loader

UNICEF ​ចាប់ផ្ដើម​ផ្សព្វផ្សាយ​យុទ្ធសាស្ដ្រ​ចំនួន​០៧​ នៃ​កម្មវិធី​ INSPIRE​ ដើម្បី​បញ្ចប់​ហិង្សា​លើ​កុមារ​

​ភ្នំពេញ​ ៖​ អង្គការ​ UNICEF​ បាន​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ឆ្ពោះទៅ​អនុវត្ដ​ យុទ្ធសាស្ដ្រ​ចំនួន​ ប្រាំពីរ​ នៃ​កម្មវិធី​ INSPIRE​ ដើម្បី​បញ្ចប់​ហិង្សា​លើ​កុមារ​។​ នាយិកា​យូ​នី​សេ​ហ្វ​ ប្រចាំ​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ា​ស៊ី​ហ្វិ​ក​ រំពឹង​ថា​ យុទ្ធសាស្ដ្រ​ទាំង​ប្រាំពីរ​នេះ​ នឹង​ត្រូវ​យក​ទៅ​អនុវត្ដ​សំដៅ​ធ្វើ​ឱ្យ​អំពើ​ហិង្សា​លើ​កុមារ​ ត្រូវ​កាត់​បន្ថយ​ទាំងស្រុង​។​ មន្ដ្រី​ នៃ​ក្រសួង​សង្គមកិច្ច​ យល់​ថា​ យុទ្ធសាស្ដ្រ​ INSPIRE​ គឺ​ល្អ​ វា​នឹង​ជួយ​ដល់​កម្ពុជា​ច្រើន​ ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ការ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​នេះ​ ទាំង​៧​ចំណុច​នេះ​ ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន​គណៈប្រតិភូ​ នៃ​បណ្ដា​ប្រទេស​ចំនួន​ ២១​ នៅ​ក្នុង​តំបន់​អាស៊ី​ និង​ប៉ា​ស៊ី​ហ្វិ​ក​ រួម​ទាំង​កម្ពុជា​ ដើម្បី​ចែករំលែក​បទ​ពិសោធ​ និង​កំណត់​រក​កាលានុវត្ដភាព​ សំដៅ​ចាត់វិធានការ​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​។​ សន្និសីទ​នេះ​ រៀបចំ​ឡើង​រយៈពេល​ បី​ថ្ងៃ​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ដល់​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​

​លោកស្រី​ ខា​រិ​ន​ ហាល់​ហ្ស​ប​ នាយិកា​យូ​នី​សេ​ហ្វ​ ប្រចាំ​តំបន់​អាស៊ី​ខាងកើត​ និង​ប៉ា​ស៊ី​ហ្វិ​ក​ មាន​ប្រសាសន៍​ថា​ អំពើ​ហិង្សា​លើ​កុមារ​គឺជា​ឧត្រិ​ដ្ឋ​កម្ម​ ដែល​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ​។​ លោកស្រី​បន្ដ​ថា​ អ្វី​ដែល​ យូ​នី​សេ​ហ្វ​ ធ្វើ​នៅ​ថ្ងៃនេះ​ គឺ​ការ​នាំ​មក​នូវ​ក្រុម​គណៈប្រតិភូ​ដែល​ជំនាញៗ​ជា​ច្រើន​ប្រទេស​ ដើម្បី​ពិភាក្សា​ និង​ផ្សព្វផ្សាយ​នៅ​យុទ្ធសាស្ដ្រ​ សាមញ្ញៗ​ ចំនួន​០៧​ ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​។​

​លោកស្រី​បង្ហាញ​ក្ដី​រំពឹង​ថា​ យុទ្ធសាស្ដ្រ​ទាំង​០៧​ របស់​កម្មវិធី​ INSPIRE​ នេះ​នឹង​ត្រូវ​បាន​យក​ទៅ​អនុវត្ដ​។​ ដែល​មាន​ដូច​ជា​ ការ​ចិញ្ចឹម​កូន​ ឬ​ក៏​ការ​អប់រំ​កូន​ដោយ​មិន​ប្រើ​អំពើ​ហិង្សា​ និង​ការ​មិន​ប្រើ​អំពើ​ហិង្សា​លើ​រាង​កាយ​នៅ​តាម​សាលារៀន​ រួម​និង​ការ​បង្កើត​ច្បាប់​គត្ដិយុត្ដិ​ជាដើម​។​ លោកស្រី​សង្កត់ធ្ងន់​ថា​ ការ​អប់រំ​កុមារ​ដោយ​មិន​ប្រើ​អំពើ​ហិង្សា​ នឹង​ធ្វើ​ឲ្យ​គាត​ក្លាយជា​យុវជន​មិន​ប្រើ​អំពើ​ហិង្សា​ដូច​គ្នា​ដែរ​ ៖«​ហើយ​ទាំងអស់​ហ្នឹង​យើង​សង្ឃឹមថា​ នឹង​នាំ​ឲ្យ​អំពើ​ហិង្សា​លើ​កុមារ​ហ្នឹង​ឈាន​ទៅ​រក​សូន្យ​តែ​ម្ដង​ គឺ​គ្មាន​តែ​ម្ដង​ ហើយ​យើង​គិត​ថា​ ការ​ធ្វើ​បែប​នេះ​គឺជា​ការ​វិនិយោគ​មួយ​ដ៏​សំខាន់​បំផុត​ ពីព្រោះ​នៅ​ពេល​ណា​ដែល​យើង​វិនិយោគ​ទៅ​លើ​កុមារ​ដោយ​មិន​ប្រើ​អំពើ​ហិង្សា​ មាន​ន័យ​ថា​ គាត់​នឹង​មក​ក្លាយជា​យុវជន​មិន​ប្រើ​អំពើ​ហិង្សា​ ហើយ​នេះ​យើង​បានឃើញ​នៅ​ប្រទេស​ដទៃ​ទៀត​រួច​ហើយ​»​។​

