en     km
en     km

UNDPនិងរដ្ឋាភិបាលពិនិត្យទស្សនទានសេដ្ឋកិច្ចចក្រាពាក់ព័ន្ធនឹងកាកសំណល់រឹងកែច្នៃជាធនធានមានតម្លៃ

Share

ក្រុងភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានជួបប្រជុំពិភាក្សា​ជាមួយរដ្ឋាភិបាលកម្ពុជា និង ដៃគូរពាក់ព័ន្ធ ដើម្បីបង្ហាញនិងពិភាក្សាស្តីពីសេដ្ឋកិច្ចចក្រា ដែលជាដំណោះស្រាយថ្មីនៅក្នុងការដោះស្រាយកាកសំណល់រឹងនៅក្នុងប្រទេសកម្ពុជា។

លោក សេរី វឌ្ឍនៈ ជូនសេចក្តីរាយការណ៍៖ 

ក្នុងកិច្ចប្រជុំថ្នាក់ជាតិ​ស្តីពីដំណើរឆ្ពោះទៅរក​សេដ្ឋកិច្ចចក្រានេះបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីទីភ្នាក់ងាររដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ស៊ីដា វិស័យឯកជន សង្គមស៊ីវិល និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ។

នៅក្នុងកិច្ចប្រជុំដដែលនោះ​ តំណាងដែលមកពីស្ថាប័នជាតិ និង អន្តរជាតិបានពន្យល់ពីអត្ថប្រយោជន៍នៃសេដ្ឋកិច្ចចក្រា ដែលសំដៅលើប្រព័ន្ធមួយដែលយកសំណល់ត្រូវបានគេប្រើប្រាស់រួចយកមកកែច្នៃឡើងវិញ ធ្វើជាធនធានដ៏មានតម្លៃក្នុងប្រព័ន្ធរង្វិលជុំ។

លោក ឯម វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍដោយចីរភាពបានប្រាប់មកកាន់អ្នកសារព័ត៌មានវិទ្យុស្រ្តីថា ពិភពលោកបច្ចុប្បន្នកំពុងជួបប្រទះនឹងហានិភ័យដែលកាកសំណល់ដែលសល់ពីការផលិតនោះអាចបណ្តាលឲ្យក្លាយជាបញ្ហាអាកាសធាតុ និង គ្រោះធម្មជាតិ។

លោកបានពន្យល់ថា ទន្ទឹមនឹងពិភពលោកកំពុងបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច ពិភពលោកក៏កំពុងពិចារណានិងដាក់ក្តីកង្វល់ជាមួយនិងបញ្ហាបរិស្ថាននិងធនធានធម្មជាតិ។

លោកសង្កត់ធ្ងន់ថា សេដ្ឋកិច្ចចក្រាគឺជាវិធីសាស្រ្តមួយក្នុងការកែប្រែវត្ថុដែលជាកាកសំណល់រឹងឲ្យក្លាយជាវត្ថុមានប្រយោជន៍ឡើងវិញ មានន័យថាទន្ទឹមនឹងកំណើនសេដ្ឋកិច្ច ក៏ជួយកាត់បន្ថយនៃកំណើនបរិមាណសំណល់ និង រួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០៣០។

លោក ឯម វុទ្ធី៖ «ពិភពលោកយើងរាល់ថ្ងៃគឺប្រើប្រាស់នូវវិធីសាស្រ្ត Mass Production អញ្ជឹងកាលណាតែយើងនៅតែប្រើវិធីសាស្រ្តរបៀប Mass Production នេះបន្តទៀត គឺវាមានសម្ពាធលើធនធានធម្មជាតិ ហើយតម្លៃធនធានដើមគឺវាថ្លៃ អាហ្នឹងគឺជាបញ្ហាមួយទៅ ហើយមួយទៀតគឺបង្កើតនូវសំណល់ អញ្ជឹង Circular Economy គឺយើងចង់ផ្លាស់ប្តូរនៅអាទំលាប់យើងរាល់ថ្ងៃ ហ្នឹងពី Mass consumption ឲ្យមកជា Circular Economy គឺដើម្បីកាត់បន្ថយ ក្នុងដំណើរការផលិតកម្មណាមួយគឺយើងយកមកច្នៃឡើងវិញ អញ្ជឹងសំណល់មិនមែនជាសំណល់ទេ តែសំណល់ជាធនធានទៅវិញនៅក្នុងទ្រឹស្តីសេដ្ឋកិច្ចចក្រា។»

លោកបានបន្ថែមថា នេះគឺជាលើកទី១ នៃកិច្ចប្រជុំថ្នាក់ជាតិដែលកម្ពុជានឹងប្រើប្រាស់ទ្រឹស្តីសេដ្ឋកិច្ចចក្រា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការលើកទឹកចិត្តដល់វិស័យឯកជនដែលពាក់ព័ន្ធ ក្នុងការចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ច និង ការការពារបរិស្ថានផងដែរ។

លោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចបែបទ្រឹស្តីសេដ្ឋកិច្ចចក្រា សម្រាប់ពិភពលោកគឺជារឿងល្អបំផុត ដែលអាចអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និង បរិស្ថានប្រកបទៅដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

លោកពន្យល់ថា សេដ្ឋកិច្ចចក្រានេះ គឺពុំមែនសំដៅតែការការពារបរិស្ថានតែមួយមុខនោះទេ តែវាអាចជួយបន្ថែមតម្លៃសេដ្ឋកិច្ចនៅក្នុងប្រទេសប្រសិនបើកម្ពុជា យកទ្រឹស្តីនេះទៅអនុវត្ត។

លោក Nick Beresford៖ «ខ្ញុំគិតថា សេដ្ឋកិច្ចចក្រានេះ នឹងជួយបន្ថែមដល់តម្លៃសេដ្ឋកិច្ចហើយជួយដល់ការកាត់បន្ថយសំណល់ដែលវាជាហានិភ័យសម្រាប់ពិភពលោក ជាពិសេសគឺមនុស្សដែលរស់នៅជំនាន់ក្រោយជាដើម។ »

លោកបន្តថា៖ «ចំពោះកម្រិតយល់ដឹងរបស់ក្រុមហ៊ុនឯកជនដែលកំពុងធ្វើការនោះ គឺមិនមានអ្វីដែលជាបញ្ហានោះទេ ព្រោះថាការដែលយកទ្រឹស្តីនេះទៅអនុវត្តនោះ មានន័យថាវានឹងផ្តល់ជាអត្ថប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាក្រុមហ៊ុនខ្លួន​ឯងផងដែរ។ សាកស្រមៃមើលបើគ្រាន់តែយកសំរាម និង កាកសំណល់មកធ្វើជារបស់ប្រើប្រាស់ឡើងវិញតើវាចំណេញដល់ក្រុមហ៊ុនប៉ុណ្ណា បាទ!»។

ទ្រឹស្តីសេដ្ឋកិច្ចនេះ ហាក់ផ្តល់ផលវិជ្ជមានដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាការការពារបរិស្ថានផងដែរ​។

ងាកមកចាប់អារម្មណ៍និង ក្រុមហ៊ុនធ្យូងអនាម័យ SGFE ដែលជាសហគ្រាសផលិតធ្យូងចេញពីកាកសំណល់ ក្នុងនោះមានដូចជា ត្រឡោកដូង កាកអំពៅ និង សំបកធូរ៉េនជាដើម មកផលិតជាធ្យូងជំនួសឲ្យការកាប់បំផ្លាញព្រៃឈើ។

លោក Francesco Carocci ប្រធានគម្រោងនៃក្រុមហ៊ុននេះ បានលើកឡើងថា សេដ្ឋកិច្ចចក្រានេះ បានក្លាយជាទ្រឹស្តីដែលក្រុមហ៊ុនរបស់លោកបានអនុវត្តចាប់តាំងពីឆ្នាំ​ ២០០៨ ដោយអនុវត្តនូវបច្ចេកវិទ្យាទំនើបក្នុងការប្រមូលយកកាកសំណល់កែច្នៃជារបស់ធ្យូងអនាម័យ។

លោកលើកឡើងថា៖ «ចំពោះផលចំណេញជាច្រើនពីការយកសំណល់មកកែច្នៃនេះទី១​ គឺយើងចំណាយដើមទុនតិច ដើម្បីបំផ្លែងវាមកជាថាមពល និង ធ្យូង ទី២ ធ្យូងក្នុងមួយខែ ជាង ១០០ តោនត្រូវបានលក់អស់ហើយបង្កើនប្រាក់ចំណេញដើម្បីជួយដល់សេដ្ឋកិច្ចក្នុងប្រទេស ហើយកាត់បន្ថយការបំពុលបរិស្ថាន។ យើងសប្បាយចិត្តនិងធ្វើវា ដើម្បីជួយដល់សេដ្ឋកិច្ចក៏ដូចជាបរិស្ថានផងដែរ។ »

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំថ្នាក់ជាតិស្តីពីដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចចក្រានេះ គឺជាជំនួបលើកទី ១ រវាង អង្គការសង្គមស៊ីវិល វិស័យឯកជន និង តំណាងរដ្ឋាភិបាល ដើម្បីពិភាក្សាសំដៅកាត់បន្ថយដល់សំណល់រឹងនៅក្នុងបរិស្ថាន។

គម្រោងនេះ នឹងផ្តោតទៅលើ ក្រុមហ៊ុនដែលធ្វើការលើវិស័យវាយនភណ្ឌ វិស័យឩស្សាហកម្ម វិស័យសេវាកម្ម វិស័យកសិកម្ម និង សំណង់ជាដើម សំដៅកាត់បន្ថយឲ្យបាន និង ការអភិវឌ្ឍសេដ្ឋកិច្ចជាចីរភាព មុនឆ្នាំ ២០៣០។

សេដ្ឋកិច្ចចក្រាគឺសំដៅដល់ការប្រមូលយកសំណល់រឹង និង ទន់ ដែលត្រូវបានក្រុមហ៊ុនបញ្ចេញមកក្រៅ ដោយច្នៃយកធ្វើជាធនធានដ៏មានតម្លៃនៅក្នុងប្រព័ន្ធរង្វិលជុំដ៍បិទជិតមួយ។ ប្រសិនបើទស្សនទាននេះ ត្រូវបានយកមកប្រើប្រាស់នូវក្នុងការគ្រប់គ្រងសំណល់នៅក្នុងប្រទេសកម្ពុជា គឺជាសកម្មភាពមួយដ៏ល្អនៅក្នុងការរក្សានិងបន្ថែមតម្លៃសេដ្ឋកិច្ចក៏ដូចជាការរក្សា និង ការពារបរិស្ថានផងដែរ៕

 

Share

Image
Image
Image