en     km
en     km

លោក សុខ ឥសាន្ត៖ អូស្រ្តាលីគួរឈឺក្បាលរឿងប្រទេសខ្លួនឯងជាជាងលូកលាន់កម្ពុជា

Share

ក្រុងភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានប្រតិកម្មយ៉ាងខ្លាំងៗ ថា អូស្រ្តាលីពុំគួរលូកលាន់កម្ពុជា ហើយគួរយករឿងខ្លួនឯងទៅពិចារណាជាជាងលូកលាន់ប្រទេសដទៃ។ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានធ្វើឡើងនៅប្រទេសសិង្ហបុរី នៅដើមសប្ដាហ៍នេះ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop បានលើកឡើងរបស់ថា រដ្ឋាភិបាលខ្លួនមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតនៅកម្ពុជា ដោយគម្រាមកម្ពុជាថា នឹងពិភាក្សាជាមួយសហរដ្ឋអាមេរិក ចាត់វិធានការប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ ​

នៅក្នុងបទសម្ភាសរវាង​ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និង អ្នកសារព័ត៌មាននៃបណ្តាញផ្សាយព័ត៌មានអូស្រ្តាលី ABC លោកស្រី Julie Bishop លើកឡើងថា រដ្ឋាភិបាលអូស្រ្តាលីបានបង្ហាញជំហរមិនគាំទ្រ អំពីដំណើរការ និង លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាថា គ្មានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌។

លោកស្រី Julie Bishop បានគម្រាមថារដ្ឋាភិបាលរបស់លោកស្រីនឹងជជែកជាមួយសម្ព័ន្ធមិត្ត ដែលមានអាមេរិក ដើម្បីរកវិធានការ ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។

លោកស្រី Julie Bishop បានលើកឡើងថា៖ «រដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការបោះឆ្នោតនេះ មិនមានភាពបើកចំហរ មិនសេរី ដោយផ្អែកលើហេតុផលថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការបង្ក្រាបគណបក្សប្រឆាំង បិទប្រព័ន្ធផ្សព្វផ្សាយ និង សង្គមស៊ីវិលជាដើម។ ហើយ រដ្ឋាភិបាលអូស្រ្តាលីនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្ត ដូចជា សហរដ្ឋអាមេរិក អំពីជម្រើសជាច្រើន ដើម្បីចាត់វិធានការប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា» »

ឆ្លើយតបនឹងការគូសបញ្ជាក់របស់លោកស្រីរដ្ឋមន្រ្តីរូបនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជាបានធ្វើការច្រានចោល និង ប្រតិកម្មធ្ងន់ៗ។  

លោក បាន ហៅ រដ្ឋាភិបាលអូស្រ្តាលី និង ប្រទេសដែលជាសម្ព័ន្ធមិត្តថា ជាម្ចាស់អាយ៉ងរបស់បក្សប្រឆាំង។ លោក វាយបកវិញថា អូស្រា្តលីពុំគួរឈឺក្បាលរឿងកម្ពុជាទេ តែអូស្រ្តាលីគួរពិនិត្យថា ប្រទេសរបស់ខ្លួនមានបញ្ហាអ្វីខ្លះគួរដោះស្រាយប្រទេសខ្លួនឯង។

លោក សុខ ឥសាន្ត៖ «ខ្ញុំយល់ថាគាត់អត់មានចាត់ប្រតិភូ ឬ ក្រុមការងារគាត់ឲ្យមកអង្កេតការនៅកម្ពុជាទេ ដូច្នេះ ការវាយតម្លៃរបស់គាត់វាមិនស្របតាមការពិតជាក់ស្តែងនៅកម្ពុជាទេ ហើយគាត់អីក៏ឈឺក្បាលម្លេះ នឹងរឿងកម្ពុជាដែលកម្ពុជាមិនដែលលូកលាន់អីផ្ទៃក្នុងប្រទេសអូស្រ្តាលីផង! ហើយវាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលប្រទេសក្នុងតំបន់មិនមានសិទ្ធិក្នុងការលូកលាន់រឿងផ្ទៃក្នុងគេ ហើយខ្ញុំគិតថា អូស្រ្តលីគួរមើលខ្លួនឯងសិន ហើយការដែលជជែកវែកញែករឿងកម្ពុជាជាមួយសម្ព័ន្ធមិត្តវា ហ្នឹង! គឺគ្រាន់តែចង់ការពារអាយ៉ងរបស់វាដែលចង់ផ្តួលរំលំរដ្ឋាភិបាលមិនបានសម្រេច។ »

គូសបញ្ជាក់ថា បន្ទាប់ពីដំណើរការបោះឆ្នោតបានបិទបញ្ចប់ទៅ លទ្ធផលបឋម បានបង្ហាញថា គណបក្សកាន់អំណាច ដណ្តើមកៅអីរដ្ឋសភាទាំងអស់ ។លទ្ធផលការបោះឆ្នោតនេះ ត្រូវប្រទេសជាច្រើន ក្នុងនោះមាន សហរដ្ឋអាមេរិក ប្រទេសបារាំង ប្រទេសអូស្រ្តាលី ប្រទេសជាសមាជិក សហភាពអឺរ៉ុប មិនទទួលស្គាល់ ដោយចាត់ការបោះឆ្នោតនេះ គឺខុសច្បាប់ គឺបន្ទាប់ពី តុលាការកំពូលកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ ។

តែយ៉ាងនេះក្ដី សម្ដេចហ៊ុនសែន ប្រកាសថា សម្ដេចមិនខ្វល់ឡើយ ចំពោប្រទេសមួយចំនួនដែលមិន ទទួលស្គាល់ ការបោះឆ្នោត របស់ប្រទេសកម្ពុជា។ សម្ដេចថានឹងថ្លែងសុន្ទរកថា នៅអង្គការសហប្រជាជាតិ នៅពេលអង្គការនេះ ប្រជុំគ្នានៅពាក់កណ្ដាល់ខែកញ្ញានេះ។ សម្ដេចថានេះជាផ្នែកមួយ ដែលកម្ពុជាបន្តមានវត្តមានលើឆាកអន្តរជាតិ៕

Share

Image
Image
Image