en     km
en     km

ការនាំចេញអង្ករកម្ពុជានៅឆមាសទី១ ធ្លាក់ចុះ ជិត ៦ ភាគរយ

Share

ក្រុងភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជាឆ្នាំនេះ គិតត្រឹមឆមាសទី១ ឃើញថាបានធ្លាក់រហូតជិត ៦ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលអ្នកជំនាញថា ក្រសួងកសិកម្មត្រូវខិតខំបន្ថែមទៀត ក្នុងការប្រមូលទិន្នផល ព្រោះជាកត្តាជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការនាំចេញអង្ករយកទៅប្រកួតប្រជែងជាមួយប្រទេសជិតខាង។

ស្តាប់ការរាយការណ៍របស់លោក សេរ ីវឌ្ឍនៈ៖ 

បើយោងតាមរបាយការណ៍សកម្មភាពរបស់ក្រសួងកសិកម្ម បានឲ្យដឹងថា ការនាំចេញស្រូវអង្ករកម្ពុជានៅក្នុងឆមាសទី ១ បានធ្លាក់ចុះ ៥,៩ ភាគរយ បើធៀបទៅនឹងរបាយការណ៍ការនាំចេញកាលពីឆ្នាំមុន។

របាយការណ៍នេះ បានបង្ហាញថា ក្នុងឆមាសទី ១ នៃ ឆ្នាំ ២០១៧ ការនាំចេញអង្ករបាន ២៧១ ៥៣៧ តោន បើធៀបទៅនឹងឆ្នាំ ២០១៧ ការនាំចេញទទួលបាន ២៨៨ ៥៦២ តោន ពោលគឺធ្លាក់ចុះ ៥,៩ភាគរយ។

អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហន បានប្រាប់អ្នកសារព័ត៌មានមួយថា សមត្ថភាពនៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិនៅមានកម្រិត ហើយការធ្លាក់ចុះនេះ គឺជាសមត្ថភាព របស់ក្រុមហ៊ុននាំចេញអង្ករក្នុងស្រុកដែលជាអ្នកដើរតួនាទីដ៏សំខាន់នៅក្នុងការនាំចេញ និង ជម្រុញឲ្យមានការនាំចេញ ទៅរកទីផ្សារប្រកួតប្រជែង នៅលើឆាកអន្តរជាតិគឺជារឿងធម្មតា។

លោក ហ៊ាន វណ្ណហន បាននិយាយថា៖ «និន្នាការនាំចេញ​ស្រូវអង្ករបានបង្ហាញពីបញ្ហាររបស់ទីផ្សារ វិស័យឯកជន ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ដើម្បីទទួលបាននូវកិច្ចព្រមព្រៀងទ្រង់ទ្រាយធំកាន់តែច្រើន ប៉ុន្តែនិន្នាការនេះ ការនាំចេញស្រូវអង្ករនឹងមិនកើនឡើងខ្លាំងនោះទេ ដែលវាខុសគ្នាពីតួរលេខនាំចេញសរុបកាលពីឆ្នាំមុន«។

 ថ្វីបើកម្ពុជាជាប្រទេសដែល ត្រូវបានសហភាពអឺរ៉ុប អនុគ្រោះពន្ធក្នុងការនាំចេញអង្ករ ដោយផ្តល់កូតាជាង ២០០ ០០០ តោន នៅឆ្នាំ ២០១៧ រួមទាំងតម្រូវការរបស់ប្រទេសចិន ដែលអាចបង្កើនល្បឿន និង សន្ទុះក្នុងការនាំចេញអង្ករ បាន ៣០០ ០០០ តោន ក្នុងមួយឆ្នាំក៏ដោយគឺ កម្ពុជានៅតែជួបបញ្ហាក្នុងការនាំចេញអង្ករ ដោយធ្លាក់ចុះនូវតម្រូវការនៅឯទីផ្សារអន្តរជាតិ។

ដូចគ្នានឹងការលើកឡើងរបស់ លោក ហ៊ាន វណ្ណហន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក នង វាសនា ក្នុងបទសម្ភាសមួយជាមួយ វិទ្យុស្រ្តី បានអោយដឹងថា ការធ្លាក់ចុះការនាំចេញនេះ គឺបណ្តាលមកពីតម្លៃអង្កររបស់កម្ពុជាមានតម្លៃថ្លៃជាង តម្លៃរបស់អង្ករប្រទេសជិតខាង។

លោកបន្តថា ប្រទេសជិតខាងកម្ពុជាបានប្រជែងទីផ្សារ ដោយធ្វើការដាក់លក់ក្នុងតម្លៃថោកជាងកម្ពុជា ទើបការនាំចេញរបស់កម្ពុជាហាក់ធ្លាក់ចុះបន្តិចនៅឆមាសទី ១នេះ។

លោក នង វាសនា៖ «គឺថាតម្លៃអង្ករបស់កម្ពុជានៅលើទីផ្សារមានតម្លៃខ្ពស់ អង្ករសរមានតម្លៃ ៩០០ ដុល្លារ មួយតោន ហើយណាមួយ ប្រទេសជិតខាងបានដាក់តម្លៃលក់ថោកជាង ទើបធ្វើឲ្យមានការប្រកួតប្រជែង ប៉ុន្តែនេះគឺជារដូវនៃការប្រមូលផលរបស់ប្រទេសជិតខាង អញ្ជឹងហើយទើបមានការកាត់តម្លៃសម្រាប់ការដាក់លក់នៅលើទីផ្សារអន្តរជាតិ ហើយធ្វើឲ្យពិបាកដល់កម្ពុជា»។

លោកបានបន្តបន្ថែមថា កត្តាដែលតម្លៃដាក់លក់របស់កម្ពុជា មានតម្លៃថ្លៃជាងប្រទេសជិតខាង ក៍ព្រោះទិនន្នផល របស់កម្ពុជារកបានតិចជាង ប្រទេសជិតខាង ។លោកថាជាក់ស្តែងកម្ពុជាក្នុងមួយឆ្នាំៗធ្វើស្រែលើ ដី ១ ហិចតា ប្រមូលផលបាន ត្រឹមតែ ៣ តោនកន្លះ ។តែប្រទេសជិតខាង រកបានច្រើនជាង ១០ តោន ដែលប្រការនេះ បណ្តាលឲ្យអតិថិជនសម្លឹងរករបស់ដែលមានតម្លៃថោកជាង។

លោក នង វាសនា៖ តែកត្តាសំខាន់ កត្តាតម្លៃគឺជារឿងចាំបាច់ដែល កម្ពុជាត្រូវតែធ្វើ តែយើងមើលលើទិន្នផល កម្ពុជាក្នុងមួយឆ្នាំ មួយហិចតា ប្រមូលទិន្នផលបាន ៣ តោន កន្លះ តែប្រទេសជិតខាង ជាឧទាហរណ៍ប្រទេសថៃ វៀតណាម គេប្រមូលបានច្រើនជាង អញ្ជឹងហើយ ត្រូវចាំថា មិនមែនមានតែកម្ពុជាទេ ដែលផលិតអង្ករ។

កត្តានេះ លោកថា ក្រសួងនិងអាជ្ញាធរដែលធ្វើការពាក់ព័ន្ធ គួរធ្វើការសិក្សា បន្តទៀតដោយត្រូវ ជម្រុញឲ្យកម្ពុជាបង្កើនទិន្នផលឲ្យបានច្រើន ដើម្បីធ្វើការប្រកួតប្រជែងអង្ករនៅលើឆាកអន្តរជាតិ។

លោក នង វាសនា បន្តថា៖«​តួនាទីរបស់ក្រសួង រួមទាំងអាជ្ញាធរពាក់ព័ន្ធ ខ្ញុំជឿថាគាត់បានធ្វើការងារច្រើនហើយ ប៉ុន្តែយើងត្រូវការពេលវេលា ហើយធ្វើយ៉ាងណាពង្រឹងសំទុះឲ្យមានការប្រមូលផលខ្ពស់ ផលិតឲ្យបានច្រើន មានគុណភាពខ្ពស់ក្នុងមួយឆ្នាំ ដែលនេះគឺជាអាទភាពខ្ពស់ដែលកម្ពុជាគួរធ្វើ»។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា នៅក្នុងរយៈពេល ៥ ខែ​ នៃការនាំចេញអង្កររបស់កម្ពុជា ​គឺប្រទេសចិន ឈរក្នុងលំដាប់លេខរៀងទី ១ ដែលបញ្ជាទិញពីកម្ពុជា មានប្រមាណ ៦ ១៥៧៨ តោន ប្រទេសបារាំងឈរក្នុងលំដាប់លេខ ២ មានប្រមាណ ៣ ៣០៧៧ តោន និង ប្រទេសម៉ាឡេស៊ីឈរក្នុងលំដាប់លេខ ៣ គឺ ១ ៧១២០ តោន៕

Share

Image
Image
Image