en     km
en     km

រដ្ឋនឹងទម្លាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករ

Share

ក្រុងភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទំលាក់ប្រាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ ដែលកត្តានេះ ប្រជាកសិករនឹងមិនចាំបាច់មានក្តីកង្វល់ឬបារម្ភពីតម្លៃស្រូវឡើយ។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បានប្រាប់អ្នកសារព័ត៌មានថា នារដូវប្រមូលស្រូវខាងមុខនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំង ដោយសម្រេចទំលាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសិក្ខាសិលាស្តីពី«កិច្ចពិភាក្សា និងពិគ្រោះយោបល់អំពីទីផ្សារ រវាងសហគមន៍កសិកម្ម និង ដៃគូរពាណិជ្ជកម្ម» រៀបចំឡើងនៅសាលាខេត្តកំពង់ធំនៅថ្ងៃទី១៣កក្កដា។

លោកបានបន្តថា រដ្ឋាភិបាល បានខិតខំដោះស្រាយដោយធ្វើការទប់ស្កាត់នូវបញ្ហាធ្លាក់ចុះ នៃតម្លៃស្រូវក្រោមទីផ្សារ តាមរយៈ យន្តការនៃការផ្តល់ឥណទានពិសេស ដែលផ្តល់ជូនតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដោយក្នុងនោះការទំលាក់កញ្ចប់ថវិការឥណទានពិសេស ដើម្បីសាងសង់ឃ្លាំងស្តុកស្រូវ និង ឡ​ ម៉ាស៊ីនសម្ងួតស្រូវ ស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលមានសមត្ថភាពស្រូបទាញពីប្រជាកសិករ។

ការទំលាក់កញ្ចប់ថវិកាឥណទានពិសេសនេះ គឺសម្រាប់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញ ក្នុងការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតម្លៃទីផ្សារ ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ ដើរតួរជាប្រតិបត្តិករ ក្នុងការអនុវត្តឥណទានពិសេសនេះ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឥណទាន ជាទុនបង្វិលប្រមាណ ៥០ លានដុល្លារអាមេរិក ដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃ និង នាំចេញអង្ករ និង មជ្ឈមណ្ឌល ឬ អ្នកប្រមូលទិញស្រូវ សម្រាប់ការប្រមូលទិញស្រូវនារដូវប្រមូលផល។

តាមរយៈយន្តការនេះ អត្រាការប្រាក់ត្រូវបានសិក្សា និងទំលាក់ទៅតាមស្ថានភាពទីផ្សារ និងលើកទឹកចិត្ត ដល់ការចងក្រងពង្រីកសហគមន៍ តាមរយៈខ្សែសង្វាក់ផលិតកម្ម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ​២០១៨ កម្ពុជាបានដាក់ឲ្យប្រើប្រាស់នូវឡ សម្ងួត និង ឃ្លាំងស្តុកស្រូវ រាប់សិបតោន ក្នុងគោលបំណងប្រមូលទិញស្រូវពីកសិករ និង រកទីផ្សារផងដែរ។ តែយ៉ាងណា បើតាមរបាយការណ៍របស់សកម្មភាពរបស់ក្រសួងកសិកម្ម បានបង្ហាញថា ការនាំចេញស្រូវអង្ករនាឆមាសទី ១ ធ្លាក់ចុះប្រមាណ ៦ ភាគរយ ដែលកត្តានេះ គឺបណ្តាលមកពី ការដាក់តម្លៃស្រូវលក់នៅបរទេសថ្លៃជាងផលិតផលប្រទេសដទៃ។ អ្នកជំនាញថា កម្ពុជាគួរតែធ្វើការប្រមូល និង ផលិតឲ្យ​បានច្រើន ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនៅលើឆាកអន្តរជាតិ៕

Share

Image
Image
Image