en     km
en     km

សហភាពអឺរ៉ុបនិងដៃគូពាក់ព័ន្ធបង្ហាញរបាយការណ៍ស្ដីពីការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ

Share

ក្រុងភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា អង្គការបន្ទាយស្រី និង អង្គការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ (DW) កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ បានបិទបញ្ចប់គម្រោង ស្រ្តីនៅក្នុងវិស័យ​នយោបាយ និង តួនាទីក្នុងការធ្វើសេចក្តីសម្រេច ដែលគម្រោងនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្រ្តីកម្ពុជាចូលរួមនៅក្នុងវិស័យនយោបាយ។ ក្នុងកម្មវិធីនេះមានការលើកឡើងអំពីការរីកចម្រើន និងបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងកិច្ចការរបស់ស្ត្រី។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក ហ្វ្រង់ វ៉ល គណៈប្រតិភូនៃសហភាពអឺរ៉ុប លោកស្រី សាប៊ីណា កាសង់ក្រង់ដេ ប្រធានកម្មវិធីប្រចាំកម្ពុជា នៃអង្គការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ និង ប្រធានអង្កការដែលធ្វើការពាក់ព័ន្ធទៅលើគម្រោងនេះផងដែរ។

នៅក្នុងកម្មវិធីនេះ លោកស្រី វួន សុវរីយ៍ នាយិកាស្តីទីនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានថា គម្រោងនេះគឺជាមធ្យោបាយក្នុងការផ្សព្វផ្សាយដល់យុវជន ជាពិសេសស្រ្តី និង អ្នកទើបគ្រប់អាយុបោះឆ្នោត មុននឹងការបោះឆ្នោតឃុំសង្កាត់ និង ការបោះឆ្នោតជាតិឈានចូលមកដល់នាពេលនេះផងដែរសំដៅលើកទឹកចិត្តពួកគាត់ស្វែងយល់ពីគុណតំលៃនៃការប្រើសិទិ្ធជាពលរដ្ឋជ្រើសរើស តំណាងរបស់ខ្លួន។

អ្នកស្រី វួន សុវរីយ៍៖ «តាមពិតទៅ គម្រោងនេះក៏បានប្រើប្រាស់ប្រព័ន្ទផ្សព្វផ្សាយជាច្រើនប្រភេទ ដើម្បីផ្សព្វផ្សាយដល់យុវជនផងដែរ។ ដូចខាងមណ្ឌលព័ត៌មានស្រ្តីកម្ពុជា យើងមានកម្មវិធីវិទ្យុ វីដេអូ និង ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ហ្វេសបុក និង យូធូបដែលផលិតចេញជាវីឌីអូអប់រំដល់យុវជន យុវនារី ដោយជំរុញឲ្យមាមានការពិភាក្សាលើប្រធានបទនានា ដូចជា ភាពគ្រប់លក្ខខណ្ឌក្នុងការបោះឆ្នោត  និង ការសម្រេចចិត្តតាមឆន្ទះ ចាស៎!»

ថ្លែងនៅក្នុងកម្មវិធីនេះ លោកស្រី ធីតា ឃិះ នាយិកាប្រតិបត្តិនៃអង្គការសីលការ បានប្រាប់អ្នកសារព័តមានថា ថ្វីត្បិតតែគម្រោងនេះត្រូវបានបិទបញ្ចប់ តែការលើកកម្ពស់ស្ត្រីនៅក្នុងឆាកនយោបាយនៅតែជាការចាំបាច់ និង ទាមទារឲ្យមានការគាំទ្ររយៈពេលវែង។

លោកស្រីថា កន្លងមកការចូលរួមពីស្រ្តីនៅក្នុងវិស័យនយោបាយគឺមានកត្តាអវិជ្ជមាន និង ឧបសគ្គជាច្រើន ជាពិសេសគឺស្រ្តីដែលមានលទ្ធភាពក្នុងការឈានជើងទៅកាន់តំណែងក្នុងការសម្រេចចិត្តទៅលើគោលនយោបាយ។

លោកស្រី ធីតាឃិះ៖ «អឺយើងឃើញថា ចំពោះការសម្រេចចិត្តរបស់ស្ត្រីទៅលើគោលនយោបាយ ជាពិសេសកត្តាហិរញ្ញវត្ថុគឺនៅមានភាពឃ្លោង ព្រោះថាស្រ្តីគឺច្បាស់លាស់ជាងបុរសរឿងអញ្ជឹងៗ បើសិនណាយើងឲ្យតម្លៃទៅលើតែបុរសជាអ្នកដឹកនាំ វាឃ្លោងថាថវិការចំណាយរបស់សង្គម និង ថវិកាផ្សេងៗ មិនធ្លាក់ទៅដល់សង្គម អញ្ជឹងហើយ វាពុំសូវមានការអនុវត្តដែលទាមទារឲ្យចាំបាច់ក្នុងការលើកកម្ពស់ស្រ្តីនៅក្នុងឆាកនយោបាយនេះ»។

តំណាងរាស្ត្រជាប់ឆ្នោតអាណត្តិទី ៦ ​មានចំនួន ១២៥រូប ក្នុងនោះស្រីមានចំនួន ១៩រូប។ ឧបនាយករដ្ឋមន្ត្រីមាន៩ រូប ស្រីមាន​១ រូប ចំណែករដ្ឋមន្ត្រីនៅតាមក្រសួងមានចំនួន២៩ គឺមានស្ត្រីជារដ្ឋមន្ត្រីចំនួន៣ រូប។ ​

ដោយឡែកសមាសភាពថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិជាស្ត្រីវិញ ក្នុងចំណោមរាជធានី​ខេត្តចំនួន ២៥ គឺ មានអភិបាលខេត្តជាស្ត្រីតែ ១រូបប៉ុណ្ណោះ គឺអភិបាលខេត្តកោះកុង។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកកាលពីឆ្នាំ២០១៦ ឱ្យដឹងថា ស្ត្រីនៅកម្ពុជាមានចំនួនជាង ៥១ភាគរយ​នៃចំនួនប្រជាជនសរុប ប៉ុន្តែថា កិច្ចការងារនយោបាយត្រូវបាន​ដឹកនាំដោយបុរស។

របាយការណ៍ដែលចង់ក្រងដោយគម្រោង «ស្ត្រីក្នុងវិស័យនយោបាយ» របស់អង្គការបន្ទាយស្រីបានបង្ហាញថាសំឡេងស្ត្រីក្នុងឆាកនយោបាយមានសភាពស្ងប់ស្ងាត់ ហើយតំណាងស្ត្រីក្នុងស្ថាប័នអំណាចនយោ​បាយគឺស្ថិតនៅក្នុងកម្រិតទាប។

តាមរបាយការណ៍ដដែល ស្ត្រីប្រឈមបញ្ហាជាច្រើន ដែលរារាំងមិនឱ្យពួកគេចូលរួមពេញលេញក្នុងវិស័យនយោបាយ និងកិច្ចការសង្គម ដូចជាបញ្ហាភាពក្រីក្រ អនក្ខរកម្ម ការរើសអើង កង្វះការលើកទឹកចិត្ត និងកង្វះគោលនយោបាយជាក់លាក់ក្នុងការលើកកម្ពស់ និងផ្តល់ឱកាស​ដល់ស្ត្រី។

សូមបញ្ជាក់ថា ក្រោមជំនួយរបស់សហភាពអឺរ៉ុប គម្រោងនេះបានកំណត់គោលដៅពង្រឹងសិទ្ធិអំណាចអ្នកនយោបាយស្រ្តី ថ្នាក់ដឹកនាំសហគមន៍ និង អ្នកបោះឆ្នោតវ័យក្មេង ដោយធ្វើការបំពាក់បំប៉នជំនាញ និង ផ្តល់ព័ត៌មានដោយលើកទឹកចិត្តឲ្យមានការចូលរួមកាន់តែច្រើនពីពលរដ្ឋក្នុងវិស័យនានានៃសង្គម៕

Share

Image
Image
Image