en     km
en     km

អ្នកស្រី សូរ ទូច នៅស្រុកចិត្របុរីខេត្តក្រចេះជួបផលលំបាកពីការប្រែប្រួលអាកាសធាតុ

Share

បទយកការណ៍៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជារៀងរាល់ខែកក្កដា និងសីហា អ្នកស្រី សូរ ទូច ក៏ដូចជាកសិករជាច្រើននាក់ទៀតតែងតែចាប់ផ្តើមធ្វើស្រែចម្ការរបស់គេ ក្នុងខណៈពេលដែលមានទឹកភ្លៀងធ្លាក់មកច្រើន។

តាមពិតដូចជាប្រជាពលរដ្ឋខ្មែរប្រមាណជា​៨០ភាគរយនៅទូទាំងប្រទេស ការងារធ្វើស្រែចម្ការ ក៏ដូចជាការងារកសិកម្មដទៃទៀត គឺមុខរបបរដែលបានបន្តមកពីដូនតាច្រើនជំនាន់ សម្រាប់អ្នកស្រី សូរ ទូច ក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ទោះបីយ៉ាងណា នៅក្នុងរដូវវស្សាឆ្នាំនេះ អ្នកស្រី សូរ ទូច បែរជាសម្រេចចិត្តឈប់ធ្វើស្រែ ហើយទៅស៊ីឈ្នួលគេច្រូតស្មៅទៅវិញ ដោយសារអ្នកស្រីមិនមានគោ ហើយខ្វះទឹកធ្វើស្រែទៀតផង។ ដើម្បីស្វែងយល់អំពីមូលហេតុឱ្យបានច្បាស់លាស់ អ្នករាយការណ៍ព័ត៌មានបានចុះសាកសួរពលរដ្ឋនៅឃុំសំបុក ក្នុងខេត្តក្រចេះ ដែលបានជួបបញ្ហានេះ។

សូមអញ្ជើញតាមដានស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ៖

 

លោក​ ឈាន អ៊ី ពលរដ្ឋរស់នៅស្រុកចិត្របុរីខេត្តក្រចេះ និងភរិយា មកមើលចំការរបស់ពួកគាត់។

 

(ផ្តើមដោយបទសម្រៀង ស៊ិន ស៊ីសាមុត៖ វស្សាដល់ហើយម្តេចឡើយមិនភ្លៀង ធម្មជាតិស្រែកច្រៀងសំនៀងក្រៀមក្រំ។​ ទឹកស្ទឹងបឹងបួររីងហួតស្ងួតអស់ តើខ្ញុំទ្រាំរស់រស់របៀបណា?)

ជារឿយៗ យើងតែងតែឮបទចម្រៀងលោក ស៊ិន ស៊ីសាមុត មួយបទនេះ ហោះហើរតាមរលកធាតុអាកាសនៃវិទ្យុសំឡេងនានានៅក្នុងប្រទេសកម្ពុជា ដើម្បីជួយកំដរអារម្មណ៍ប្រជាពលរដ្ឋគ្រាន់កែកំសាន្តក្រោយពីកិច្ចការងារនឿយហត់។

ទោះបីជាយ៉ាងណាខ្លឹមសារសំខាន់នៃបទចម្រៀងនេះ គ្រាន់តែដើម្បីប្រៀបធៀបមនោសញ្ចេតនារបស់យុវជនម្នាក់ ដែលបានលួចប្រតិព័ទ្ធជាមួយយុវនារីដ៏ស្រស់សោភាម្នាក់ទៀត កាលពីក្នុងទសវត្សរ៍ ៧០នោះ។

ប៉ុន្តែអស់រយៈពេលជិតកន្លះសតវត្សរ៍ ចម្រៀងនេះហាក់ដូចជារៀបរាប់រឿងពិតរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស ជាពិសេសអ្នកស្រី សូរ ទូច នៅឃុំសំបុក ស្រុកចិត្របុរី និងកសិករជាច្រើននាក់ទៀតនៅក្នុងខេត្តក្រចេះ ដែលជួបប្រទះកង្វះខាតទឹកសម្រាប់ធ្វើស្រែចម្ការ បណ្តាលមកពីការប្រែប្រួលធាតុអាកាស ដែលជាមូលហេតុដែលធ្វើឱ្យគោរបស់គាត់ងាប់ដែរនោះ។

សម្រាប់អ្នកស្រី សូរ ទូច ការសម្រេចចិត្តឈប់ធ្វើស្រែដោយការទៅស៊ីឈ្នួលច្រូតស្មៅអោយគេវិញនោះមួយផ្នែក គឺដោយសារមិនមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែ បន្ថែមពីលើកត្តារាំងស្ទះមួយចំនួនចំនួនថែមទៀត។

អ្នកស្រី សូរ ទូច បាននិយាយថា ៖«ដូចថា យើងអត់មានទន្លេថង ទាល់តែជួលគេ ទាល់តែជួរសព្វរត់អត់រួច។ ពីមុនមកខ្ញុំធ្វើ កាលខ្ញុំមានគោ តែក្រោយមកគោងាប់អស់ទៅអត់បានធ្វើ»។

តាមការលើកឡើងរបស់ពលរដ្ឋរូបនេះ ការធ្វើស្រែបានលុះត្រាតែមានម៉ាស៊ីនគោយន្ដ ឬគោសម្រាប់ភ្ជួររាស់ ដែលមានទឹកគ្រប់គ្រាន់ថែមទៀតផង។ ប៉ុន្តែ សម្រាប់សម្រាប់ អ្នកស្រី សូរ ទូច គឺគាត់ខ្វះទាំងពីរ។

 

អ្នកស្រី សូរ ទូច នៅក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុជូនសម្បទានិក នៅសាលាបឋមសិក្សាសម្បទាន កាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ ។

 

អង្គុយនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិក នៅសាលាបឋមសិក្សាសម្បទាន កាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨ អ្នកស្រី សូរ ទូច បានរៀបរាប់អំពីបញ្ហាផ្សេងៗអំពីជីវិតការងារកសិកម្មរបស់គាត់។

អ្នកស្រីបាននិយាយថា បន្ទាប់ពីគោរបស់គាត់ងាប់ទៅ គាត់មានការលំបាក់យ៉ាងខ្លាំងក្នុងការងារធ្វើស្រែចម្ការនោះ ហើយគាត់ចង់ជួលគោយន្ដមួយ ប៉ុន្តែអ្នកស្រីមិនមានប្រាក់នោះឡើយ។

អ្នកស្រី សូរ ទូច ៖«បើយើងធ្វើយើងជួលទន្លេថងគេ ម្ដងទាំងភ្ជួរ ទាំងសាបសំណាបអស់  ​៥០ ៦០ម៉ឺន ន៎ហ »។

បើតាមអ្នកស្រី សូរ ទូច សព្វថ្ងៃនេះ ជីវភាពក្នុងគ្រួសាររបស់គាត់ គឺត្រូវពឹងផ្អែកទាំងស្រុងទៅលើគាត់។​

អ្នកស្រី សូរ ទូច ៖«ហើយរាល់ថ្ងៃហ្នឹងចិញ្ចឹមម៉ែចាស់ ហើយបងចាស់ជរាពីរម្នាក់ទៀត ម៉ែខ្ញុំ អាយុ ៩០ជាង បងជាង ៧០ទៀត និងចិញ្ចឹមកូន ៤នាក់ទៀត » ។

ស្រី្ដវ័យ ៥៣ឆ្នាំរូបនេះ បានត្អូញត្អែរថា ក្រោយពីឈប់ធ្វើស្រែអស់រយៈពេល ៣ឆ្នាំ គាត់ក៏ចាប់ផ្ដើមដើរច្រូតស្មៅអោយគេ ដោយក្នុងមួយថ្ងៃគាត់អាចរកបាន ១ម៉ឺន ៧ពាន់រៀល ។

នៅចម្ងាយប្រមាណពីរគីឡូម៉ែត្រពីពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិកនៅចំការរបស់អ្នកភូមិ យើងក៏បានជួបនិងពលរដ្ឋមួយរូបទៀត គឺ លោក ឈាន អ៊ី ដែលបានឱ្យដឹងថា រាល់ថ្ងៃនេះ លោកកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ដាំដុះដំណាំ។

លោក ឈាន អ៊ី ធ្វើស្មៅដំឡូងនៅចំការរបស់គាត់នៅលើដីជាង ១ហិកតា ។

 

លោក ឈាន អ៊ី៖«ទឹកអណ្ដូងហូបអត់កើត សព្វថ្ងៃពិបាកជាងគេទឹកតែម្ដង១ពាងទិញគេ ៦ពាន់ ខ្លាំងជាងគេរឿងទឹក ទឹកអណ្ដូង ស៊ប់មិនស្រួល ដោយជន្លៀ ដោយកំបោរមកឡើងខាប់ ហើយដាំដុះនឹងទៀតសង្ឃឹមតែទៅលើទឹកភ្លៀងហ្នឹង»។

តាមពលរដ្ឋរូបនេះ មិនថា រដូវប្រាំង ឬក៏រដូវវស្សា គាត់អាចដាំដំឡូងតែមួយមុខ នៅលើដីជាង ១ហិកតា ហើយក្នុងការដាំដុះរបស់គាត់ គឺបានតែមួយដង ក្នុងមួយរដូវ តែ​ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា មិនមែនមានតែអ្នកស្រី សូរ ទូច និងលោក ឈាន អ៊ី នោះទេ ដែលជួបបញ្ហាក្នុងការធ្វើស្រែចម្ការ ដោយសារការប្រែប្រួលអាកាសធាតុនោះ។

ពលរដ្ឋនៅភូមិក្បាលជួរ ឃុំសំបុក មួយរូបទៀត គឺអ្នកស្រី ​យូ គីម បានឱ្យដឹងដែរថា គាត់ក៏កំពុងជួប​បញ្ហាខ្វះខាតទឹកប្រើប្រាស់ដូចគ្នា។

ពលរដ្ឋនៅភូមិក្បាលជួរ ឃុំសំបុក អ្នកស្រី យូ គីម ។

 

អ្នកស្រី ​យូ គីម ៖«ទឹកអណ្ដូងយើងផឹកទាល់តែដាំ ព្រោះជាតិកំបោរឡើងកន្លះកំសៀវ បើយើងយកស្រោចដំណាំអីហ្នឹង ដូចយកផេះមកប្រឡាក់ស្លឹក ពឹងតែទៅលើទឹកភ្លៀងទេ »។

ទាក់ទងនិងស្ថានភាពនឹងជីវភាពរបស់ប្រជាពលរដ្ឋនៅឃុំសំបុក ស្រុកចិត្របុរីនេះដែរ មេឃុំ លោក ទុយ  សុវណ្ណា បានឱ្យដឹងថា អ្នកភូមិនៅទីនេះ ភាគច្រើនគឺ ដាំដំឡូង និងដាំស្រូវ ហើយការដាំដុះរបស់ពួកគាត់បានតែមួយរដូវតែប៉ុណ្ណោះ។ តាមលោកមេឃុំសំបុក រាល់ថ្ងៃពលរដ្ឋប្រើប្រាស់ប្រើទឹកស្រះ និងទឹកអណ្ដូង បើធ្វើកសិកម្ម គឺពឹងផ្អែកលើទឹកភ្លៀងទាំងស្រុង ។

លោក ទុយ  សុវណ្ណា​៖« ភាគច្រើនដាំដុះដំឡូង ដាំស្រូវ រដូវប្រាំងអត់មានដាំអីផង មានតែដកដំឡូងដកអីយកលក់ បើសិនអត់មានទឹកភ្លៀងនៅទីនេះមិនអាចដាំអីបានទេ »។

ជុំវិញរឿងនេះដែរ លោក ដោក ដូម៉ា នាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទទួលស្គាល់ថា ពលរដ្ឋរស់នៅឃុំសំបុក ស្រុកចិត្របុរី ពិបាកនឹងរកទឹកស្អាតសម្រាប់ប្រើប្រាស់។

លោកបញ្ជាក់ថា ​នៅក្នុងគម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហានពីរនៃគម្រោង Lased ក្រសួងកំពុងសិក្សាពីទីតាំងដែលអាចផ្ដល់ប្រភពទឹកស្អាតជូនដល់ពលរដ្ឋនៅទីនោះប្រើប្រាស់។

លោក ដោក ដូម៉ា នាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ដល់បទសម្ភាសអោយអ្នកសារព័ត៌មានក្នុងពិធីចែកផ្ដល់ប្លង់កម្មសិទ្ធិអោយពលរដ្ឋក្នុងស្រុកចិត្របុរីខេត្តក្រចេះ កាលពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៨។

 

លោក ដោក ដូម៉ា៖ «បាទ៎យល់ស្របទឹកនៅក្នុងតំបន់នេះ បើនិយាយពីកំណកអាស្យានីដ កំណកជាតិដែរនៅក្នុងទឹកក៏ប៉ះពាល់មួយចំនែកដល់ការប្រើប្រាស់ទឹកស្អាតដែរ ចឹងទេយើងមិនមែនថាយើងផ្គត់ផ្គង់ទឹកអណ្ដូងជូនប្រជាពលរដ្ឋអោយតែបានទឹកជូនពួកគាត់ទេ។ ចឹងទេការងារនេះត្រូវការពេលវេលា»។

គួររំឭកថា ការប្រែប្រួលអាកាសធាតុត្រូវបានផ្តល់និយមន័យថា ជាការបកស្រាយយោងទៅតាមស្ថិតិស្តីអំពីលំនាំ អាកាសធាតុដែលមានការប្រែប្រួលក្នុងរយៈពេលវែងមួយ។

ខណៈពេលអាកាសធាតុនៅលើផែនដីបានឆ្លងកាត់អំឡុងពេលនៃការប្រែប្រួល ភ័ស្តុតាងតាមបែបវិទ្យាសាស្ត្រសម័យទំនើបបានបង្ហាញថា ការកើនឡើងនិងបំរែបំរួលធាតុអាកាសដ៏ឆាប់រហ័ស កំពុងកើតមានឡើងនៅទូទាំងពិភពលោក ហើយវាត្រូវបានហៅថា “ការប្រែប្រួលអាកាសធាតុ” ដែលជាលទ្ធផលកើតចេញពីសកម្មភាពរបស់មនុស្សទាក់ទងទៅនឹងការធ្វើឧស្សាហូបនីយកម្ម ការកាប់បំផ្លាញព្រៃឈើ និងបម្រែបម្រួលនៃការប្រើប្រាស់ដី។

ជាការពិតណាស់ ទោះបីជាប្រជាពលរដ្ឋភាគច្រើនមិនបានយល់អំពីកត្តាវិទ្យាសាស្រ្តទាក់ទងនឹងការប្រែប្រួលអាកាសធាតុក្តី ប្រទេសកម្ពុជាកំពុងជួបប្រទះផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុនេះទៅហើយ។

 

រូបភាពឯកសាររបស់អង្គការOxfam GB ប្រចាំអាស៊ី ។

 

គួរបញ្ជាក់ថា ប្រទេសកម្ពុជាស្ថិត​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​មួយ​ក្នុង​បណ្តា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​​

របាយការណ៍​គម្រប​ព្រៃឈើ​ឆ្នាំ​២០១៤​ ដែល​ចេញផ្សាយ​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​(ODC)​ បាន​បង្ហាញ​ពី​និន្នាការ​ដែល​កំពុង​កើត​មាន​ក្នុង​ការ​បាត់បង់​គម្រប​ព្រៃឈើ​ ជា​ពិសេស​ព្រៃស្រោង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​ ១៩៧៣​មក​។​​ ជា​លើក​ដំបូង​ហើយ​ ក្នុង​រយៈពេល​ ៤១​ ឆ្នាំ​កន្លង​មក​ ដែល​ភាគរយ​នៃ​គម្រប​ផ្ទៃដី​មិនមែន​ព្រៃ​ (៤៨.៤​ ភាគរយ​)​ មាន​ទំហំ​ធំ​ជាង​គម្រប​ព្រៃឈើ​ (៤៧.៧​ ភាគរយ​)​។​​

តាមរយបាការណ៍ដដែល ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​មាន​អត្រា​ខ្ពស់​នឹង​រួមចំណែក​ដល់​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

កន្លងមក អាជ្ញាធរបានបង្កើតនូវគម្រោងនានាដើម្បីបញ្ជៀស ក៏ដូចជាជួយប្រជាកសិករសម្របសម្រួល និងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផ្សេងៗ។ ប៉ុន្តែ សម្រាប់អ្នកស្រី សូរ ទូច ក៏ដូចជាប្រជាកសិករជាច្រើននាក់នៅស្រុកចិត្របុរី​ខេត្តក្រចេះ គម្រោងរបស់រាជរដ្ឋាភិបាលហាក់ដូចជាមកយឺតបន្តិច ហើយទម្រាំវាបានផ្តល់ផលប្រយោជន៍ដល់គាត់ផ្ទាល់ អ្នកស្រី សូរ ទូច ប្រហែលជានៅបន្តស៊ីឈ្នួលច្រូតស្មៅឱ្យគេតទៅទៀតដើម្បីចិញ្ចឹមគ្រួសាររបស់គាត់នោះ៕

Share

Image
Image
Image