en     km
en     km

តើអ្នកវិភាគ និងអ្នកបង្កើតច្បាប់មានបំណងប្រាថ្នាអ្វីខ្លះសម្រាប់នយោបាយកម្ពុជានៅឆ្នាំថ្មីនេះ?

Share

ភ្នំពេញ៖ ឆ្នាំថ្មីឆ្នាំ២០១៩ ចូលមកដល់ហើយ នៅឡើយតែបញ្ហានយោបាយចាស់ៗនៅមិនទាន់ដោះស្រាយ។ មុនឆ្នាំថ្មីចូលមកដល់ភា្លម និងក្រោយនេះបន្តិច គេសង្កេតឃើញថា មានអ្នកនយោបាយជាច្រើនបង្ហាញបំណងប្រាថ្នាចង់ឃើញកម្ពុជាមានស្ថានភាពនយោបាយទៅតាមគោលគំនិតរបស់ពួកគេ ។ ក្នុងនោះ អ្នកវិភាគ និងតាមដានបញ្ហានយោបាយ និងសង្គម បង្ហាញនូវបំណងប្រាថ្នារបស់ខ្លួនផងដែរសម្រាប់បុព្វហេតុនៃប្រជាជាតិកម្ពុជាមួយនេះ។ តើបំណងប្រាថ្នានោះជាអ្វី?

តទៅនេះលោក សោម លាភ ជូនសេចក្ដីរាយការណ៍​

សម្ដេច ហ៊ុន សែន មេដឹកនាំបក្សកាន់អំណាចបានសរសេរលើទំព័រហ្វេសបុក ជូនពរជនរួមជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជួបតែ​សេចក្តីសុខ សុ​ភ​​មង្គល ក្នុងក្រុមគ្រួសារ និងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃចូលឆ្នាំ​សកលថ្មី​២០១៩​ នេះ​តទៅ ។ សម្ដេចបន្តថា កម្ពុជាមានសន្តិភាពពេញលេញហើយ។

ចំណែករដ្ឋសភាជាតិកម្ពុជា ក៏បានប្ដេជ្ញាចិត្តផងដែរ តាមរយៈសារលិខិតជូនពរដែលចុះហត្ថលេខាដោយសម្ដេច ហេង សំរិន។ សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភាជាតិបានសរសេរថា ឆ្នាំថ្មី ឆ្នាំ២០១៩នេះ រដ្ឋសភានឹងការពាររបបរាជានិយម ការពារជាតិ សាសនា ព្រះមហាក្សត្រ និងខិតខំដើម្បីជោគជ័យថ្មីសម្រាប់កម្ពុជា។

ចំណែកលោក កឹម​ សុខា អ្នកនយោបាយអតីតបក្សប្រឆាំងដែលបាត់បង់សិទ្ធិដើរហើរដោយសេរី ក៏បានសម្តែងមតិតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកចង់ឃើញកម្ពុជាមិនមានអ្នកធ្វើនយោបាយអគុណធម៌ ពោលគឺវៀចាកនូវជម្ងឺពីរយ៉ាង ទីមួយទី១  ការគាបសង្កត់ជិះជាន់ គម្រាមកំហែង ពិសេសប្រើអំពើហិង្សា។ ចំណែកទី២ គឺការស្អប់ ឈ្នានីស តាមរូបភាពលាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះ។

រីឯលោក សម រង្ស៊ី ដែលបច្ចុប្បន្នត្រូវបានតែងតាំងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានសន្យាថា នឹងវិលចូលកម្ពុជាវិញ ហើយអំពាវនាវឱ្យមន្ត្រី ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបញ្ឈប់ការលាបពណ៌គ្នា ដើម្បីឱ្យគណបក្សនេះអាចរស់ឡើងវិញ ។

ដោយឡែក លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ចង់ឃើញកម្ពុជាមានអ្នកធ្វើនយោបាយដោយមិនចងគំនុំនឹងគ្នា ។

លោកបណ្ឌិត មាស នី បញ្ជាក់ថា កម្ពុជាល្មមបញ្ចប់ទំនាស់ផ្ទៃក្នុងហើយ ព្រោះទំនាស់នេះនឹងនាំឱ្យកម្ពុជាវិនាសអន្តរាយ។

ជុំវិញការវិវត្តន៍ស្ថានភាពនយោបាយនៅកម្ពុជាសម្រាប់ឆ្នាំ២០១៩នេះកញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេងមួយរូប ចង់ឃើញកម្ពុជាមានការចរចានយោបាយថ្មីសម្រាប់ប្រយោជន៍កម្ពុជាផងដែរ ។

ស្រ្តីអ្នកវិភាគវ័យក្មេងរូបនេះបន្ថែមថា មានតែរាជរដ្ឋាភិបាល និងគណបក្សប្រឆាំងនោះទេ ជាតួអង្គសំខាន់ក្នុងការដោះស្រាយបញ្ហាជាតិ។ 

ស្ថាប័នរដ្ឋសភា ស្ថាប័នរាជរដ្ឋាភិបាល និងមន្ត្រីគណបក្សកាន់អំណាច សុទ្ធតែវាយតម្លៃខ្ពស់ថា កម្ពុជាជារដ្ឋឯករាជ្យ មានប្រជាធិបតេយ្យពេញលេញ សេរីភាព និងសិទ្ធិមនុស្ស ដែលករណីនេះខុសពីការមើលឃើញរបស់ក្រុមបក្សប្រឆាំង និងអន្តរជាតិដែលជាប្រទេសសេរី និងប្រជាធិបតេយ្យធំៗ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image