​លោក​ តូច​ ចាន់​នី​ អគ្គនាយក​បច្ចេកទេស​ នៃ​ក្រសួង​សង្គមកិច្ច​ អ​តី​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ក្រុមការងារ​អន្ដរក្រសួង​ ដើម្បី​អនុវត្ដ​ផែនការ​ ក្នុង​ការ​ទប់ស្កាត់​ករណី​ហិង្សា​លើ​កុមារ​។​ លោក​បន្ដ​ថា​ ក្រុមការងារ​នេះ​ គឺ​មាន​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ១៣​ ចូលរួម​។​ លោក​បន្ថែម​ទៀត​ថា​ កម្មវិធី​ INSPIRE​ យុទ្ធសាស្ដ្រ​ចំនួន​ ប្រាំពីរ​ នេះ​ គឺជា​យុទ្ធសាស្ដ្រ​ដ៏​ល្អ​មួយ​ ព្រោះ​វា​ស្រប​ទៅ​និង​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​។​

​អគ្គនាយក​បច្ចេកទេស​ នៃ​ក្រសួង​សង្គមកិច្ច​ មើលឃើញ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​បាន​យល់​ច្បាស់​នៅឡើយ​ទេ​ ពី​អំពើ​ហិង្សា​នៅ​លើ​កុមារ​។​ លោក​ថា​ ទម្លាប់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​ គឺជា​រឿង​ដែល​លំបាក​នៅ​ក្នុង​ការ​កែប្រែ​។​ តែ​យ៉ាងណា​លោក​សំណូមពរ​ សុំ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ទម្លាប់​ប្រើ​ហិង្សា​លើ​កុមារ​បន្ដ​ទៀត​ ៖«​ក្នុង​នាម​ខ្ញុំ​ក្នុង​នាម​ក្រសួង​ គឺ​អត់​មានអី​ក្រៅពី​ឲ្យ​គាត់​មានការ​ភ្ញាក់រ​ឮ​ក​ មានការ​យល់​ពី​អ្វី​ដែល​ថា​ គាំទ្រ​ដល់​កុមារ​ គឺថា​ ធ្វើ​យ៉ាងណា​ទាំងអស់​គ្នា​រួម​គ្នា​ដើម្បី​បំពេញ​កាតព្វកិច្ច​ គឺ​អនុវត្ដ​នៅ​ការ​គោរព​សិទ្ធ​បួន​យ៉ាង​របស់​កុមារ​ ហើយ​រួម​គ្នា​ការពារ​ឧត្ដ​ប្រយោជន៍​របស់​កុមារ​»​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ យូ​នី​សេ​ហ្វ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ទូ​ទាំង​ពិ​ភ​លោក​ មានការ​ប៉ាន់​ប្រមាណ​ថា​ យ៉ាងតិច​ ណាស់​កុមារ​ចំនួន​ ១​ពាន់​លាន​នាក់​ ក្នុង​មួយ​ឆ្នាំៗ​ ទទួល​រង​អំពើ​ហិង្សា​ជា​អន្ដរ​បុគ្គល​ទម្រង់​មួយ​ចំនួន​។​ នៅ​ទ្វីបអាស៊ី​មាន​កុមារ​យ៉ាង​ហោច​ណាស់​ ៥០%​ បាន​ទទួល​រង​អំពើ​ហិង្សា​កាលពី​ឆ្នាំ​មុន​។​ ក្រៅពី​ផល​ប៉ះពាល់​ភ្លាមៗ​ និង​ពេញ​មួយ​ជីវិត​មក​លើ​កុមារ​ អំពើ​ហិង្សា​លើ​កុមារ​បង្ក​ឲ្យ​មាន​បន្ទុក​ផ្នែក​សុខភាព​ និង​សេវា​សង្គម​ក្នុង​រយៈពេល​យូរអង្វែង​ ប៉ះពាល់​ដល់​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ទៀត​ (​ដូច​ជា​សុខភាព​ អភិវឌ្ឍន៍​កុមារ​តូច​ អាហារូបត្ថម្ភ​ និង​ការ​អប់រំ​)​ និង​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​

​ដោយ​ទទួលស្គាល់​ថា​ ការ​ដោះស្រាយ​បញ្ហា​នេះ​មិន​អាច​ពន្យា​ពេល​តទៅ​មុខ​ទៀត​បាន​ សហគមន៍​អន្ដរជាតិ​ បាន​ប្ដេជ្ញា​ចិត្ដ​រួម​គ្នា​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​នៅ​ត្រឹម​ឆ្នាំ​២០៣០​ ដែល​ជា​កិច្ចការ​អាទិភាព​មួយ​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SGDs)​។​ ជា​ការ​រួមចំណែក​ ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ទីភ្នាក់ងារ​ចំនួន​១០​ រួម​ទាំង​អង្គការ​សុខភាព​ពិភពលោក​ និង​យូ​នី​សេ​ហ្វ​ បាន​សហការ​គ្នា​ដាក់​ឲ្យ​អនុវត្ដ​ យុទ្ធសាស្ដ្រ​ INSPIRE​ យុទ្ធសាស្ដ្រ​ចំនួន​ប្រាំពីរ​ សម្រាប់​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ រួម​មាន​ ពង្រឹង​ការ​អនុវត្ដន៍​ច្បាប់​ដែល​ពាក់ព័ន្ធ​ នឹង​កុមារ​ លើកកម្ពស់​ទំនាក់ទំនង​រវាង​កុមារ​ និង​ឪពុក​ ម្ដាយ​ ប្រកបដោយ​វិជ្ជា​មាន​ និង​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​សង្គម​។​ យុទ្ធសាស្ដ្រ​ INSPIRE​ បាន​រៀ​ចំ​ឡើង​ដោយ​ផ្អែក​លើ​ភស្ដុ​តាង​ល្អៗ​ដែល​មាន​ស្រាប់​ និង​បាន​បង្ហាញ​ថា​ ជា​អភិក្រម​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​។​ សន្និសីទ​ថ្នាក់​តំបន់​នេះ​ផ្ដោត​ទៅ​ការ​កែប្រែ​យុទ្ធសាស្ដ្រ​ INSPIRE​ ទៅ​ជា​បរិបទ​ជាតិ​ និង​ក្នុង​តំបន់​។​

​អំពើ​ហិង្សា​លើ​កុមារ​ ជា​បញ្ហា​ដែល​បង្ក​ផល​ប៉ៈ​ពាល់​ដល់​បុគ្គល​ ទំនាក់ទំនង​ជិត​ស្និ​ទ​ សហគមន៍​ និង​សង្គម​ទាំងមូល​។​ មិន​មាន​វិស័យ​ណាមួយ​ដែល​អាច​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ដោយ​ឯកឯង​បាន​ទេ​។​ ការ​ចូល​រូ​ម​ និង​ការ​សហការ​ជា​ពហុ​វិស័យ​ ដូច​ជា​សុខាភិបាល​ អប់រំ​ សុខុមាលភាព​សង្គម​ ហិរញ្ញវត្ថុ​ និង​យុ​ត្តិ​ធ៌​ម​ មាន​សារៈសំខាន់​សម្រាប់​ការ​ទប់ស្កាត់​ និង​ឆ្លើយ​តប​ដោយ​ប្រសិទ្ធភាព​។​

​លោក​វេជ្ជបណ្ឌិត​ ហ្ស៊ី​ន​ យ៉ាំ​ង​ ស៊ូ​ (Shin​ Young-soo)​ នាយក​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហិ្វ​ក​ខាងលិច​ បាន​មាន​ប្រសាសន៍​ថា​ អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​សុខាភិបាល​ និង​ប្តេជ្ញា​ផ្តល់​ការ​គាំទ្រ​ដល់​បណ្តា​ប្រទេស​នានា​ សម្រាប់​ការពារ​កុមារ​ពី​អំពើ​ហិង្សា​ និង​ផល​ប៉ះពាល់​ផ្នែក​សុខភាព​រយៈពេល​យូរអង្វែង​។​

​កុមារ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​កុមារភាព​ដែល​គ្មាន​អំពើ​ហិង្សា​។​ សន្និសីទ​ថ្នាក់​តំបន់​នេះ​ គឺជា​ច​លករ​សម្រាប់​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ និង​ព​ន្លឿ​ន​វិធានការ​ក្នុង​តំបន់​ឆ្ពោះទៅ​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​នៅ​ត្រឹម​ឆ្នាំ​២០៣០៕​

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត