loader

សម្ព័ន្ធអង្គការរកឃើញថាការផ្សព្វផ្សាយផលិតផលជំនួយទឹកដោះម្តាយខ្លះបំពានច្បាប់

សៀមរាប៖ ការស្រា​វជ្រាវរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហាររូបត្ថម្ភកម្ពុជារកឃើញថា មានក្រុមហ៊ុនមួយចំនួននៅតែបន្តការផ្សព្វផ្សាយលក់ផលិតផលម្ស៉ៅទឹកដោះគោជំនួសទឹកដោះម្តាយដោយបំពានលើអនុក្រឹត្យ១៣៣។ ការរកឃើញនេះត្រូវបានបង្ហាញក្នុងពិធីប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ នៅថ្ងៃទី៣០ ខែកក្កដា នេះនៅខេត្តសៀមរាប។

សូមស្តាប់សេចក្តីរាយការណ៍ពីលោក កែវ​ សុខា៖

ថ្លែងក្នុងអង្គពិធីចំពោះមុខរដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងអ្នកពាក់ព័ន្ធលោកស្រី វីណេ កូតេស្ត(Gwyneth Cotes)នាយកប្រតិបត្តិអង្គការ ហេឡែន ខេលល័រអន្តរជាតិ មានប្រសាសន៍ថា  សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហាររូបត្ថម្ភកម្ពុជារកឃើញថា​ នៅតែមានសកម្មភាពផ្សព្វផ្សាយលក់ផលិតផលម្ស៉ៅទឹកដោះគោជំនួសទឹកដោះម្តាយបំពានលើអនុក្រឹត្យលេខ ១៣៣ ស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមកុមារ និងទារក។ ក្រុមហ៊ុនទាំងនោះ បានផ្សព្វផ្សាយបង្កើតជាការភ័ន្តច្រលំដល់សាធារណជន ដោយស្រ្តីជាម្តាយយល់ខុសថា ការបំបៅកូនដោយដោះម្តាយមិនសូវល្អដូចការបៅម្ស៉ៅទឹកគោ។

លោកស្រីបន្ថែមថា ក្រុមហ៊ុនខ្លះបានរំលោភបំពានលើស្លាកសញ្ញានៃការលក់ផលិតផលចិញ្ចឹមកុមារនិងទារក។

អនុក្រឹត្យស្តីពី ការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ មាន ៩ជំពូក និង ២២មាត្រា។ អនុក្រឹត្យនេះ បានតម្រូវឱ្យក្រុមហ៊ុនទាំងក្នុងស្រុក និងនាំចូល ត្រូវរៀបចំការផ្សព្វផ្សាយទោះបីក្នុងទម្រង់ជាអក្សរ ជាការថតសំឡេង ជារូបភាព ឬជាការដាក់ផ្លាកសញ្ញាក្តី ត្រូវដាក់បញ្ចូលសារ ពីផលប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ រយៈពេល ៦ខែចាប់ពីពេលកើត និងបន្តដល់កុមារអាយុ ២ឆ្នាំ ឬលើសពីនេះ។

យ៉ាងណាលោកស្រីថ្លែងអំណរគុណដែលកន្លងមកនេះ សមត្ថកិច្ចបានផាកពិន័យក្រុមហ៊ុនមួយចំនួនជាទឹកប្រាក់ ២លាន ៥សែនរៀល ជាការដាក់ពិន័យដែលក្រុមហ៊ុនទាំងនោះបានបំពានលើអនុក្រឹត្យ១៣៣។

ឆ្លើយតបនឹងការរកឃើញនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលលើកឡើងថា មន្រ្តីជំនាញតែងតែតាមដាន និងអនុវត្តវិធានការច្បាប់ចំពោះសហគ្រាស ឬក្រុមហ៊ុនណាដែលមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួង។ ក្នុងថ្ងៃប្រារព្ធពិធីសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ លោករដ្ឋមន្រ្តីថ្លែងអំពាវនាវដល់ម្តាយគ្រប់រូប សូមបំបៅកូនដោយទឹកដោះម្តាយឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ លោកឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយ គឺមានគុណប្រយោជន៍យ៉ាងច្រើន កាត់បន្ថយអត្រាស្លាប់របស់ទារក និងមហារីកសុដនរបស់ម្តាយផងដែរ។

ទឹកដោះម្តាយមានអត្ថប្រយោជន៍ខ្លាំងណាស់ម្រាប់ទារក និងកុមារ។ ការរកឃើញរបស់សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហាររូបត្ថម្ភកម្ពុជាឱ្យដឹងថា ការអនុវត្តការបំបៅទឹកដោះម្តាយទៅកូនអាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកចំនួនជាង ៨២ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថា ការបំបៅដោះម្តាយទៅកូនភ្លាមៗក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% ។ ចំណែកកុមារដែលបានបៅទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល ៦ ខែដំបូងអាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន ១៥ដង បើធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។

បើទោះបីការបំបៅកូនដោយទឹកដោះម្តាយមានគុណប្រយោជន៍បែបនេះក្តី តែកម្ពុជា បានធ្លាក់ចុះអត្រាការបំបៅកូនដោយទឹកដោះម្តាយទៅវិញ។ របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០១៤ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយបានធ្លាក់ចុះវិញចំនួន៩% គឺពី ៧៤% មកត្រឹម ៦៥% ដោយសារនិន្នាការនៃការប្រើប្រាស់ម្ស៉ៅទឹកដោះគោកើនឡើង ។

អង្គការ Hellen Keller រកឃើញទៀតថា កម្ពុជាខាតបង់ជាង ៣២៦ លាន ៨ សែន ដុល្លារអាមេរិកក្នុងរយៈពេល ១ ឆ្នាំ ដោយសារតែ​ការមិន​បំបៅ​ដោះ​ម្តាយ។ ​​ក្នុងនោះ​ខាតបង់​តាមរយៈ​ការទិញ​ទឹកដោះ​ជាង​ ១០៧ លាន​ដុល្លារ  ខាតបង់លើបញ្ហាទារក និងកុមារ​ងាយ​ឈឺនាំឱ្យ​ពុក​ម្តាយ​ខាតវេលា និង លុយកាក់ ហើយ​ពេលខ្លះ​បណ្តាលឱ្យ​កុមារ​ស្លាប់បាត់​បង់ជីវិត​ក៏មាន ។ លើសពីនេះ​ទៅ ការមិន​បំបៅ​ដោះ​ម្តាយ​ដល់​កូន ធ្វើឱ្យ​កូន​អាច​ខ្វះ​អាហារូបត្ថម្ភ នាំឱ្យ​ថយចុះ​គុណភាព នៃ គំនិត​ប្រាជ្ញា​ស្មារតី។

អង្គការ Hellen Keller ក៏ពិនិត្យឃើញថា មានការថយចុះនៃការ​បំបៅ​ដោះ​ម្តាយ​ដល់​កូន ហើយ​កើន​ឡើ​ង​ការ​បំបៅ​​ទឹកដោះគោ​។ មូលហេតុ​ដោយសារ​ខ្វះ​យល់ដឹង​អំពី​គុណប្រយោជន៍នៃការ​បំបៅ​ដោះ​ម្តាយ  ការអនុវត្ត​អនុក្រឹត្យ​លេខ ១៣៣ នៅ​មាន​ក​ម្រិត។  ភាព​សុះសាយនៃការឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លក់​ផលិតផល​ទឹកដោះ​ម្តាយ បំផ្លើស​ហួសហេតុ​នាំឱ្យមាន​ការយ​ល់​ច្រឡំ​ដូចជា​ថា​ ផលិត​ទាំងនោះ​មានគុណ​ភាពល្អ ធ្វើឱ្យ​កុមារមាន​សុខភាព​ល្អ ប្រាជ្ញា​ឆ្លាត​វៃជាដើម ខណៈ​ម្តាយ​ខ្លះ​យល់ថា ការ​មិន​បំបៅ​ដោះ​របស់ខ្លួន​ទៅ​កូនជាភាពទាន់សម័យ​ ហើយម្តាយ​មួយ​ចំនួន​មិន​ចង់​បំបៅ​ដោះ​កូន​ព្រោះ​​ខ្លាច​ខូច​ទ្រង់​ទ្រាយ​ដោះ​​ជាដើម​៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជនក្នុងវគ្គផ្ដាច់ព្រ័ត្រស្ដីពីចំណូលថវិកាជាតិកាន់តែទទទួលបាននូវចំណេះដឹងពីប្រភពនៃចំណូលរបស់ជាតិ

ថ្ងៃទី១៨តុលានេះអង្គការតម្លាភាពកម្ពុជាហៅកាត់ថា[...]

បទសម្ភាស៖ អ្នកវិភាគថា ដំណោះស្រាយនយោបាយនៅកម្ពុជាគឺត្រូវមើលទៅលើរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយឯករាជ[...]

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត