en     km
en     km

TI៖ ពិន្ទុពុករលួយកម្ពុជាអាក្រក់ជាងមុនមួយលេខ តែសន្ទស្សន៍ពុករលួយនៅថេរដូចឆ្នាំមុន

Share

ភ្នំពេញ៖ ពិន្ទុស្តីពីអំពើពុករលួយរបស់កម្ពុជានៅឆ្នាំ២០១៨នេះ​ បានធ្លាក់ចុះមួយលេខ ដែលចំនួននេះបង្ហាញថា កម្រិតនៃអំពើពុករលួយរបស់កម្ពុជាមានភាពអាក្រក់ជាងឆ្នាំមុន ជាអ្វីដែលអ្នកជំនាញថា សុខភាពនៃប្រជាធិបតេយ្យរបស់កម្ពុជាកំពុងមានជំងឺ។ តែយ៉ាងណាសន្ទស្សន៍នៃអំពើពុករលួយរបស់កម្ពុជាអាចរក្សាបានចំណាត់ថ្នាក់ដដែលគឺលេខ ១៦១ក្នុងចំណោមប្រទេស១៨០ ដូចកាលពីឆ្នាំ២០១៧។ នេះបើតាមលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨ របស់អង្គការតម្លាភាពកម្ពុជាចេញផ្សាយនៅថ្ងៃទី២៩ មករានេះ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

 

កម្ពុជានៅឆ្នាំ ២០១៨នេះទទួលបានពិន្ទុលេខ ២០ ជាពិន្ទុឈរនៅក្នុងចំណោមប្រទេសដែលប្រកាន់របបអត្តាធិបតេយ្យ (Autocratic regime) របបដែលមានប្រព័ន្ធដឹកនាំបែបគ្រួសារនិយម ហើយថ្នាក់ដឹកនាំចាត់ទុកខ្លួនឯងជាអាទិទេពលើប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជាចេញផ្សាយនៅថ្ងៃនេះ។ ផ្អែកតាមលទ្ធផលនេះ កម្ពុជាបានឈានទៅរកភាពកាន់តែអាក្រក់នៃអំពើពុករលួយថែមមួយលេខទៀត ព្រោះកាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានពិន្ទុនេះចំនួន២១។

បើតាមលទ្ធផលនៃសន្ទស្សន៍ស្តីអំពីទំនាក់ទំនងរវាងអំពើពុករលួយ និងសុខុមាលភាពផ្នែកប្រជាធិបតេយ្យនៅទូទាំងសកលលោកបង្ហាញថា ប្រទេសដែលមានប្រជាធិបតេយ្យពេញលេញ(Full democracy)ទទួលបានពិន្ទុជាមធ្យម ៧៥ពិន្ទុ។ ប្រទេសដែលមានប្រជាធិបតេយ្យមិនពេញលេញ(Flawed democracy)ទទួលបានពិន្ទុជាមធ្យម ៤៩ពិន្ទុ ខណៈប្រទេសកាន់របបកូនកាត់ (Hybrid regime)ដែលបង្ហាញធាតុផ្សំទំនោរទៅរកអត្តាធិបតេយ្យ ទទួលបានពិន្ទុជាមធ្យម៣៥ ហើយប្រទេសដែលកាន់របបអត្តាធិបតេយ្យ(Autocratic regime) ទទួលបានពិន្ទុទាបបំផុត គឺជាមធ្យមត្រឹមតែ ៣០ប៉ុណ្ណោះនៅលើមាត្រដ្ឋាននៃសន្ទស្សន៍នេះ។

យោងតាមតារាពិន្ទុរបស់អង្គការតម្លាភាពបង្ហាញថា កម្ពុជាដែលទទួលបានពិន្ទុ២០នៅឆ្នាំ២០១៨នេះ គឺឈរនៅលំដាប់លេខរៀងក្រោយគេបង្អស់ក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន តាមពីក្រោយប្រទេសឡាវដែលមានពិន្ទុ ២៩ មីយ៉ាន់ម៉ា ២៩ វៀតណាម៣៣ ថៃ៣៦ និងប្រទេសល្អជាងគេគឺសិង្ហបុរីមានពិន្ទុ៨៥។

ងាកមកសន្ទស្សន៍ពុករលួយរបស់កម្ពុជានៅឆ្នាំ២០១៨ដដែលនេះ កម្ពុជាអាចរក្សាបានចំណាច់ថ្នាក់លេខដដែលគឺលេខ១៦១ ក្នុងចំណោម១៨០ប្រទេស។

លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា បុព្វហេតុដែលនាំឱ្យពិន្ទុកម្ពុជាធ្លាក់ចុះមួយលេខ គឺបណ្តាលមកពីកត្តា ប្រជាធិបតេយ្យ បញ្ហាពុករលួយនយោបាយ និងបញ្ហាក្នុងប្រព័ន្ធយុត្តិធម៌។ លោកបន្តថា ការធ្លាក់ចុះពិន្ទុ ពុករលួយនេះ សបញ្ជាក់ឱ្យឃើញថា សុខភាពនៃប្រជាធិបតេយ្យកម្ពុជា កាន់តែធ្លាក់ដុនដាបមួយកម្រិតទៀត។

                        លោក ព្រាប កុល កំពុងបង្ហាញលទ្ធផលនៃសន្ទស្សន៍ពុករលួយរបស់ប្រទេសទាំងអស់ក្នុងសកលលោក។

 

តាមរយៈសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជា លទ្ធផលនៃការធ្លាក់ចុះពិន្ទុត្រឹមលេខ២០នេះ ចង្អុលបង្ហាញថា បើទោះបីកម្ពុជាសម្រេចបានលទ្ធផលជាក់លាក់មួយចំនួនពីកិច្ចខិតខំប្រឹងប្រែងលើកកំណែទម្រង់របស់ខ្លួនមានដូចជា វិស័យអប់រំ ការចុះបញ្ជីសាជីវកម្ម ការប្រមូលចំណូលថវិកាជាតិ និងការផ្តល់សេវាសាធារណៈមូលដ្ឋានមានភាពប្រសើរក្តី តែការប្រឹងប្រែងនេះមិនទាន់អាចផ្លាស់ប្តូរការយល់ឃើញរបស់អ្នកជំនាញ និងសហគមន៍អាជីវកម្មនៅឡើយ។ អ្វីដែលពិសេសជាងនេះ នៅពេលដែលអំពើពុករលួយមានទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយត្រូវបានសង្កេតឃើញថា នៅមានទំហំដដែលនោះ នេះបញ្ជាក់ថា កំណែទម្រង់ជារចនាសម្ព័ន្ធ និងជាប្រព័ន្ធសំខាន់ៗទាក់ទងនឹងនីតិរដ្ឋមានភាពប្រសើរឡើងតិចតួចនៅឡើយ ឬមិនប្រសើរនោះទេ។

តាមរបាយការណ៍របស់របស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨បង្ហាញថា កម្ពុជាទទួលបានពិន្ទុល្អប្រសើរជាមុនបន្តិច ខណៈពិន្ទុស្តីពីអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី១៩/១០០ ក្នុងឆ្នាំ២០១៧ មកត្រឹម១២/១០០ក្នុងឆ្នាំ២០១៨។

ផ្អែកតាមរបាយការណ៍នេះ នាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាត្រូវបានគេកត់សម្គាល់ឃើញថា មានបរិយាកាសមិនសូវអំណោយ ផលលើប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងស្ថាប័នប្រជាធិបតេយ្យមួយចំនួនអាចបំពេញតួនាទីបានតិចតួចបំផុត។ មួយវិញទៀត ការត្រួតពិនិត្យ និងការធានាតុល្យភាពអំណាចដើម្បីប្រឆាំងអំពើពុករលួយក៏មិនសូវអំណោយផលផងដែរ ខណៈយន្តការធានាគណនេយ្យភាពផ្នែកនយោបាយត្រូវបានចុះទន់ខ្សោយក្រោយការរំលាយបក្សប្រឆាំង។

ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការតម្លាភាពកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវពន្លឿនការអនុវត្តសកម្មភាពកំណែទម្រង់ជាប្រព័ន្ធដែលជាចំណុចអាទិភាព។ ការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ជាពិសេសទាក់ទងការប្រកាសទ្រព្យសម្បត្តិ ត្រូវអនុម័តឱ្យទាន់ពេលវេលាតាមបទប្បញ្ញត្តិ។ ការពង្រឹងស្ថាប័នដែលទទួលខុសត្រូវក្នុងលើកកម្ពស់នីតិរដ្ឋ ការគាំទ្រអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការធានាបានគណនេយ្យភាពសង្គម ការធានាតុល្យភាពអំណាចរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺសុទ្ធសឹងជាបញ្ហាចម្បងដែលត្រូវដោះស្រាយ៕

 

Share

Image
Image
Image