loader

ចំការបន្លែផ្លាស់ប្ដូរជីវិតស្ត្រីកសិករក្នុងមូលដ្ឋាន

ការដាំបន្លែជាមុខរបរសំខាន់មួយទៀត បន្ទាប់ពីដំណាំស្រូវដែលកសិករនៅតំបន់មួយចំនួនក្នុងបណ្ដាខេត្តប្រទេសកម្ពុជា កំពុងតែពេញ និយមធ្វើការដាំដុះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួ សារ។ប្រាក់ចំណូលពីការដាំដំណាំបន្លែទាំងនោះ បានរួមចំណែកធ្វើឱ្យមានការផ្លាស់ប្ដូរវិជ្ជមានដល់ស្ថានភាពរស់នៅរបស់ប្រជាពល រដ្ឋកម្ពុជា ជាពិសេសស្ត្រីកសិករនៅតាមសហគមន៍ដាំដំណាំ។

អ្នកស្រី ជ័យ កាន់ និងស្វាមី លោកក្លា សុវណ្ណី ជាសមាជិករបស់សហគមន៍តាសីសាមគ្គីដាំបន្លែ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ក្រោយការចូលរួមយ៉ាងសកម្មក្នុងសហគមន៍ដាំបន្លែ ដែលបានផ្ដល់ជាចំណេះដឹងសំខាន់ៗ ដូចជា បច្ចេកទេសដាំដុះ ការធ្វើផែនការដាំដំណាំ និង ទីផ្សារលក់ផលិតផល ហើយបន្ទាប់ពីរអនុវត្តជិតមួយឆ្នំាកន្លងមក ធ្វើឱ្យជីវភាពគ្រួសាររបស់គាត់បានល្អប្រសើរឡើង ។

អ្នកស្រីរៀបរាប់ថា៖ «ពីមុនដែលដាំបន្លែហ្នឹង ដាំតាមផ្ទះវារាត់រាយតាមនឹកឃើញ តាមចាស់បូរាណបង្គាប់ម៉េចយើងធ្វើចឹង។ដល់ចឹងបន្លែដែលយើងដាំហ្នឹងជួនកាលល្អជួនកាលមិនល្អ សល់កាប់ចោល តែដល់ក្រោយមកគេបង្កើតជាសហគមន៍ គេពូតផ្ដុំមកគេពន្យល់ អង្គការខ្លះ រដ្ឋាភិបាលខ្លះធ្វើឱ្យយើងយល់ថាមានប្រយោជន៍ ដល់យល់ថាមានប្រយោជន៍ខ្ញុំក៍ចូលរួមជាមួយគេ។ ពេលលក់បន្លែមានតម្លៃសមរម្យ ហើយតម្លៃដែលសហគមន៍គេទិញប្រមូលយកទៅ វាមិនខុសពីឈ្មួញ។»

ក្រោយពេលចូលសហគមន៍ ខ្ញុំមានរម្មណ៍សប្បាយចិត្ត រីករាយ ដាំបន្លែទៅមិនភ័យខ្លាចសល់។សហគមន៍ទិញយកអស់ៗធ្វើឱ្យខ្ញុំបាន ធូរធាជាងមុន។

លោកជ័យ វណ្ណី បានបញ្ចាក់ទៀតថា បា្រក់ ចំណូលពីការដាំបន្លែនេះ ក្រៅពីចំណាយលើការប្រើប្រាស់ផ្សេងៗសម្រាប់គ្រួសារ គឺនៅសល់មួយចំនួនធំយកទៅផ្គត់ផ្គង់ឱ្យកូនរៀន។

លោកថា៖ «យើងខ្ញុំធ្វើចំការនេះ គោលបំណងខ្ញុំផ្គត់ផ្គង់ឱ្យកូនរៀន ព្រោះខ្ញុំរៀនបានតិចតួច ។ ប៉ុន្តែខ្ញុំស្រឡាញ់អ្នកចេះ ដូច្នេះខ្ញុំផ្គត់ផ្គង់ឱ្យកូនខ្ញុំរៀន ចេះតែរៀនទៅ បើចំណង់ចំណូលចិត្តស្រឡាញ់មុខវិជ្ជាខាងណាឱ្យរៀនខាងហ្នឹងទៅ។»

មិនចំពោះតែគ្រួសារអ្នកស្រីជ័យ កាន់ និងលោកក្លា វណ្ណីទេ កម្រិតជីវភាពរបស់កសិករ ជាសមាជិកស្ត្រីមួយចំនួនទៀតក្នុងសហគមន៍ តាសីសាមគ្គី កាន់តែធូរធាឡើងតាមរយៈការដាំបន្លែ និងការរកប្រាក់កម្រៃពីការចូលរួមប្រមូលផលដំណាំនៅតាមចំការ ។

អ្នកស្រីថា៖ «ខ្ញុំមកកាត់ក្នុងម៉ាថ្ងៃបានតែ៥ថង់អីទេ។មួយថ្ងៃរកបាន១ម៉ឺន ឬ១ម៉ឺនប្រាំពាន់រៀលអំចឹងក្នុងម៉ាថ្ងៃ។ខ្ញុំយកទៅឱ្យកូនរៀន ទិញម្ហូបដោះស្រាយជីវភាពចឹងទៅ។»

សហគមន៍តាសីសាមគ្គីនៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង គឺមានសមាជិកចំនួន៧៥នាក់ ស្រី៣០នាក់ និងប្រុស៣៥នាក់។ សហគមន៍តាសីសាមគ្គីបង្កើតឡើងក្នុងគោលបំណងសម្រាប់ទិញបន្លែ ហើយឱ្យកសិករមានកាងារធ្វើក្នងសហគមន៍។

លោក លើកឡើងថា ៖ «រីកចំរើនធំបំផុត គឺគាត់មិនចំណាកស្រុក ហើយគាត់មានការងារធ្វើ។ មិនហត់ដូចពីមុន ដូចថាស្រីៗគាត់អង្គុយរៀបបន្លែព្រលប់ៗយប់ចឹងទៅ ប្រុសៗគាត់លើកដាក់ឡានចឹងទៅ ផ្ញើរទៅភ្នំពេញ។ធៀបទៅគាត់ធូរស្រាលជាងមុន។ ពីមុនគាត់អត់សល់ទេ ដល់ឥឡូវគាត់សល់។ កូនចៅពួកគាត់បានរៀនសូត្រ។ពីមុនកូនចៅគាត់រៀនត្រឹមថ្នាក់ទី៩ ទី១០គាត់ឈប់រៀនច្រើន។ឥឡូវគាត់រៀនដល់ថ្នាក់វិទ្យាល័យ មហាវិទ្យាល័យ។ »

លទ្ធផលគួរឱ្យកត់សម្គាល់នេះ អាស្រ័យមានការចងក្រងជាក្រុមដាំបន្លែ ផែនការដាំដុះ និងយុទ្ធសាស្រ្តទីផ្សារកសិផលរបស់សហគមន៍។ ការប្រឹងប្រែងរបស់សហគមន៍ តាសីសាមគ្គី  គឺជម្រុញទិន្នផលដំណាំឱ្យកើនឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពកសិករក្នុងសហគមន៍  និងធ្វើឱ្យស្ថានភាពរស់នៅរបស់ស្ត្រីនៅជនបទកាន់តែល្អប្រសើរឡើង។

ប៉ុន្តែសម្រាប់កសិករកម្ពុជាដែលមានប្រមាណ៨០% ក្នុងទូទាំងប្រទេស ជាពិសេសស្ត្រីកសិករនៅតំបន់មួយចំនួន មិនទទួលបានឱកាសនេះនៅឡើយ។ ពួកគេនៅជួបប្រទះការលំបាកលើបញ្ហាទឹកធ្វើកសិកម្ម បច្ចេកទេសដាំដុះ  ពូជដំណាំ និងទីផ្សារកសិផលជាដើម ។ កត្តានេះ ធ្វើឱ្យពួកគេរស់នៅក្នុងជីវភាពខ្វះខាត និង ក្រីក្រ ដែលស្ត្រី និងកុមារនៅទីជន បទជាជនងាយរងគ្រោះបំផុត។

លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើកឡើងអំពីយុទ្ធសាស្ត្រដែលជួយជម្រុញវិស័យកសិកម្មកម្ពុជា ពិសេសជួយកសិករស្ត្រី កម្ពុជាឱ្យរីកចម្រើនឡើង កាត់បន្ថយភាពក្រីក្ររបស់គ្រួសារកសិករ ពិសេសស្ត្រី និងកុមារនៅជនបទ។

លោកបានមានប្រសាសន៍ថា៖ «ចំពោះគោលនយោបាយរបស់ក្រសួងកសិកម្ម គឺយើងធ្វើការផ្តោតទៅលើគាំពារស្រ្តី និង កុមារ ជាពិសេស នៅក្នុងវិស័យកសិកម្ម ដោយធ្វើការគាំទ្រដល់ស្រ្តីនិងកុមារ ដោយឥឡូវយើងកំពុងធ្វើនូវផែនការសកម្មភាព ច្រើនដែលពាក់ពន្ធនឹងស្រ្តី ដែលមាននៅក្នុងផែនការអនុវត្ត និង អភិវឌ្ឍរបស់ក្រសួង។ »

ឆ្លើយតបនឹងស្ថានភាពខាងលើ បណ្ដាអង្គការ សហគមន៍ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី មានការប្រឹងប្រែងខ្លាំងបង្កើតនូវសកម្មភាពជាច្រើន ជម្រុញការដាំដំណាំបន្លែដែលជាមុខរបរមួយបង្កើនសេដ្ឋកិច្ចបន្ទាប់ពីដំណាំស្រូវ។ អង្គការសេដាក់ ជាអង្គការជំនាញមួយខាងកសិកម្ម ក្នុងបណ្ដាឆ្នាំមកនេះ បានប្រឹងប្រែងខ្លាំងក្នុងការជម្រុញវិស័យកសិកម្មកម្ពុជាឱ្យឈានឡើងសំដៅផ្គត់ផ្គង់ឱ្យបានជាអតិបរមារនូវកសិផលបន្លែបង្កានៅទូទាំងប្រទេស ដើម្បីកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់កសិករកម្ពុជានៅទីជនបទ។

លោកស្រី តុង ចាន់ធាង នាយិការប្រតិបត្តនៃអង្គការសេដាក បានគូសបញ្ជាក់ថា៖«សព្វថ្ងៃអង្គការសេដាកបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ស្រ្តីនិងកុមារនៅក្នុងវិស័យកសិកម្ម ដោយបង្ហាត់បង្រៀននូវបច្ចេកទេស និង ពេលខ្លះ យើងផ្តល់ជាគំនិត ហើយរកទីផ្សារសម្រាប់ពួកគាត់ផងដែរ ព្រោះថាកសិកម្មរបស់ពួកគាត់គឺជាកសិកម្មបែបធម្មជាតិ ឬ គេហៅថា Organic ហើយយើងមានដៃគូធ្វើការជាមួយច្រើន ចាស៎!»

ប៉ុន្តែជាមួយបទពិសាធចងក្រងជាសហគមន៍កសិកម្មតូចៗ ដោយមានកិច្ចសហការផ្ដល់ជំនួយបច្ចេកទេសកសិកម្ម ចំណេះដឹងទីផ្សារ និង ឥណទានប្រាក់កម្ចីដល់កសិករ ពិសេសការគាំទ្រដល់ស្ត្រីកសិករនៅទីជនបទ កំពុង ជាកម្មវិធីមួយទទួលជោគជ័យនៅតាមបណ្ដាសហគមន៍៕

សូមទស្សនាវីដេអូខាងក្រោម៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគក្នុងទឹកកង្វក់តាមរយៈវារីជាតិ

បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាច[...]

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​[...]

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត