ក្រុងភ្នំពេញ៖ សមាជិកព្រឹទ្ធិសភាមកពី ២ គណបក្ស បានស្នើទៅអង្គការសហប្រជាជាតិឲ្យដាក់កម្ពុជានៅក្នុងភាពឯកោ ដែលក្នុងនោះលិខិតនោះបញ្ជាក់ថា ស្ថានភាពនយោបាយកម្ពុជាកំពុងដើរថយក្រោយ។ ខណៈពេលនេះដែរ មន្រ្តីជាន់ខ្ពស់នៃគណបក្សកាន់អំណាច ថាវាជារឿងដែលគ្មានប្រយោជន៍។
ស្តាប់សំឡេង លោក សេរី វឌ្ឍនៈ ៖
សមាជិកព្រឹទ្ធសភាអាមេរិក លោក ចន ម៉ាក់ខេន ប្រធានគណកម្មការកិច្ចការសព្វាវុធនៃព្រឹទ្ធសភាអាមេរិក ដែលមកពីគណបក្សសាធារណរដ្ឋ និងលោក បិន កាឌិន ដែលមកពីគណបក្សប្រជាធិបតេយ្យ រួមជាមួយក្រុមសមាជិកព្រឹទ្ធសភា ៦រូបទៀត បានធ្វើលិខិតរួមគ្នា ស្នើឲ្យលោកស្រី និគី ហាលេយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ អង្គការសហប្រជាជាតិ ប្រើប្រាស់ឥទ្ធិពលនិងយន្តការឲ្យ ដាក់កម្ពុជានៅក្នុងភាពឯកោ ដាក់សម្ពាធ ឲ្យបង្វិលស្ថានការណ៍នយោបាយកម្ពុជាទៅក្រោយវិញ។ ហើយសមាជិកព្រឹទ្ធសភាក៏បានទទួចឲ្យលោកស្រី នីគី ហាឡេយ ដាក់កម្ពុជាក្នុងរបៀបវិរះ នៃមហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចាត់ទុកកម្ពុជានៅក្នុងប្រទេសមួយដែលត្រូវ អន្តរជាតិ ចាត់ទុកជាប្រទេសឯកោនៅលើឆាកអន្តរជាតិ។
លិខិតបានរៀបរាប់បញ្ជាក់ថា “ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានបង្កើនការប្រើប្រាស់ប្រព័ន្ធតុលាការដោយខុសច្បាប់ សម្រាប់ដាក់ទោសអ្នកនយោបាយប្រឆាំងនិងសកម្មជនសិទ្ធមនុស្ស ចាប់ប្រធានបក្សប្រឆាំងនិងចោទថាក្បត់ជាតិដោយគ្មានភស្តុតាងច្បាស់លាស់ រំលាយបក្សប្រឆាំង និងដកសិទ្ធធ្វើនយោបាយ សមាជិកជាង១០០នាក់ ។ ចាប់តាំងពីខែកក្កដាឆ្នាំ២០១៥ អាជ្ញាធរបានចាប់សកម្មជនបក្សប្រឆាំងនិងមេដឹកនាំសង្គមស៊ិវិល៣៥នាក់ – ភាគច្រើនពួកគេត្រូវបានកាត់ក្តីនិងដាក់ទោសយ៉ាងប្រញាប់ ដែលខុសពីស្តង់ដាអន្តរជាតិ“ ។
ឆ្លើយតបនិងការលើកឡើងនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានពន្យល់ថា ការស្នើសុំបែបនេះ គឺជារឿងដែលឥតបានការ ហើយគ្មានប្រសិទ្ធិភាពនោះទេ។ លោកថា បើចង់ឲ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញគឺគ្មានផ្លូវដាច់ខាត ។
សំឡេង លោក សុខ ឥសាន្ត៖
សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មកម្ពុជា ដោយបិទទិដ្ឋាការមន្រ្តីរដ្ឋាភិបាល និង ត្រៀមរៀបចំបង្កកទ្រព្យសម្បត្តិ។ តែយ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា គឺសម្តេច ហ៊ុន សែន បានអះអាងថា ទោះបីជាកម្ពុជារងសម្ពាធអាមេរិកក្តី ប្រទេសណាមួយទៀតក្តី គឺមិនធ្វើសេដ្ឋកិច្ចកម្ពុជារងឥទ្ធិពលធ្ងន់ធ្ងរទេ។ ដោយសម្តេច នាយករដ្ឋមន្រ្តី អះអាងថា នឹងមានការបោះឆ្នោត នៅថ្ងៃទី ០៩ កក្កដា ឆ្នាំ ២០១៨ ទោះបីជាគ្មានការទទួលស្គាល់ពីសហរដ្ឋអាមេរិក និង សហភាពអ៊ឺរ៉ុបក្តី៕