loader

អ្នកប្រើប្រាស់ប្រេងឥន្ធនៈ៖ ប្រេងសាំងបន្តឡើងថ្លៃធ្វើអោយប៉ះពាល់ជីវភាពប្រចាំថ្ងៃ

ក្រុងភ្នំពេញ៖ ប្រេងឥន្ធនៈគឺជាសម្ភារៈមធ្យោបាយដែលជាកត្តាយ៉ាងចាំបាច់នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នៅរយៈប៉ុន្មានសប្តាហ៍នេះ គេសង្កេតឃើញតម្លៃប្រេងឥន្ធនៈហាក់ឡើងថ្លៃ ដែលកត្តានេះហើយពលរដ្ឋមួយចំនួន ត្អូញត្អែរពីតម្លៃប្រេងសាំងនេះ។ ពលរដ្ឋមួយចំនួនលើកឡើងថា វាជាកត្តាចម្បងដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

សូមស្តាប់ការធ្វើសេចក្តីរាយការណ៍របស់លោក សេរី វឌ្ឍនៈ៖

ស្របពេលដែលក្រសួងពាណិជ្ជកម្មបានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការកំណត់តម្លៃប្រេងឥន្ធនៈដាក់លក់នៅលើទីផ្សារ ចន្លោះពីថ្ងៃទី ០២ ដល់ថ្ងៃទី ១១ ខែ​ ឧសភា ឆ្នាំ ២០១៨។ គេសង្កេតឃើញ នៅតាមស្ថានីយប្រេងឥន្ធនៈ មួយចំនួន បានឡើងថ្លៃ ជាពិសេសនៅរាជធានីភ្នំពេញ។តែសាំងលក់រាយឬក្រៅ ស្ថានីយ មានតម្លៃថោកជាងបន្តិច។

ក្រសួងបានបង្ហាញថា តម្លៃប្រេងសាំងធម្មតា ដែលត្រូវដាក់លក់នៅក្នុងទីផ្សារគឺ ៤១០០ រៀល ដែលឡើងថ្លៃ ២៥០ រៀល បើប្រៀបធៀបទៅនឹងតម្លៃប្រេងសាំងធម្មតាកាលពីខែ កុម្ភៈ ត្រឹមតែ ៣៨៥០ រៀលតែប៉ុណ្ណោះ។ កត្តានេះហើយទើបពលរដ្ឋបានដាក់ការព្រួយបារម្ភថា តម្លៃប្រេងសាំងហាក់ហក់ឡើងជាគំហុក ធ្វើអោយប៉ះពាល់ជាខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

អ្នករាយការណ៏ព័ត៌មានរបស់វិទ្យុស្រី្តបានចុះស្រង់ស្ថិតិ តាមស្ថានីយប្រេងឥន្ធនៈមួយចំនួន នៅរាជធានីភ្នំពេញដោយបានសង្កេតថា៖ ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួន លក់នៅរាជធានីភ្នំពេញ គឺសាំងធម្មតា ៤១០០ រៀល សាំងស៊ុបពែរ ៤៤៥០ និង ប្រេងម៉ាស៊ូត ៣៩០០ រៀល ក្នុងមួយលីត្រ។

តាមការស្រាវជ្រាវ តម្លៃសាំងលក់នៅរាជធានីភ្នំពេញ មានតម្លៃលើសសាំងនៅតាមស្ថានីយ៍មួយចំនួនៅតាមខេត្ត ហើយថ្លៃជាងប្រទេសជិតខាងទៀតផង។

លោក សំ អី ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ មានមុខរបរបរជាអ្នករត់កង់បី បានរៀបរាប់ពីការលំបាកក្នុងការប្រកបរបរជាអ្នករត់កង់បី។ លោកថា តម្លៃប្រេងឥន្ធនៈ ដែលឡើងថ្លៃនេះ បានក្លាយជាឧបសគ្គក្នុងការប្រកបមុខរបរ ហើយធ្វើឲ្យជីវភាពគ្រួសារលោកកាន់តែដុនដាប។

សំឡេង លោក សំ អី៖ 

យ៉ាងណាក៏ដោយលោក បានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការពិនិត្យនិងបន្ថយតម្លៃប្រេងសាំងឡើងវិញ ព្រោះដើម្បីសំរួលដល់ជីវភាពគ្រួសារលោក។

មិនខុសគ្នាពីការលើកឡើងនេះ លោក សួន សូនី ពលរដ្ឋប្រកបរបរជាអ្នករត់ម៉ូតូឌុប បានបង្ហាញពីការមិនពេញចិត្តចំពោះការតម្លើងថ្លៃខ្ពស់នៃតម្លៃប្រេងសាំង។ លោកថា រដ្ឋាភិបាលគួរតែគិតគូរសារជាថ្មី ដោយបន្ធូរបន្ថយពន្ធការនាំចូលប្រេងពីបរទេស ដើម្បីឲ្យតម្លៃប្រេងសាំងអាចចុះថ្លៃ។

សំឡេង លោក សួន សូនី៖ 

ចំណែកអ្នកស្រី លីន លីណា អ្នកប្រកបអាជីវកម្មមុខរបរ​លក់កាហ្វេតាមដងផ្លូវ បានត្អូញត្អែពីរបរអាជីវកម្មរបស់គាត់ថា លក់ពុំសូវចំណេញ។ អ្នកស្រីថា ចាប់តាំងពីតម្លៃប្រេងសាំងឡើងថ្លៃមក របស់របរដែលអ្នកស្រីទិញយកមកលក់បន្តក៏ឡើងថ្លៃ ធ្វើឲ្យអ្នកស្រីលក់ពុំសូវចំណេញ បណ្តាលឲ្យជីវភាពរបស់ក្រុមគ្រួសារអ្នកស្រី ជួបនឹងការលំបាក។

សំឡេង អ្នកស្រី លីន លីណា៖

ទាក់ទិននឹងរឿងខាងលើនេះ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី ០២ ដល់ ថ្ងៃទី ១១ ខែ ឧសភា តម្លៃប្រេងសាំងឡើងថ្លៃរហូតដល់ទៅ ៤១០០ រៀល។ ក្រសួងបានបញ្ជាក់ទៀតថា តម្លៃប្រេងសាំងដែលឡើងថ្លៃនេះ គឺបណ្តាលមកពីការប្រែប្រួលនៃតម្លៃប្រេងសាំងអន្តរជាតិ។

យ៉ាងណាក៏ដោយ ក្រសួងនេះ បានបង្ហាញថា តម្លៃប្រេងសាំងដែលដាក់លក់នៅលើទីផ្សារជាតិគឺសមាមាត្រតិចជាងទៅតាមតម្លៃទីផ្សារអន្តរជាតិ ពោលគឺបន្ធូរបន្ធយតម្លៃជាងប្រទេសជិតខាង។

សូមបញ្ជាក់ថា តម្លៃប្រេងសាំងធម្មតាសំរាប់ខែ ឧសភា ឆ្នាំ ២០១៨ នេះ មានការកើនឡើង ២៨ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៥។ ក្រសួងបានបង្ហាញឲ្យដឹងថា ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាគឺមានប្រភពដើមពីប្រទេស សឹង្ហបុរី៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ការនាំចេញអង្ករកម្ពុជានៅឆមាសទី១ ធ្លាក់ចុះ ជិត ៦ ភាគរយ

ក្រុងភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជាឆ្នាំនេះ គ[...]

ធនាគារអភិវឌ្ឍន៍អាស៊ី​អនុម័ត​កម្ចី​ ៩០​ លាន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)[...]

ទស្សនៈ និង គតិ ល្អៗ សម្រាប់អ្នកចង់បង្កើតជំនួញខ្នាតតូច ឬ មធ្យមដំបូង

ក្រុងភ្នំពេញ៖ សហគ្រិនថ្មីថ្មោង តែងសម្លឹងមើលឱក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត