដ្ឋអាមេរិក ដែលថវិការទាំងនោះនឹងផ្តល់មកអង្គភាពស៊ីម៉ាក់ផ្ទាល់មានចំនួនសរុប ១ លាន ៦ សែន ដុល្លារសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​២៥ឆ្នាំ​ចុង​ក្រោយ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រាក់​ជាង​១.០០០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឱ្យប្រទេស​កម្ពុជា​បាន​ប្រសើរ​ឡើង​ដល់​ផ្នែក​សេដ្ឋកិច្ច​ សង្គមកិច្ចនិង​លទ្ធិ​ប្រជាធិបតេយ្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។

យ៉ាង​ណា​ក៏​ដោយ​នៅ​មានគម្រោង​ជា​ច្រើន​ទៀត​ដែល​សហរដ្ឋ​អាមេរិក​នៅ​គាំទ្រ​ គឺ​លើ​ផ្នែក​សុខាភិបាល​ កសិកម្ម​ ការ​ដោះ​មីន លើក​កម្ពស់​សង្គម​ស៊ីវិល និង​វិស័យ​សំខាន់ៗ​ដទៃ​ទៀត៕

 

Share

Image
Image
Image