en     km
en     km

លោកសមរង្សីថាយុត្តិធម៌មិនមានតែត្រឹមលោកនួនជានិងលោកខៀវសំផនគឺមានអតីតកម្មាភិបាលខ្មែរក្រហមច្រើនទៀត

Share

ក្រុងភ្នំពេញ៖ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្សី បានធ្វើបទអន្តរាគមន៍នៅព្រឹទ្ធសភា ប្រទេស​បារាំងកាលពីសប្ដាហ៍មុនស្តីពីការកាត់ទោសមេដឹកនាំខ្មែរក្រហម។ក្នុងបទអន្តរាគមន៍នោះ លោកសមរង្ស៊ីចោទថាការកាត់ក្ដីប្រឆាំងលោកនួនជា និងលោកខៀវសំផង ត្រឹមតែអតីតមេដឹកនាំ ខ្មែរក្រហមពីររូបនេះ គឺមិនគ្រប់គ្រាន់បើនិយាយពីយុត្តិធម៌សម្រាប់ជនរងគ្រោះ។  លោកថានៅមាន អតីតកម្មាភិបាលខ្មែរក្រហម គឺ សម្តេច ហ៊ុន សែន និង សម្តេច ហេង សំរិន ពីររូបទៀត។ តែបែបមន្ត្រីបក្សកាន់អំណាចបានហៅលោកសមរង្ស៊ីថា មិនយល់ពីច្បាប់របស់សាលាក្ដីខ្មែរក្រហម។

លោក សេរី វឌ្ឍនៈ រាយការណ៍៖

លោកថា ការពិតនៅមានអតីតកម្មាភិបាលខ្មែរក្រហមជាច្រើន នៅរស់រៀនមានជីវិត ដែលត្រូវបើកការស៊ើបអង្កេតនិងចោទប្រកាន់។

លោក សមរង្សី បានបកស្រាយលើទំព័រហ្វេសបុករបស់លោក ដោយបញ្ជាក់ថា តុលាការមិនបានធ្វើការស៊ើបអង្កេត ចំពោះអតីតកម្មាភិបាលខ្មែរក្រហម ក្នុងនោះ មាន សម្តេច ហ៊ុន សែន និង សម្តេច ហេង សំរិន ដែលលោកថា បានបម្រើរបបប៉ុល ពត យ៉ាងសកម្មចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ និង ១៩៧៨។

យ៉ាងណាអ្នកនាំពាក្យ​រដ្ឋសភាជាតិ​កម្ពុជា លោក ឡេង ប៉េងឡុង ដែលសម្ដេចហេងសំរិនជាប្រធានរដ្ឋសភា បានហៅលោក សម រង្សី ថាជាមនុស្សអាក្រក់ គ្មានប្រយោជន៍ដល់សង្គមជាតិ។លោកថា ខណៈពេលដែលកម្ពុជាកំពុងស្ថិតនៅក្រោមរបប ប៉ុល ពល គឺគ្មានវត្តមានលោក សម រង្សី នោះទេ។

លោកថា ការលើកឡើងនេះ គឺជារឿងដែលគ្មានបានការ ព្រោះលោក សម រង្សី មានតែគំនិតអាក្រក់ ធ្វើយ៉ាងណាឲ្យកម្ពុជាគ្មានសន្តិភាព។

សំឡេង លោក ឡេង ប៉េងឡុង៖ «អាហ្នឹងជាគំនិតអាក្រក់របស់លោក សម រង្សី ថាប្រទេសកម្ពុជាមានរបបខ្មែរក្រហមធ្វើឲ្យប្រទេសកម្ពុជាហ្នឹងគឺថាវា ឈឺចាប់ខ្លោចផ្សារហឹនហោច ហើយសួរថា ពេលដែលកម្ពុជាមានខ្មែរក្រហមហ្នឹងសម រង្សី នៅឯណា! ទី ២ គេកាត់ទោសតាមរយៈច្បាប់កាត់ទោសតែមេដឹកនាំធំៗ ជាមួយនឹងអ.ស.ប អញ្ជឹង គឺថា សម រង្សី នេះ មនុស្សក្រឡុកស្រុកខ្មែរ គឺថាមិនចង់ឲ្យខ្មែរ មានសន្តិភាព ស្ថេរភាព ទេបាទ!»។

យ៉ាងណាក៏ដោយ លោក គង់ សំអុន មេធាវីការពារក្តីលោក ខៀវ សំផន បានផ្តល់បទសម្ភាសជាមួយវិទ្យុស្រ្តីថា ការលើកឡើងរបស់លោក សម រង្សី គឺជាសិទ្ធិរបស់អតីតមេបក្សប្រឆាំងរូបនេះក្នុងការបញ្ចេញមតិជាសាធារណៈ។

លោកថា ការកាត់ក្តីរបស់តុលាការខ្មែរក្រហមគឺជាការគោរពទៅតាមច្បាប់ដែលមានចែង។ លោកបន្តថា ការចែងច្បាប់នៅក្នុងនោះ គឺកាត់ក្តីតែចំពោះមេដឹកនាំខ្ពស់បំផុត និង អ្នកទទួលខុសត្រូវខ្ពស់បំផុត ហើយសម្រាប់តែជនជាតិខ្មែរ ដែលលោកថា ចំនុចនេះ ច្បាប់ហាក់ដូចបង្ហាញពីភាពរើសអើង និង លំអៀង ដែលវាគឺជារឿងអយុត្តិធម៌បាត់ទៅហើយ។

សំឡេង លោក គង់ សំអុន៖ ហើយលក្ខខណ្ឌផ្សេងទៀតហ្នឹង គឺវាទាក់ទងតែជនជាតិខ្មែរ អានេះ ជាបញ្ហាមួយដែលបង្ហាញពីភាពរើសអើងរបស់តុលាការនេះ ដែរ ព្រោះថាតុលាការនេះ មិនអាចដណ្តប់ទៅលើ ជនបរទេសបានទេ អញ្ជឹងយើងឃើញចំនុចនេះវាអយុត្តិធម៌មួយបាត់ទៅហើយ។

ក្នុងបទសម្ភាសជាមួយវិទ្យុក្នុងស្រុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានហៅការលើកឡើងរបស់លោក សម រង្សីពេលនេះ ថាជាជនឧទ្ទាម ដែលមិនចេះច្បាប់ ដោយមានបំណងទិទៀនដល់ថ្នាក់ដឹកនាំប្រទេសប៉ុណ្ណោះ។

លោកថា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជាតិ គឺកាត់ទោសតែមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហមតែប៉ុណ្ណោះ។

សាលាក្តីខ្មែរក្រហមបានសម្រេចផ្តន្ទាទោសអនុលេខាបក្សកម្មុយនីស្ត លោក នួន ជា និង លោក ខៀវ សំផន ដែលជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង ០០២ វគ្គ ២ហើយ​កាលក្នុងសំណុំរឿង ០០២វគ្គ២ អតីតមេដឹកនាំខ្មែរក្រហមទាំងពីររូបនេះ ក៏ត្រូវបានផ្តន្ទាទោស អស់មួយជីវិត។ សរុបទៅទោសរបស់មេដឹកនាំរបបអាវខ្មៅទាំងពីររូបនេះមានទោសពីរជីវិត។

របបកម្ពុជា ប្រជាធិបតេយ្យ ដែលឡើងកាន់អំណាចនៅថ្ងៃទី១៧មេសា១៩៧៥ដល់៧មករា ១៩៧៩ បានសម្លាប់ពលរដ្ឋខ្មែរជាង២លាននាក់ ។ អតីតរបបនេះ អនុវត្តរបបចិនម៉ៅសេងទុង ដោយទទួលបាយរួមគ្នា សហករតែមួយ វណ្ណៈតែមួយគឺវណ្ណៈកសិករ ជនណាមាននិន្នាការប្រឆាំងគឺជាអ្នកទោស អង្គការ ឬបដិវត្តន៍ ត្រូវយកទៅលុតដំធ្វើទារុណកម្ម ៕

Share

Image
Image
Image