en     km
en     km

រដ្ឋមន្រ្ដីព័ត៌មាន គ្រោងបង្កើតប៉ុស្តិ៍ទូរទស្សន៍បន្ថែម តែអ្នកវិភាគថាប៉ុស្ដិ៍ថ្មីនឹងបន្តផ្សាយព័ត៌មានគ្មានឯករាជ្យ

Share

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានគ្រោងបង្កើតទូរទស្សន៍ ៣ ឬ ៤ ប៉ុស្តិ៍បន្ថែមទៀត ដើម្បីបម្រើឱ្យការផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ។ ដោយឡែក អ្នកវិភាគថា ការបង្កើតទូរទស្សន៍ថ្មីដើម្បីបង្ហាញថាមានប្រព័ន្ធផ្សព្វផ្សាយច្រើននោះ វាមិនអាចបញ្ជាក់បានថា សេរីភាពសារព័ត៌មានឯករាជ្យនោះទេ ពោលគឺមានតែចំនួន តែមិនមានគុណភាទៅតាមអ្វីដែលពលរដ្ឋ និងអន្តរជាតិត្រូវការនោះទេ។

លោក សោម លាភ រាយការណ៍៖

លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញគម្រោងអំពីការបង្កើតទូរទស្សន៍ ៣ ឬ៤ ប៉ុស្តិ៍បន្ថែមទៀត ។ នេះបើតាមគេហទំព័ររបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែមករា ម្សិលមិញ ។

លោកខៀវ កាញរីទ្ធថា ការបង្កើតទូរទស្សនេះ គឺក្នុងបំណងផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយ បន្ថែមពីលើការផ្សាយតាមគេហទំព័រ និងការផ្សាយជាសម្លេង ។

ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន AKP និងវិទ្យុជាតិកម្ពុជា លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ទូរទស្សន៍ដែលគ្រោងបង្កើតបន្ថែមនេះ​ គឺសម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងវិទ្យុជាតិកម្ពុជា ស្របពេលដែលស្ថាប័នទាំងពីរនេះមានផ្សព្វផ្សាយតែលើគេហទំព័រ និងផ្សាយជាសម្លេងតាមរលកធាតុអាកាសតែប៉ុណ្ណោះ ។

មិនត្រឹមតែបង្កើតប៉ុស្តិ៍ទូរទស្សទេ តាមលោក ខៀវ កាញរីទ្ធ គ្រោងនឹងបង្កើតកន្លែងផ្ទុកទិន្នន័យ សំខាន់ដើម្បីងាយស្រួលក្នុងការស្វែងរកឯកសារទាំងចាស់ ទាំងថ្មី ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា បច្ចុប្បន្ននេះ មានកាសែតផ្សាយជាប្រចាំ ចំនួន៥១២​អង្គភាព ព័ត៌មានព្រឹតិ្ដបត្រផ្សាយតាមអនឡាញចំនួន ៧២អង្គភាព មានស្ថានីយទូរទស្សន៍ ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាបទាំងផ្សាយផ្ទាល់ និងទាំងផ្សាយបន្តផ្ទាល់ មានចំនួនជាង២០០ និងស្ថានីយផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន៥ ។

អ្នកតាមដាន និងវិភាគនយោបាយសង្គម ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា ការបង្កើតប៉ុស្តិ៍ទូរទស្សបន្ថែមនេះ មិនជាចាំបាច់ណាស់ណាសម្រាប់សង្គមកម្ពុជាបច្ចុប្បន្ននោះទេ ។

លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការបង្កើតប៉ុស្តិ៍ទូរទស្សនេះ គឺដើម្បីបង្ហាញទៅសាធារណៈជនអំពីការបង្ហាញអំពីសេរីភាពនៃការបង្កើតប្រព័ន្ធផ្សព្វផ្សាយ ដោយមិនផ្ដោតសំខាន់ទៅលើគុណភាពផ្សព្វផ្សាយ ។

ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ភាគច្រើនហាក់ដូចជាមានទំនោរទៅរដ្ឋាភិបាល ។

អ្នកវិភាគបញ្ហាសង្គមដដែល បញ្ជាក់ថា ស្ថានភាពសារព័ត៌មានរបស់ទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយដែលមាននៅកម្ពុជា មិនខុសពីប្រទេសកុម្មុយនីស្តទេ ។

លោក ឯម សុវណ្ណារ៉ា ថា ការបង្កើតនេះច្បាស់ជាមានទំនោរនៃការផ្សព្វផ្សាយដូចតែមុន ពោលគឺផ្សព្វផ្សាយតែរឿងវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ។ លោកថា អ្នកដែលមានបំណងបង្កើតប្រព័ន្ធផ្សព្វផ្សាយដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នោះប្រហែលជាពិបាកក្នុងការស្នើសុំដើម្បីបង្កើតជាក់ជាមិនខាន ។

ពលរដ្ឋមានសិទ្ធិក្នុងការទទួលដឹងនូវព័ត៌មានពិត ហើយសិទ្ធិនេះមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

រយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្ថាប័នព័ត៌មានមួយចំនួនត្រូវបានផ្អាកសកម្មភាព ដោយបិទការិយាល័យជាដើម  ជាក់ស្ដែង កាសែត The Cambodia Daily វិទ្យុអាស៊ីសេរី ។

យ៉ាងណា ចុងឆ្នាំ ២០១៨ រដ្ឋាភិបាលកម្ពុជា បានប្រកាសដោយសា្វគមន៍ស្ថាប័នទាំងនេះ មានវត្តមាន និងអាចធ្វើសកម្មភាពឡើងវិញ ដោយកាសែត The Cambodia Daily ត្រូវបង់ពន្ធជូនរដ្ឋជាដើម ។ មន្ត្រីរដ្ឋាភិបាលចាត់ទុកថា ការរើការិយាល័យនៃស្ថាប័នទាំងនេះ គឺដោយសារការស្ម័គ្រចិត្ត គ្មានកម្លាំង ឬសម្ពាធអ្វីឡើយ ​៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image